សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ដកហូត​ដី​​ឧកញ៉ា សង ថន ក្រោយ​រំលោភទន្ទ្រាន​​យកខុសច្បាប់ នៅស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង

ថ្ងៃច័ន្ទ 6 កក្កដា 2020, 10:47

​ក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​០៣ ខែកក្កដា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ករណី​ទំនាស់​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ខេត្តបាត់ដំបង ត្រូវ​ដកហូត​ត្រឡប់មកវិញ​នូវ​ដី ដែល​បុគ្គល​ឈ្មោះ សង ថន បាន​ទន្ទ្រាន​រំលោភ​យក ដោយ​ខុសច្បាប់ និង​ត្រូវប្រគល់​ឲ្យ​រដ្ឋបាល ខេត្តបាត់ដំបង គ្រប់គ្រង និង​រក្សាទុក​សម្រាប់ធ្វើ​ប្រទានកម្ម ជូន​ប្រជាពលរដ្ឋ ក្នុង​គោលដៅ​សម្បទាន​សង្គមកិច្ច​។​

 

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​បន្ថែមថា អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវធ្វើ​ការងារ​នេះ បន្តទៅទៀត​។ ដំណាក់កាល​នេះ ជា​ពេល ដែល​ត្រូវធ្វើ​ការវះកាត់​រាល់​ជនខិលខូច​ទាំងឡាយណា ដែល​ឃុបឃិត​គ្នាយ​កដីរ​ដ្ឋ និង​ដី​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើ​កលល្បិច​ផ្សេងៗ គឺ​ត្រូវ​ផ្តន្ទាទោស ហើយនឹង​ឈានដល់​ការដកហូត​មុខតំណែង និង​ត្រូវ​បណ្តេញ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា​តែម្តង​។ ចំពោះ​បណ្ណ​កម្មសិទ្ធិ​ដីធ្លី​ទាំងឡាយណា ដែល​ចេញពី​អំពើ​ទុច្ចរិត គឺត្រូវធ្វើ​មោឃភាព​ចោល​។​

 

​សូម​រម្លឹកថា ជម្លោះ​ដី​នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង បាន​កើតឡើង​ចាប់តាំងពី​ឆ្នាំ​២០១៥ រវាង​លោក​ឧកញ៉ា សង ថន និង​ប្រជាពលរដ្ឋ​ប្រមាណ ៤០០ គ្រួសារ​លើដី​ទំហំ​ជាង ៥០០០ ហិកតា នៅ​ឃុំ​ព្រះ​ផុស និង​ឃុំ​ឆ្នាល់មាន់​។​

 

​ករណី​ជម្លោះដីធ្លី​នោះ នាំ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ឃាត់ខ្លួន​លោក​ឧកញ៉ា សង ថន កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០​។ នៅ​ព្រលប់​ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២០ អង្គភាព​ប្រឆាំង​អំពើពុករលួយ ACU ក៏បាន​នាំខ្លួន​លោក ស៊ូ អា​រ៉ា​ហ្វា​ត់ អភិបាលរង ខេត្តបាត់ដំបង ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​រឿង​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង​។ លោក ស៊ូ អា​រ៉ា​ហ្វា​ត់ ធ្លាប់ជា​ប្រធាន​គណៈកម្មការ​ថ្នាក់​ខេត្ត ដោះស្រាយ​វិវាទ​ដីធ្លី នៅ​ស្រុក​គាស់ក្រឡ​។​

 

​កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២០ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​បានចេញ​អនុក្រឹត្យ បញ្ចប់​មុខតំណែង​លោក ម៉ៅ សុ​ចាន់ ពី​អភិបាលស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង ផងដែរ​៕​

សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ដកហូត​ដី​​ឧកញ៉ា សង ថន ក្រោយ​រំលោភទន្ទ្រាន​​យកខុសច្បាប់ នៅស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ដកហូត​ដី​​ឧកញ៉ា សង ថន ក្រោយ​រំលោភទន្ទ្រាន​​យកខុសច្បាប់ នៅស្រុក​គាស់ក្រឡ ខេត្តបាត់ដំបង

PLB Banner on article detail