ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្លូវ និង ហូរចូលផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង តែស្រកទៅវិញមិនប៉ះពាល់ដល់ផលដំណាំ និងសត្វចិញ្ចឹម

ថ្ងៃពុធ 13 តុលា 2021, 14:25

(ខេត្តប៉ៃលិន) ៖ សេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចនគរបាលស្រុកសាលាក្រៅ បានឱ្យភ្នាក់ងារយើងដឹងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១នេះថា ក្រោយពីភ្លៀងធ្លាក់ជាប់ៗគ្នារាល់ ថ្ងៃនៅផ្នែកខាងលើ បណ្តាលឱ្យទឹកស្ទឹងបរយ៉ាខា និងទឹកអូរក្នុងក្រុងប៉ៃលិន បានហូរធ្លាក់ទៅផ្នែកខាងក្រោម ទើបកាលពីវេលាម៉ោង០២ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១  មានករណីជំនន់ទឹកភ្លៀងកើតឡើង បណ្តាលឲ្យលិចផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលនៅតំបន់ទំនាប និងហៀរលិចផ្លូវក្រាលក្រួសក្រហម១ខ្សែ នៅក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានបានឱ្យដឹងទៀតថា ករណីជំនន់ទឹកភ្លៀងនេះ មិនហក់ស្ទុះឡើងខ្លាំងនោះទេ ព្រោះមានការរាំងភ្លៀងទៅវិញ ដោយទឹកជំនន់មិនស្ទុះហក់ខ្លាំងនោះឡើយ លុះរហូតដល់ពេលព្រឹកថ្ងៃ ដដែល ទឹកជំនន់នេះ ក៏ចាប់ផ្តើមស្រកទៅវិញជាបណ្តើរៗ អាចឱ្យប្រជាបលរដ្ឋធ្វើដំណើរបើកបរម៉ូតូ និង រថយន្តឆ្លងទៅកាត់ទៅមកតាមធម្មតា ។ 

 ប្រភពដដែលបានបញ្ជាក់ទៀតថា តំបន់លិចទឹកដោយជំនន់ទឹកភ្លៀងខាងលើជាកន្លែងទំនាប ព្រោះស្ទើររៀងរាល់ឆ្នាំ ឱ្យតែមានករណីភ្លៀងធ្លាក់ជោកជាំនៅផ្នែកខាងលើនៃក្រុងប៉ៃលិន ឬភ្លៀងធ្លាក់ច្រើននៅត្រង់កន្លែងភូមិឃុំទាំងនេះ តែងតែធ្វើឱ្យក្លាយទៅជាជំនន់លិចលង់ផ្ទះសម្បែងផលដំណាំ របស់ប្រជាពលរដ្ឋ តែក៏ឆាប់ស្រកទៅវិញ បើសិនជាមេឃមិនបន្តធ្លាក់ភ្លៀង 
សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានហូរចូលទៅក្នុង ភូមិផ្ទះស្បូវលិចក្រោមផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង ។ ទឹកជំនន់ លិចផ្លូវលំក្នុងភូមិផ្ទះស្បូវចំនួន០១កន្លែងហូរឆ្លងកាត់ផ្លូវ ប្រវែង១០០ម៉ែត្រ ។ លិចផ្លូវចូលទៅក្នុងវត្តភូមិផ្ទះស្បូវចំនួន០១កន្លែង ប្រវែង៥០ម៉ែត្រ និងលិចផ្លូវចូលវត្តបាយសីចំនួន០១កន្លែង ប្រវែង៨០ម៉ែត្រ ។ 

ទោះបីជាយ៉ាងណា ជំនន់ទឹកភ្លៀងខាងលើ មិនបង្កផលប៉ះពាល់ដល់ដំណាំដាំដុះរបស់ប្រជា ពលរដ្ឋ ឬសត្វចិញ្ចឹមនោះឡើយ ខណ:ទឹកនេះជន់ក្នុងរយ:ពេលខ្លីប៉ុណ្ណោះ ហើយអាជ្ញាធរមូលដ្ឋាន ក៏ត្រៀមខ្លួនជាស្រេច ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋនៅក្នុងភូមិទាំងអស់ បើសិនជាមានករណីជំនន់ទឹកភ្លៀងឡើងខ្លាំង ៕សុខហៃ

ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្លូវ និង ហូរចូលផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង តែស្រកទៅវិញមិនប៉ះពាល់ដល់ផលដំណាំ និងសត្វចិញ្ចឹម
ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្លូវ និង ហូរចូលផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង តែស្រកទៅវិញមិនប៉ះពាល់ដល់ផលដំណាំ និងសត្វចិញ្ចឹម
ជំនន់ទឹកភ្លៀងបណ្តាលឱ្យលិចផ្លូវ និង ហូរចូលផ្ទះប្រជាពលរដ្ឋចំនួន១០ខ្នង តែស្រកទៅវិញមិនប៉ះពាល់ដល់ផលដំណាំ និងសត្វចិញ្ចឹម

PLB Banner on article detail