ប្រធានរដ្ឋសភា​កម្ពុជា​អំពាវនាវ​ឱ្យ​ជនរួមជាតិ​ចូលរួម​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ដោយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត​

ថ្ងៃអង្គារ 30 មីនា 2021, 9:46

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ទៅកាន់​ពលរដ្ឋ​ដែលជា​ជនរួមជាតិ​ឱ្យ​បង្កើន​ការចូលរួម​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ដោយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត ខណៈ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​កាន់តែ​រីក​រាលដាល​ធំ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ និង​បណ្តាលឱ្យមាន​មនុស្ស​ស្លាប់​ជា​បន្តបន្ទាប់​។​

 

​ថ្លែង​ក្នុងឱកាស​អញ្ជើញ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង ជា​លើក​ទី​២ ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​-១៩ នៅ​ថ្ងៃទី​៣០ ខែមីនា​នេះ សម្តេច​ពញា​ចក្រី ហេង សំរិន បានបង្ហាញ​ការ​ជឿជាក់ថា វ៉ាក់សាំង​រួម​នឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន គឺជា​មធ្យោបាយ​ដ៏​សំខាន់ ដែល​អាច​នាំឱ្យ​សង្គមជាតិ​វិល​ទៅរក​សភាព​ជាធម្មតា​ដូច​មុន​វិញ​បាន​។ ប៉ុន្តែ​ក៏ត្រូវ​ការ ការចូលរួម​ពី​ពលរដ្ឋ​ក្នុងការ​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន​នូវ​រាល់​វិធាន​ការដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ ជាមួយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត​ចំពោះ​សុខុមាលភាព​សង្គមជាតិ​របស់​កម្ពុជា​។​

 

​សម្តេច​ពញា​ចក្រី មានប្រសាសន៍ថា​នៅក្នុង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​-១៩​នេះ រាជរដ្ឋាភិបាល​បានចេញ​នូវ​វិធានការ​បន្តបន្ទាប់ ទាំង​យន្តការ​សម្រាប់​ស្តា​រការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ចជាតិ ជីវភាព​រស់នៅ​របស់​ប្រជាជន​ពលរដ្ឋ និង​សុខភាព​សាធារណៈ​។ នៅក្នុង​ការទប់ស្កាត់ កុំឱ្យ​ជំងឺ​កូ​វីដ​-១៩ បន្ត​រាតត្បាត​សុខុមាលភាព​សង្គមជាតិ​ទៅមុខទៀត រាជរដ្ឋាភិបាល ក៏បាន​កំពុង​កៀរគរ​គ្រប់​មធ្យោបាយ​ដើម្បី​ទទួលបាន​វ៉ាក់សាំង​មកចាក់​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទាំង​ការទទួល​ជំនួយ​ពី​ប្រទេស​ជា​មិត្ត ស្ថាប័ន​ដៃគូ​អន្តរជាតិ និង​ការបញ្ជាទិញ​។​

 

​ក្នុងនាម​ស្ថាប័ន​នីតិប្បញ្ញត្តិ សម្តេច​ពញា​ចក្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ឆន្ទៈ​ដ៏​មុះ​មុត​របស់​រាជរដ្ឋាភិបាល​នៅក្នុង​គម្រោង​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​រហូតដល់​ជាង​១០​លាន​នាក់ ក្នុងចំណោម​ប្រជា ពលរដ្ឋ​ទូទាំងប្រទេស​។ ជាពិសេស​ចាប់ពីពេលនេះ បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ឱ្យបាន​យ៉ាងតិច​១​លាន​ដូ​ស នៅក្នុង​មួយខែ ដែល​ពិត​ជាមាន​សារសំខាន់​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ប្រកបដោយ​ប្រសិទ្ធភាព និង​ស្តារ​សេដ្ឋកិច្ច​ដែល​រង​ផលប៉ះពាល់​ឱ្យ​ងើបឡើង​វិញ​បាន​ឆាប់រហ័ស​។​

 

​សម្តេច​ពញា​ចក្រី បាន​ក្រើនរំឭក ក៏​ដូច ជា​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​ទប់ស្កាត់ ការពារ​ជំងឺ​កូ​វីដ​-១៩ ទាំងអស់គ្នា ដើម្បី​បញ្ចៀស​ការបាត់បង់​អាយុជីវិត​ដោយសារ​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​បន្តទៀត ជាពិសេស​ដើម្បី​ជំ​រុញឱ្យ​សង្គមជាតិ​ឆាប់​មានឱកាស​វិល​ទៅរក​ជីវភាព​ដូច​ធម្មតា​វិញ សំដៅ​ស្តារ និង កសាង​ប្រទេសជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​ឆាប់រហ័ស​ឡើង​៕​

ប្រធានរដ្ឋសភា​កម្ពុជា​អំពាវនាវ​ឱ្យ​ជនរួមជាតិ​ចូលរួម​ប្រយុទ្ធប្រឆាំង​កូ​វីដ​-១៩ ដោយ​ការទទួលខុសត្រូវ​ខ្ពស់បំផុត​

PLB Banner on article detail