កសិករ​ត្អូញត្អែរ​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល​

ថ្ងៃច័ន្ទ 29 វិច្ឆិកា 2021, 7:40

​បាត់ដំបង​! ប្រជាកសិករ​រស់នៅក្នុង​ខេត្តបាត់ដំបង បាន​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ឆ្នាំនេះ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល ខណៈដែល​ជី និង​ប្រេងសាំង​ឡើងថ្លៃ ប្រឈម​នឹងមិន​មាន​ប្រាក់ចំណេញ​។​

 

​ប្រជាកសិករ​រស់នៅក្នុង​ឃុំ​ខ្នាចរមាស ស្រុក​ប​វេ​ល នៃ​ខេត្តបាត់ដំបង នៅ​រសៀល​ថ្ងៃ​ចុង​សប្តាហ៍​នេះ បាន​ត្អូញត្អែរ​អោយដឹង​ដូចៗ​គ្នា​ថា តម្លៃ​ស្រូវ​ប្រភេទ​ផ្ការំដួល​ឆ្នាំនេះ​បាន​ធ្លាក់​ថ្លៃ​ជា​បន្តបន្ទាប់​រហូត​ជាង ១០​លេខ នៅ​រដូវ​ប្រមូល​ផល ធ្វើអោយ​ពួកគាត់​ប្រឈម​ការខាតបង់ និង​មិនមាន​ប្រាក់ចំណេញ ខណៈដែល​ជី និង​ប្រេងសាំង​ហក់​ឡើងថ្លៃ​កប់​ពពក​។​

 

​ប្រជាកសិករ​ដដែល​បាន​បញ្ជាក់ថា ស្រូវ​ប្រភេទ​ផ្ការំដួល​នៅ​រដូវ​ប្រមូល​ផល​ឆ្នាំនេះ ប្រភេទ​ស្រូវ​លេខ​១ លក់បាន​ក្នុងតម្លៃ​ត្រឹមតែ​០១​តោន ៧៨​ម៉ឺន និង​ចុះ​ទៅដល់ ៧៣​ម៉ឺន បើ​ធៀប​ទៅនឹង​រដូវ​ប្រមូល​ផល​ដូចគ្នា​ទៅនឹង​ឆ្នាំមុន គឺ​ចុះ​រហូត​ជាង ១០​លេខ ដែល​ទូទាត់​ថ្លៃ​ជី ថ្លៃ​ម៉ាស៊ីន​ច្រូត​និង​ថ្លៃ​ប្រេង​រួច សឹងតែ​មិន​ចង់​មាន​ប្រាក់ចំណេញ​។​

 

​ជាមួយគ្នានេះ​ពួកគាត់​សំណូមពរ​ទៅដល់​មន្ត្រី​ជំនាញ ជាពិសេស​ថ្នាក់ដឹកនាំ​អោយជួយ​រក​ទីផ្សារ​ជូន​ពួកគាត់​ធ្វើ​យ៉ាងម៉េច​អោយបាន​ក្នុងតម្លៃ​ចាប់ពី ៨០ ទៅ ៩០​ម៉ឺន​ឡើង​ទើប​សមរម្យ ដែល​ទូទាត់​រួច​និង​អាច​សល់​ប្រាក់ចំណេញ​ខ្លះ​។​

 

​ពាក់ព័ន្ធ​ការលើកឡើង​ខាងលើ​មន្ត្រី​ជំនាញ​ឃុំ​ខ្នាចរមាស ក៏បាន​សំណូមពរ​និង​ទទូច​សុំ​ឲ្យ​បងប្អូន​ប្រជាកសិករ​ទាំងអស់​ងាក​មក​លក់​ស្រូវ​ឲ្យ​សហគមន៍​ឲ្យ​បាន​ច្រើន ព្រោះ​លក់​ស្រូវ​ឲ្យ​សហគមន៍​គេ​ទទួល​ទិញ​ទូលាយ​មិន​កំណត់​ចំនួន ហើយ​មានតម្លៃ​ខ្ពស់​ស្ថិតស្ថេរ​មិន​ឡើង​ចុះ មិន​ទម្លាក់​ថ្លៃ​ដូច​ឈ្មួញ​ឡើយ ម្យ៉ាងទៀត​សហគមន៍​ជួយ​ទិញស្រូវ​ពី​កសិករ​ទោះជា​ស្រូវ​អន់​បន្តិច​ក៏​ជួយ​ទិញ​ក្នុងតម្លៃ​សមរម្យ​ដែរ​។​

 

​ចំណែក​លោក ឈឹម វ​ជ្ជ​រ៉ា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា​÷ ឆ្នាំនេះ​ស្រូវ​ដែល​កសិករ​បង្កបង្កើន​ផល​បាន​ចំនួន ៣៩៧ ៦២៨​ហិកតា នៃ​ផែនការ ៣៣០ ០០០​ហិកតា ក្នុងនោះ​ស្រូវស្រាល​កសិករ​ដាំ​ដុះ​បាន​ចំនួន ២២៤ ៣៩៣​ហិកតា​, ស្រូវកណ្តាល​ចំនួន ១១៦ ៤៨៣​ហិកតា និង​ស្រូវធ្ងន់​ចំនួន ៥២ ៧២២​ហិកតា ហើយ​ការប្រមូល​ផល​ស្រូវ​របស់​ប្រជាកសិករ​នៅ​ចំពោះមុខ​នេះ​គឺជា​ប្រភេទ​ស្រូវ​បង្កើន​រដូវ​។​

 

 ដែល​បច្ចុប្បន្ន​ក្រុម​ឈ្មួញ និង​ក្រុមហ៊ុន​នានា​ប្រមូល​ទិញស្រូវ​សម្រាប់​បម្រើការ​ផ្គត់ផ្គង់​ទៅ​ក្រៅប្រទេស ធៀប​នឹង​រយ​:​ពេល​ដូចគ្នា​តម្លៃ​ស្រូវ​ធ្លាក់ចុះ​បន្តិច​ដោយ​ហាងឆេង​ទីផ្សារ​។​

កសិករ​ត្អូញត្អែរ​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល​
កសិករ​ត្អូញត្អែរ​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល​
កសិករ​ត្អូញត្អែរ​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល​
កសិករ​ត្អូញត្អែរ​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល​
កសិករ​ត្អូញត្អែរ​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​រដូវ​ប្រមូល​ផល​

PLB Banner on article detail

អត្ថបទពេញនិយម