រាជរដ្ឋាភិបាល​អំពាវនាវ​ឱ្យមាន​ការចូលរួម​កិច្ចការពារ និង​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​

ថ្ងៃព្រហស្បតិ៍ 12 សីហា 2021, 10:36

​រាជរដ្ឋាភិបាល បាន​អំពាវនាវ​ឱ្យមាន​ការចូលរួម​កិច្ចការពារ និង​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា បន្ទាប់ពី​ទិន្នន័យ​ពី​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ដែល​ត្រូវ​បានដាក់​នៅក្នុង​តំបន់ការពារធម្មជាតិ​នានា បាន​រកឃើញថា ដំរី​អាស៊ី​បានរស់នៅ​ជា​ហ្វូង​នៅក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ហើយ​មាន​ឃើញ​កូនតូចៗ​ជាច្រើន​ថែមទៀត​។​

 

​ថ្លែង​ក្នុងឱកាស​ចូលរួម​ប្រា​ព្ធ​ទិវា​សត្វ​ដំរី​ពិភពលោក ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ​៖ «​យើង​រួមគ្នា​ការពារ​និង​អភិរក្ស​ដំរី​ឱ្យបាន​គង់វង្ស​»​នៅ​ថ្ងៃទី​១២ ខែសីហា​នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជាម​ន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន លើកឡើងថា សត្វ​ដំរី​អាស៊ី​កំពុង​រង​ការគំរាមកំហែង​ធ្ងន់ធ្ងរ​នៅ​ទូទាំង​ដែន​ជម្រក​របស់​វា ទាំង​ក្នុង​សកលលោក និង​នៅ​កម្ពុជា ដោយសារតែ​នៅ​មានការ​បរបាញ់ ការដាក់​អន្ទាក់ ជម្លោះ​រវាង​មនុស្ស​និង​សត្វ​ដំរី និង​ការចាប់​ផ្សាំ​យកមក​ចិញ្ចឹម​ក្នុងស្រុក ដែល​ទាំងអស់នេះ​ចាំបាច់​ត្រូវ​រួមគ្នា​ចូលរួម​ការពារ និង​អភិរក្ស​សត្វ​ដំរី​ឱ្យបាន​គង់វង្ស​។​

 

​ឯកឧត្តម បាន​បញ្ជាក់ថា បើទោះបីជា​ស្ថានភាព​នៃ​ការអភិរក្ស​តំបន់ការពារធម្មជាតិ មាន​ភាពល្អ ប្រសើរ​ក្នុង​ការផ្តល់​ទីជម្រក ប្រភពទឹក និង​ចំណី​សម្រាប់​សត្វ​ដំរី​រស់នៅ ប៉ុន្តែ​កត្តា​គំរាមកំហែង​មួយចំនួន​នៅតែមាន ជាពិសេស​ការ​រុករាន​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​រដ្ឋ​ខុសច្បាប់​របស់​ក្រុម​ជនខិលខូច ដែល​បាន​ប៉ះពាល់​ដល់ទី​ជម្រក​រប​ស់​សត្វ​ដំរី និង​កន្លែង​ដែល​ដំរី​ធ្លាប់​រស់នៅ និង​រក ចំណី និង​ប្រភពទឹក​។ ម្យ៉ាងទៀត គេ​ក៏បាន​រកឃើញថា កូនដំរី​ព្រៃ​កំពុង​ទទួលរង​ការគំរាមកំហែង​ដោយសារតែ​ការដាក់​អន្ទាក់ និង​ការចាប់​មក​ចិញ្ចឹម ខណៈ​ការរេចរឹល​នៃ​ទីជម្រក បានធ្វើឱ្យ​ដំរី​អាស៊ី​រស់នៅ​បែកខ្ញែក​ពីគ្នា និង​បង្ក​ជា​ឥទ្ធិពល​អវិជ្ជមាន​ដល់​ស្ថិរភាព​យូរអង្វែង​របស់​ប្រភេទ​សត្វ​ដ៏​សំខាន់​នេះ​។​

 

​យោងតាម​របាយការណ៍​របស់​ក្រសួងបរិស្ថាន បង្ហាញថា ដំរី​អាស៊ី​នៅ​កម្ពុ​ជាមាន​ចំនួន​ចន្លោះ​ពី​៤០០​ទៅ​៦០០​ក្បាល ដែល​ភាគ ច្រើន​រស់នៅក្នុង​តំបន់​ជួរ​ភ្នំក្រវាញ តំបន់​ខ្ពង់រាប​ខាងជើង​ទន្លេសាប និង​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត ក្នុង​ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ដែលជា​តំបន់​ជីវៈចម្រុះ​សម្បូរបែប​ប្រព័ន្ធ​អេកូ​ទ្បូ​ស៊ី និង​មាន​ទី​ជម្រាល​អំណោយផល​ដល់​ការរស់នៅ​របស់​សត្វ​ដំរី និង​សត្វព្រៃ​ផ្សេងៗ​ទៀត​។ ចំណែក​ដំរី​ស្រុក​ត្រូវបាន​ប៉ាន់​ស្មានថា មាន​ប្រមាណ​ជាង​៧០​ក្បាល​។​

 

​សូមបញ្ជាក់ថា សត្វ​ដំរី​អាស៊ី ត្រូវបាន​ចាត់បញ្ចូល​ជា​ប្រភេទ​ជិត​ផុត​ពូជ នៅក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្ដរជាតិដើម្បី​ការអភិរក្ស​ធម្មជាតិ ហៅ​កាត់ IUCN ដែល​ត្រូវឱ្យ​មានការ​បញ្ឈប់​សក​ម្ម​ភាព​ទាំងឡាយ មាន​លក្ខណៈ​គំរាមកំហែង​ដល់​ប្រភេទ​សត្វ​មួយ​នេះ​។​

 

​ក្រសួងបរិស្ថាន ជាមួយ​អង្គការ​ដៃគូ បាន​ខិតខំ​រៀបចំ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី ដោយនៅ​ឆ្នាំ​២០០៥​ក្រុម​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​(CECG) ត្រូវបាន​បង្កើតឡើង ដើម្បី​អភិរក្ស​ដំរី​អាស៊ី​នៅ​កម្ពុជា តាមរយៈ​ការរក្សា​ស្ថិរភាព​និង​ជំរុញឱ្យមាន​កំណើន​ចំនួន​ប្រភេទ​សត្វ​ដំរី នៅក្នុង​ព្រៃ​នៃ​ប្រទេស​កម្ពុជា ហើយ​ផែនការ​សកម្មភាព​ដើម្បី​អភិរក្ស​សត្វ​ដំរី​អាស៊ី​ឱ្យនៅ​គង់វង្ស​ត្រូវបាន រៀបចំឡើង​សម្រាប់​រយៈពេល​១០​ឆ្នាំ គឺ​ចាប់ពី​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០២៩ ដោយបាន​កំណត់​នូវ​បញ្ហា​អាទិភាព​ចំនួន​៦ ក្នុងនោះ​រួមមាន​៖ ការកាត់បន្ថយ​ការបាត់បង់​ទីជម្រក​, អភិរក្ស​និង​ត​ភ្ជាប់​ច្រករបៀង និង​ហ្វូង​ដំរីព្រៃ​ឡើងវិញ​, ពង្រឹង​ការអនុវត្តន៍​ច្បាប់​, បង្ការ​មិនឱ្យ​មានការ​ចាប់​ដំរីព្រៃ​មក​ចិញ្ចឹម​, បន្ធូរបន្ថយ​ជម្លោះ​រវាង​សត្វ​ដំរីព្រៃ​និង​មនុស្ស​, និង​ការអប់រំ​ផ្សព្វផ្សាយ និង​ដាក់ចេញ​សកម្មភាព​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ទាំងនោះ​។​

 

​យោងតាម​ការប៉ាន់ស្មាន​ផែនការ​សកម្មភាព​រយៈ​ពេល​១០​ឆ្នាំ ដើម្បី​អភិរក្ស​សត្វ​ដំរីព្រៃ​អាស៊ី នេះ​ត្រូវការ​ថវិកា​ចំនួន​៤០,៥​លាន​ដុល្លារ​អាមេរិក ដែលជា​គម្រោង​ថវិកា​រំពឹងថា​នឹង​បានមកពី​ប្រភព​រួមបញ្ចូល​គ្នា​ទាំង​កញ្ចប់​ថវិកា​រាជរដ្ឋាភិបាល អង្គការ​មិនមែន​រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍន៍​នានា​៕​

រាជរដ្ឋាភិបាល​អំពាវនាវ​ឱ្យមាន​ការចូលរួម​កិច្ចការពារ និង​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​
រាជរដ្ឋាភិបាល​អំពាវនាវ​ឱ្យមាន​ការចូលរួម​កិច្ចការពារ និង​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​
រាជរដ្ឋាភិបាល​អំពាវនាវ​ឱ្យមាន​ការចូលរួម​កិច្ចការពារ និង​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​
រាជរដ្ឋាភិបាល​អំពាវនាវ​ឱ្យមាន​ការចូលរួម​កិច្ចការពារ និង​អភិរក្ស​ដំរីព្រៃ​នៅ​កម្ពុជា​

PLB Banner on article detail

អត្ថបទពេញនិយម