រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវ​ក្រោម​ដី​ចោមចៅ ថ្មី​១​ខ្សែ ទៀត

ថ្ងៃច័ន្ទ 8 វិច្ឆិកា 2021, 9:15

​រាជធានី​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានសម្រេច​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវ​ក្រោម​ដី​ថ្មី​បន្ថែម​១​ខ្សែ​ទៀត ជា​បណ្តោះអាសន្ន ពី​មហាវិថី​ចោមចៅ​ទៅ​ផ្លូវជាតិ​លេខ​៤​។​

 

​ការបើក​ឲ្យ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ការកកស្ទះ​ចរាចរ​ក្នុងពេល​ដំណើរការ​អ៊ុត​កៅស៊ូ​ផ្លូវ​ត​ភ្ជាប់​ពី​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី​ទៅ​ផ្លូវជាតិ​លេខ​៤ និង​ផ្លូវ​ត​ភ្ជាប់​ពី​មហាវិថី​ចោមចៅ ទៅ​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​បានធ្វើការ​ពង្វាង​ចរាចរ​រយៈពេល​១៤​ថ្ងៃ​ដោយ​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវ​ក្រោម​ដី​ថ្មី ជា​បណ្តោះអាសន្ន ពី​មហាវិថី​ចោមចៅ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៤ នៅ​ថ្ងៃទី​០៦ ខែវិច្ឆិកា ២០២១ នេះ​។​

 

​តាម​ការបញ្ជាក់​ឱ្យដឹងពី លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ​ក្រុង​នៅ​ថ្ងៃ​០៦  វិច្ឆិកា​នេះ ថា យើង​បើក​ឱ្យ​ចរាចរ​ផ្លូវ​ក្រោម​ដី​១​ខ្សែ​បន្ថែម​ដើម្បី​កុំឱ្យ​កកស្ទះ​ចរាចរ​នៃ​ដំណើការ ការងារ​ការដ្ឋាន យើង​កំពុង​ស៊ុត​កៅស៊ូ​ពី​មហាវិថី​សហ​ព​ន្ធ័​រុស្ស៊ី​មក​ផ្លូវជាតិ​លេខ​៤​ផង​។ និង​ម្យ៉ាងទៀត ដើម្បីឱ្យ​ការងារ​ការដ្ឋាន​ទាំង​ការ​ស៊ុត ទាំង​សំណង់​និង​ទាំង​ធ្វើ​ឃឿន  គំនូសចរាចរ បាន​លឿន​ផងដែរ​។​

 

​លោក​បន្ដថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ សម្រេចការ​សាងសង់ បាន​ជាង ៨៥​ភាគរយ​ផ្លូវ​ចរាចរ​៣​ខ្សែ​ក៏បាន​បើក​ឱ្យប្រើ​ប្រាស់​បណ្តោះអាសន្ន​ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ​។​

 

​ស្ពាន​អាកាស​និង​ផ្លូវ​ក្រោម​ដី​ក្នុង គម្រោង ស្ពាន​អាកាស ចោមចៅ​ទាំង ៣ ខ្សែ ដែល បើក ឲ្យ ប្រើប្រាស់​បណ្តោះអាសន្ន​មាន​៖ ផ្លូវ​ក្រោម​ដី​ភ្ជាប់​ចរាចរ​ពី​ផ្លូវជាតិ​លេខ​៤​មក​ផ្លូវ​សហព័ន្ធរុស្ស៊ី​។ កំណាត់​ផ្លូវ​នេះ​សម្រួល​លំហូរ​ចរាចរ​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤​មក​មហាវិថី​សហព័ន្ធរុស្ស៊ី មាន​ប្រវែង​សរុប​៤៧០​ម៉ែត្រ​ទទឹង​៨,៥​ម៉ែត្រ​ជា​ផ្លូវ​ឯកទិស​មាន​ពីរ​គន្លង​រថយន្ត និង​មួយ​គន្លង​ទោច ក្រ​យានយន្ត​យើង​ក៏បាន​សម្រេច​បើក​ឱ្យប្រើ​ប្រាស់​បណ្តោះ​អាសន្នកាល​ពីថ្ងៃ​ទី​២៦​ខែតុលា ឆ្នាំ​២០២០​នោះ​ផងដែរ​។​

 

​លោក​បន្ដថា កាលពី​ថ្ងៃ​២២​ខែធ្នូ​ឆ្នាំ​២០២០​កន្លងមកនេះ​ផ្លូវ​២​ខ្សែ​ទៀត​ក៏បាន​បើក​ឱ្យប្រើ​ប្រាស់​បន្ថែម​ក្នុង​នោ​៖ ខ្សែ​ទីមួយ​ជា​ផ្លូវ​ក្រោម​ដី​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៤​ឆ្ពោះទៅ​មហាវិថី​ចោមចៅ​ជា​ផ្លូវ ឯកទិស​មាន​ប្រវែង​៤៥៨​ម៉ែត្រ ទទឹង​៨.៥​ម៉ែត្រ​។​ខ្សែ​ទី​ពីរ​-​ជា​ផ្លូវ​ឯកទិស​ភ្ជាប់​ចរាចរណ៍ ពី​ផ្លូវជាតិ​លេខ​៤​បត់​ស្តាំ​ឆ្ពោះទៅ​ផ្លូវជាតិ​លេខ​៣​មាន​ប្រវែង​១១៦​ម៉ែត្រ​ទទឹង​៥.៥​ម៉ែត្រ​។​

 

​សូមបញ្ជាក់ថា ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា  តាមរយៈ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​ទទួល​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា (OCIC)​ដោយ​ប្រើប្រាស់​រយៈពេល​នៃ​ការសាងសង់​៣០​ខែ​ដោយ​ប្រើ​ថវិកា​ប្រមាណ​២២​លាន​ដុល្លា​អាម៉េរិក​គ្រោង​រួចរាល់​ក្នុង​ឆ្នាំ​២០២១​នេះ​៕​ដោយ​៖ សួស សំរិត​

រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវ​ក្រោម​ដី​ចោមចៅ ថ្មី​១​ខ្សែ ទៀត
រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវ​ក្រោម​ដី​ចោមចៅ ថ្មី​១​ខ្សែ ទៀត
រដ្ឋបាល​រាជធានី​ភ្នំពេញ សម្រេច​បើក​ឱ្យប្រើ​ប្រាស់​ផ្លូវ​ក្រោម​ដី​ចោមចៅ ថ្មី​១​ខ្សែ ទៀត

PLB Banner on article detail

អត្ថបទពេញនិយម