ខឹង​គេ​ជេរប្រមាថ​ម្តាយ​ខ្លួន ទាញ​កាំបិត​ខ្វែវ​កាប់​ស្លាប់​នៅនឹងកន្លែង​

ថ្ងៃអង្គារ 3 ឧសភា 2022, 8:11

​ខេត្តបាត់ដំបង​÷ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​ប​វេ​ល​ឃាត់ខ្លួន​បន្ទាប់ពី​ទាញ​ខ្វែង​កាប់​ទៅលើ​ស្ត្រី​ចំណាស់​ម្នាក់​បណ្តាល​ឲ្យ​ស្លាប់​ព្រោះតែ​ខឹង​ពូកែ​ស្តីបន្ទោស​ឲ្យ​ម្តាយ​ខ្លួន​ញឹកញាប់​ពេក​។​

 

​សមត្ថកិច្ច​បាន​ប្រាប់ថា​÷​ហេតុការណ៍​គួរអោយ​រន្ធត់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ០៧​និង​៤០​នាទី ថ្ងៃទី​០១ ខែឧសភា ឆ្នាំ ២០២២ នៅត្រង់ចំណុច​ក្រុមទី​២៤ ភូមិ​យុត្តិធម៌ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ដែល​ជនសង្ស័យ​ឈ្មោះ សឿន សុខ​ណា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ រស់នៅ​ភូមិ​អូរឫស្សី ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ចំណែក​ជនរងគ្រោះ​ឈ្មោះ ឡា​ច គី ភេទ​ស្រី អាយុ ៥៣ ឆ្នាំ រស់នៅ​ផ្ទះ​ក្បែរ​គ្នា​ក្នុងភូមិ​យុត្តិធម៌ ឃុំ​បឹង​ប្រាំ ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។​

 

​ប្រភពពី​សមត្ថកិច្ច​ប​ន្ត​ថា​÷ យោងតាម​ចម្លើយសារភាព​របស់​ជ​ន​បង្ក​បញ្ជាក់ថា មូលហេតុ​ដែល​ខ្លួន​បង្ខំចិត្ត​ទាញ​កាំបិត​ខ្វែវ​កាប់​ទៅលើ​ជនរងគ្រោះ​ជាច្រើន​កាំបិត​ដោយសារ ស្ត្រី​ចំណាស់​ជា​ជនរងគ្រោះ​តែងតែ​មាក់ងាយ និង​ស្តីបន្ទោស​ឲ្យ​ម្តាយ​របស់ខ្លួន​ជា​បន្តបន្ទាប់ រហូតដល់​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​បន្ត​ស្តីបន្ទោស​ជាថ្មីទៀត​ទើប​អត់ទ្រាំ​មិនបាន​ខ្លួន​បាន​ទាញ​កាំបិត​ខ្វែវ​កាប់​ទៅលើ​ជនរងគ្រោះ​ផ្ទួនៗ​ត្រង់​កញ្ចឹងក ត្រង់​ស្មា​ខាងឆ្វេង និង​ម្រាមដៃ​ខាងស្តាំ​មួយ​កាំបិត​ទៀត​បណ្តាល​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​ខាងក្រោយ​ផ្ទះ​ជនរងគ្រោះ​តែម្តង​។​

 

​សមត្ថកិច្ច​បានបញ្ជាក់​ថា ករណី​ឃាតកម្ម​នេះដែរ រហូតមកដល់​ពេលនេះ​កម្លាំង​ជំនាញ​កំពុង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ជនសង្ស័យ រួមទាំង​វត្ថុតាង​ទៅកាន់​តុលាការ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

ខឹង​គេ​ជេរប្រមាថ​ម្តាយ​ខ្លួន ទាញ​កាំបិត​ខ្វែវ​កាប់​ស្លាប់​នៅនឹងកន្លែង​

PLB Banner on article detail