​បញ្ជូន​ជនជាតិ​ថៃ​ស្នាក់នៅ​ធ្វើ​ការងារ​ក្នុង​ទឹកដី​ខ្មែរ​ខុសច្បាប់​ចំនួន ៦៧​នាក់ ទៅ​ប្រទេស​ខ្លួន​វិញ​

ថ្ងៃពុធ 17 វិច្ឆិកា 2021, 9:2

​កាលពី​ថ្ងៃទី​១៥​ខែ វិច្ឆិកា ឆ្នាំ​២០២១ ជនជាតិ​ថៃ​ប្រុស ស្រី​ចំនួន ៦៧​នាក់ (​ស្រី​ចំនួន​២៤​នាក់​) ដែល​មក​ស្នាក់នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ខុសច្បាប់ ត្រូវបាន​សមត្ថកិច្ច​ខ្មែរ ត្រួតពិនិត្យ​រកឃើញ​ស្នាក់នៅ​ដោយ​ខុសច្បាប់ បាន​ចាប់​ប្រគល់ជូន​ភាគី​ថៃ​វិញ នៅ​ស្ពាន​មិត្តភាព​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ។​

 

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា ដោយយោង​លិខិត​ស្ថានទូត​ថៃ​លេខ​: ០៨០០១/២៨៧៩ ចុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២១, យោង​លិខិត​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លេខ​: ០៨០០១/២៨៧៩ ចុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២១, យោង​លិខិត​អគ្គនាយកដ្ឋាន​កណ្ដាល​ស​ន្តិ​សុខ​លេខ​: ០៨០០១/២៨៧៩ ចុះ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ ២០២១ ។​

 

​នៅ​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២១ កម្លាំង​នគរបាល​ជំនាញ​ផែនការ​ងារ​អន្តោប្រវេសន៍ និង​កម្លាំង​ជំនាញ​ផែន​ការងារ​សន្តិសុខ​ផ្ទៃក្នុង នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ និង​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក ដឹកនាំ​រួម​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍ ឯក សម វណ្ណ​វីរៈ ប្រធាន​នាយកដ្ឋាន​សន្តិសុខ​ផ្ទៃក្នុង បាន​ចុះ​ត្រួតពិនិត្យ​បញ្ជូន​ជនជាតិ​ថៃ​ដែល​លួច​ឆ្លងដែន​មក​ធ្វើការ​នៅក្នុង​ក្រុង​ប៉ោយប៉ែត ដោយ​ខុសច្បាប់​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​បញ្ជាក់ថា ក្នុង​ការចុះ​ត្រួតពិនិត្យ​យើង​រកឃើញ​ជនជាតិ​ថៃ ស្នាក់នៅ​ផ្ទះសំណាក់ នៅ ភូមិ​សាមគ្គី​មានជ័យ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ០៤​នាក់​, អាគារ ១៤០​បន្ទប់ ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ៥៦​នាក់​, កាស៊ីណូ​ប៉ូ​លី ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ០១​នាក់​, ចំណុច​អាគារ​ថ្មី សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំនួន ០១​នាក់​, ម្តុំ​ផ្ទះល្វែង ក្បែរ​បុរី សាន ហូរ ៥​នាក់ និង​មកពី​ភ្នំពេញ ០១​នាក់ ពិការ​ជើង សរុប​ចំនួន ៦៧​នាក់ ស្រី ២៤​នាក់ ។​

 

​ចំពោះ​ជនជាតិ​ថៃ​ទាំង​៦៧​នាក់ ស្រី​២៤​នាក់ បានធ្វើការ​ប្រគល់ជូន​ភាគី​ថៃ​វិញ នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕

​បញ្ជូន​ជនជាតិ​ថៃ​ស្នាក់នៅ​ធ្វើ​ការងារ​ក្នុង​ទឹកដី​ខ្មែរ​ខុសច្បាប់​ចំនួន ៦៧​នាក់ ទៅ​ប្រទេស​ខ្លួន​វិញ​
​បញ្ជូន​ជនជាតិ​ថៃ​ស្នាក់នៅ​ធ្វើ​ការងារ​ក្នុង​ទឹកដី​ខ្មែរ​ខុសច្បាប់​ចំនួន ៦៧​នាក់ ទៅ​ប្រទេស​ខ្លួន​វិញ​

PLB Banner on article detail