លោកជំទាវ​តំណាងរាស្ត្រ​បើកប្រាក់​ឧបត្ថម្ភ​មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះបន្ទាន់​ជន​ចាស់ជរា​គ្មាន​ទីពឹង​ខេត្ត​ប៉ៃលិន ប្រចាំ​ខែសីហា​

ថ្ងៃពុធ 5 សីហា 2020, 15:24

ប៉ៃលិន​៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០២០ លោកជំទាវ​បណ្ឌិត បាន ស្រីមុំ តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន រួម​ដំណើរ​ដោយ​ឯកឧត្តម សៅ សារ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្ដម ហុក សុផល អភិបាលរង​ខេ​ត្ត្ត​ប៉ៃលិន  រួម​នឹង​ក្រុមការងារ​មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះបន្ទាន់​ជន​ចាស់ជរា​គ្មាន​ទីពឹង​ខេត្ត​ប៉ៃលិន  បាន​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​បើក​ថវិកា​មូលនិធិ​ប្រចាំ​ខែសីហា ឆ្នាំ​២០២០ ជូន​ដល់​លោកយាយ លោកតា ចាស់ជរា​ដែល​ទទួលបាន​មូលនិធិ​ចំនួន ៩១​នាក់ ក្នុង​ម្នាក់ៗ ១០០.០០០​រៀល​(​មួយ​សែន​រៀល​គត់​)​។​

​ដោយ​ពិធី​នេះ​រៀបចំ​នៅ​ការិយាល័យ​តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន សាលាឃុំ​អូរអណ្តូង និង​សាលាឃុំ​ស្ទឹងត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន និង​ចំពោះ​លោកយាយ លោកតា មាន​ជំងឺ​ធ្វើដំណើរ មិនបាន លោកជំទាវ និង​ក្រុមការងារ​បាន​យក​ថវិកា​ទៅ​បើក​ជូន​ដល់​គេហដ្ឋាន​ផងដែរ​។​

​ក្នុងឱកាស​នោះ​លោកជំទាវ  បាន​នាំ​បណ្តាំ​ផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ប៉ៃលិន ជូន​ដល់​លោកយាយ លោកតា​ចាស់ជរា​ទាំងអស់ ដោយ​ជានិច្ចកាល​ឯកឧត្តម តែងតែ​គិតគូ​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប គ្រប់​កាលៈទេសៈ និង​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ខេត្ត​ប៉ៃលិន​។

 

​ឆ្លៀត​ក្នុងឱកាស​នោះដែរ លោកជំទាវ បាន​បន្ត​អំពាវនាវ​ដល់​លោកយាយ លោកតា និង​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ចូលរួម​ប្រយុទ្ធប្រឆាំង បង្ការ ទប់ស្កាត់ ការពារ​ការឆ្លង​ជំងឺ​កូ​វីដ​១៩​។ ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​បង្ការ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍​ជាយថាហេតុ ដោយ​យើងទាំងអស់គ្នា​មិនបាន​ដឹងខ្លួន​ជាមុន និង​សូម​បន្ត​រស់នៅ​ដោយ​ប្រុងប្រយ័ត្ន​ខ្ពស់ ពី​សុខភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ​។

ការរស់នៅ​ត្រូវ​ស្អាត មាន​អនាម័យ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹកស្អាត ឬ​ទឹក​អាល់កុល ស្នាក់នៅ​ក្នុងផ្ទះ​បើ​គ្មាន​ការចាំបាច់​ចេញទៅ​ក្រៅ ហាម​មានការ​ប្រមូលផ្តុំ​គ្នា ពាក់​ម៉ាស់ ឬ​កន្សែង​ឲ្យ​បាន​ត្រឹមត្រូវ​នៅពេល​ចេញទៅ​ក្រៅ រក្សា​គំលាត​ពីគ្នា ២​ម៉ែត្រ នៅពេល​ជួប​សន្ទនា​គ្នា ចំពោះ​បងប្អូន​ប្រជា​ពលរ​ដ្ច​ចំណូលស្រុក សូម​ស្នាក់នៅ​ដាច់ដោយឡែក​ពី​សាច់ញាតិ​បងប្អូន​ក្រុមគ្រួសារ មិត្ត​ភ័ក្តិ រយ​:​ពេល​១៤​ថ្ងៃ​សិន បើ​មាន​ករណី​សង្ស័យ ដូចជា​ផ្តាស្សាយ ហៀ​សំបោរ មានកំ​ដៅ​លើសពី ៣៧.៥​អង្សា ក្អក​ស្ងួត ឈឺបំពង់ករ ពិបាក​ដកដង្ហើម សូម​ប្រ​ញ៉ាប់​ទៅកាន់​មណ្ឌល​សុខភាព ឬ​មន្ទីរពេទ្យបង្អែក​ដែល​នៅ​ជិត​ផ្ទះ​បំផុត ឬ​ទំ​នា​ក់ំ​នង​ទៅកាន់​លេខ​១១៥ ឬ​រាយការណ៍​ជូន​អាជ្ញាធរ​ភូមិ ឃុំ សង្កាត់ ដែល​នៅ​កៀក​ជាប់​ផ្ទាល់​ជាមួយ​បងប្អូន ដើម្បី​បញ្ជូន​បងប្អូន​ទៅកាន់​មន្ទីរពេទ្យ​ធ្វើការ​ពិ​ព្យាបាល​ជំងឺ​ជូន​។

 

​គួរ​បញ្ជាក់ថា មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះបន្ទាន់​ខេត្ត​ប៉ៃលិន បាន​រៀបចំឡើង​តាំងពី​ចុងឆ្នាំ​២០១១ និង​បាន​ដំណើរ​ការមកដល់​បច្ចុប្បន្ន ដោយ​ទទួលបាន​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ទាំងស្រុង​ពី​ឯកឧត្តម អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ចុះជួយ​ខេត្ត​ប៉ៃលិន និង​លោកជំទាវ​បណ្ឌិត តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​ប៉ៃលិន ដោយ​បើកប្រាក់​ឧបត្ថម្ភ​ជាប្រចាំ​ខែ នៅ​រៀងរាល់​ថ្ងៃទី​៥ នៃ​ខែ​នីមួយៗ ជូន​លោកយាយ លោកតា​ចាស់ជរា​គ្មាន​ទីពឹង​ក្នុង​ខេត្ត​ប៉ៃលិន ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ និង​សាសនា​ឡើយ​៕​ហៃ​ធំ​

លោកជំទាវ​តំណាងរាស្ត្រ​បើកប្រាក់​ឧបត្ថម្ភ​មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះបន្ទាន់​ជន​ចាស់ជរា​គ្មាន​ទីពឹង​ខេត្ត​ប៉ៃលិន ប្រចាំ​ខែសីហា​

PLB Banner on article detail