ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​សង្ឃឹមថា​សេដ្ឋកិច្ចកម្ពុជា​នឹង​វិល​ដូច​មុនពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុងពេល​ឆាប់ៗ​នេះ​

ថ្ងៃពុធ 31 មីនា 2021, 10:43

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ទទួលបាន​ជួប​សវនាកា​ជាមួយ លោកជំទាវ ម៉ា​រៀ អា​មី​លី​តា អាគី​ណូ ( Maria Amelita C. Aquino ) ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ហ្វីលីពីន​ប្រចាំ​នៅ​កម្ពុជា នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ នេះ​។​

 

​លោកជំទាវ ម៉ា​រៀ អា​មី​លី​តា អាគី​ណូ បាន​សម្តែង​ក្តី​សង្ឃឹមថា សេដ្ឋកិច្ចកម្ពុជា​ដែល​ធ្លាប់​តែមាន​កំណើន​ល្អ​នៅមុន​ពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ នោះ នឹង​វិល​ទៅរក​សភាព​ដូចដើម​វិញ​ក្នុងពេល​ឆាប់ៗ​នេះ នៅពេល​ពលរដ្ឋ​ទទួលបាន​វ៉ាក់សាំង​ក្នុង​ចំនួន​ច្រើន​។ លោកជំទាវ​បាន​វាយតម្លៃ​ខ្ពស់ ចំពោះ វិធានការ​ដ៏​មាន​ប្រសិទ្ធភាព​និង​ទាន់ពេលវេលា​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​ទប់ស្កាត់​និង​ការពារ​ជំងឺ​កូ​វីដ​-១៩ ។​

 

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​មានប្រសាសន៍​បញ្ជាក់ថា បេសកកម្ម​ការទូត​ថ្មី​របស់​លោកជំទាវ Maria Amelita C. Aquino នៅ​កម្ពុជា ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ក្នុង​ការបន្ត​រួមចំណែក​លើកកម្ពស់​ទំនាក់​ទំនង ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​កម្ពុជា​និង​ហ្វីលីពីន ដែលមាន​ស្រាប់​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​មួយកម្រិត​ទៀត​។

 

​ក្នុងនាម​រដ្ឋសភា​កម្ពុ​ជា សម្តេច​ប្រធាន​បាន​សម្តែង​នូវ​ការពេញចិត្ត​ពី​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​នានា​នៅក្នុង​នោះ​ការចុះ​កិច្ចព្រមព្រៀង​និង​អនុស្សរណៈ ជាមួយគ្នា​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​អាទិភាព​ជាច្រើន រួមមាន​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ផងដែរ​។​

 

​សម្តេច​ប្រធានរដ្ឋសភា បាន​មានប្រសាសន៍​បន្ថែមថា រដ្ឋសភា​កម្ពុជា​និង​ហ្វីលីពីន មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​យ៉ាងច្រើន ជាពិសេស​លើ​វិស័យ​ការទូត​សភា​នៅក្នុង​វេទិកា​អន្តរ​សភា​តំបន់ និង​សកលលោក ជាអាទិ៍ កិច្ចសហប្រតិបត្តិការ​នៅក្នុង​ក្របខណ្ឌ​អន្តរ​សភា​អាស៊ាន  (AIPA) ដែល​សភា​ហ្វីលីពីន ជា​សហ​ស្ថាបនិក​មួយ​ដ៏​សំខាន់​ផង​នោះ​។​

 

​សភា​ប្រទេស​ទាំងពីរ​ក៏បាន​បង្កើត​ក្រុម​មិត្តភាព​រដ្ឋសភា កម្ពុជា​-​ហ្វីលីពីន ដើម្បី​បង្ក​បរិយាកាស​អោយ​សមាជិក​រដ្ឋសភា នៃ​ប្រទេស​ទាំងពីរ បានធ្វើការ​ផ្លាស់ប្តូ​រប​ទ​ពិសោធន៍​ការងារ​នីតិកម្ម​ជាមួយគ្នា ជាពិសេស ធ្វើយ៉ាងណា​អោយ​វិស័យ​ការទូត​សភា​ប្រទេស​ទាំងពីរ កាន់​តែមាន​លក្ខណៈ​ស៊ីជម្រៅ​ថែមទៀត ដើរ​ទន្ទឹមគ្នា​និង​ការវិវឌ្ឍ​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំងពីរ​។​

 

​ជា​ចុងបញ្ចប់ លោកជំទាវ​ឯកអគ្គរដ្ឋទូត​ប្រទេស​ហ្វីលីពីន បាន​ថ្លៃ​ង​អំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​យកចិត្តទុកដាក់ ថែរក្សា​ប្រជាពលរដ្ឋ​ហ្វីលីពីន ដែល​កំពុងស្នាក់នៅ និង​បំពេញការងារ​នៅ​កម្ពុជា នៅក្នុង​នោះបាន​ផ្តល់​វ៉ាក់សាំង​កូ​វីដ​-១៩ ដល់​ប្រជាពលរដ្ឋ​ហ្វីលីពីន​ផងដែរ​។ ប្រទេស​ហ្វី​ពី​ន​មាន​គម្រោង​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស និស្សិត និង​មន្ត្រីរាជការ​កម្ពុជា​លើ​ផ្នែក​បច្ចេកវិទ្យា​ផងដែរ​៕​

ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​សង្ឃឹមថា​សេដ្ឋកិច្ចកម្ពុជា​នឹង​វិល​ដូច​មុនពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុងពេល​ឆាប់ៗ​នេះ​
ឯកអគ្គរដ្ឋទូត​ហ្វីលីពីន​សង្ឃឹមថា​សេដ្ឋកិច្ចកម្ពុជា​នឹង​វិល​ដូច​មុនពេល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩ ក្នុងពេល​ឆាប់ៗ​នេះ​

PLB Banner on article detail

អត្ថបទពេញនិយម