ADB ព្រម​ផ្តល់​ប្រាក់កម្ចី ១៥០​លាន​ដុល្លារ គាំទ្រ​ការស្តារ​សេដ្ឋកិច្ច​នៅ​ឥណ្ឌូណេស៊ី​

ថ្ងៃព្រហស្បតិ៍ 17 កុម្ភៈ 2022, 9:0

​ធនាគារ​អភិវឌ្ឍ​អាស៊ី (ADB) បានអនុម័ត​ប្រាក់កម្ចី​ចំនួន ១៥០​លាន​ដុល្លារ​អាម៉េរិក ដែលមាន​បំណង​ព​ន្លឿ​ន​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ពី​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ របស់​ប្រទេស​ឥណ្ឌូណេស៊ី​។​

 

​ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​បៃតង និង​នវានុវត្តន៍​របស់​ធនា​គារ ADB សម្រាប់​តំបន់​អាស៊ីអាគ្នេយ៍ និង​ជានា​យក​ប្រចាំ​ប្រទេស​ថៃ លោក Anouj Mehta បាន​និយាយថា មូលនិធិ​នេះ​នឹង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​គាំទ្រ​ដល់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង និង​អាច​ធានាបាន ដើម្បី​ជួយ​ដល់​ប្រទេស​នេះ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs) របស់​អង្គការសហប្រជាជាតិ​។​

 

​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​កម្មវិធី​ហិរញ្ញវត្ថុ​បៃតង​របស់​ប្រទេស​ឥណ្ឌូណេស៊ី (SIO-GFF) ដែលជា​កម្មវិធី​ដំបូង​គេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ត្រូវបាន​គេ​ព្យាករ​ថា នឹង​ផ្តល់​ហិរញ្ញប្បទាន​យ៉ាងហោចណាស់ ១០​គម្រោង ដោយមាន​យ៉ាងហោចណាស់ ៧០​ភាគរយ​នៃ​ហិរញ្ញប្បទាន​គាំទ្រ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​បៃតង ហើយ​ថវិកា​ដែល​នៅសល់​នឹង​គាំទ្រ​ដល់ SDGs ។ កម្មវិធី​នេះ​នឹង​រៀបចំ​គម្រោង​នានា​ក្នុងការ​ទាក់ទាញ​មូលនិធិ​ដើម្បី​បន្ថែម​ការចំណាយ​សាធារណៈ រួមទាំង​ពី​ប្រភព​ឯកជន ស្ថាប័ន និង​ពាណិជ្ជកម្ម​ផងដែរ​។​

 

​លោក​បាន​និយាយថា កម្មវិធី SIO-GFF មាន​គោលបំណង​ជំរុញឱ្យមាន​ការកើនឡើង​បាន​ដល់​ប្រាំបី​ដង​នៃ​មូលនិធិ​ដែល​បាន​បណ្តាក់​ទុក​ដើម្បី​គាំទ្រ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធន់​នឹង​អាកាសធាតុ និង​ជួយ​ដល់​ប្រទេស​ឥណ្ឌូណេស៊ី​ឱ្យ​រីកចម្រើន​ឆ្ពោះទៅរក SDGs ។​

 

​ប្រាក់កម្ចី​ដល់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​នេះ​នឹងត្រូវ​បានផ្តល់​ជា​ប្រាក់កម្ចី​ឡើងវិញ​ដល់​ក្រុមហ៊ុន PT Sarana Multi Infrastruktur ឬ​ក្រុមហ៊ុន PT SMI ដែលជា​ស្ថាប័នហិរញ្ញវត្ថុ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ដោយ​រដ្ឋ ដែល​នឹង​គ្រប់គ្រង​កម្មវិធី​នោះ​។​

 

​ធនាគារ ADB ក៏បាន​អនុម័ត​នូវ​ជំនួយ​បច្ចេកទេស ដើម្បី​ជួយ​ពង្រឹងសមត្ថភាព​របស់​ក្រុមហ៊ុន PT SMI ក្នុងការ​អនុវត្ត​កម្មវិធី​នោះ និង​ដើម្បី​ពង្រីក​សេវាកម្ម​របស់​ក្រុមហ៊ុន​សម្រាប់​គាំទ្រ​ដល់​អ្នក​ខ្ចី​ផ្សេងទៀត និង​ជំរុញ​ការផ្តល់​មូលនិធិ​ឯកជន​ទៀតផង​។​

 

​ជំនួយ​បច្ចេកទេស​នេះ​ត្រូវ​បានផ្តល់​មូលនិធិ​ចំនួន ១,២​លាន​ដុល្លារ​អាម៉េរិក​ពី​នាយកដ្ឋាន​កិច្ចការបរទេស និង​ពាណិជ្ជកម្ម​របស់​ប្រទេស​អូស្ត្រាលី ហើយ​ថវិកា​ដែល​នៅសល់​គឺ​បានមកពី​មូលនិធិ​ពិសេស​នៃ​ភាពជា​ដៃគូ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​លុច​សំបួរ​៕​

ADB ព្រម​ផ្តល់​ប្រាក់កម្ចី ១៥០​លាន​ដុល្លារ គាំទ្រ​ការស្តារ​សេដ្ឋកិច្ច​នៅ​ឥណ្ឌូណេស៊ី​

PLB Banner on article detail