សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ផ្ញើ​សារ​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨​មីនា​

ថ្ងៃច័ន្ទ 8 មីនា 2021, 8:49

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្ញើ​សារ​អបអរសាទរ​ខួប​លើក​ទី​១១០ ទិវា​អន្តរជាតិ​នារី ៨​មីនា ដែល​ធ្វើឡើង​«​ស្ត្រី​និង​ការអភិវឌ្ឍ​ក្នុង​បរិការណ៍​កូ​វីដ​-១៩»​។

 

​សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​បង្ហោះ​សាររ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នា​ព្រឹក​ថ្ងៃទី​៨ ខែមីនា ឆ្នាំ​២០២១​នេះ ដែលមាន​ខ្លឹមសារ​ទាំងស្រុង​ដូចខាងក្រោម​៖

 

​អបអរសាទរ​ខួប​លើក​ទី​១១០ ទិវា​អន្តរជាតិ​នារី ៨​មីនា​

 

​ថ្ងៃនេះ​ជា​ខួប​លើក​ទី​១១០ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០២១ ក្រោម​ប្រធានបទ «​ស្ត្រី​និង​ការអភិវឌ្ឍ​ក្នុង​បរិការណ៍​កូ​វីដ​-១៩»​។ ប្រធានបទ​នេះ​បង្ហាញ​យ៉ាងច្បាស់​ពី​តម្លៃ​និង​តួនាទី​ស្ត្រី ដែល​មិនអាច​ខ្វះ​បាន​នៅក្នុង​សង្គមជាតិ នៅ​គ្រប់​កាលៈទេសៈ ជាពិសេស​នៅក្នុង​បរិ​ការ​ណ៌​មាន​វិបត្តិ​ឬ​ហានិភ័យ​អ្វីមួយ​។ ជាក់ស្តែង​នៅក្នុង​បរិការណ៍​នៃ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ ដែល​កំពុង​រាតត្បាត​នេះ​យើង​កាន់តែ​មិនអាច​ខ្វះ​បាន​នូវ​វត្តមាន​អ្នកគ្រូ​ពេទ្យ​ដែលជា​ទ័ព​ជួរមុខ​ក្នុង​សមរភូមិ​ដែល​យើង​មិន​ស្គាល់​ពីស​ត្រូវ​ច្បាស់​នៅឡើយ​នោះ​។ វីរភាព​របស់​អ្នកគ្រូ​ពេទ្យ​នៅក្នុង​ពេលនេះ មិន​ត្រឹម​ជា​អ្នក​គ្រូពេទ្យ​មើលថែ​អ្នកជំងឺ​នោះទេ តែ​ពួកគាត់​ប្រៀបដូចជា​មាតា ជា​ភរិយា បង​និង​ជា​ប្អូនស្រី ដែល​មើលថែ ផ្តល់​ភាពកក់ក្តៅ កម្លាំងចិត្ត​ដល់​ប្រជាព​ពលរដ្ឋ​ដែល​ងាយ​នឹងរង​គ្រោះ​ទាំងអស់​។​

 

​ជា​រៀងរាល់ឆ្នាំ​នៅក្នុង​ឱកាស​ដ៏​មានតម្លៃ​នេះ ខ្ញុំ​តែងតែ​ទទួល​ជួប​ប្រតិភូ​ស្ត្រី​មកពី​វិស័យ​ផ្សេងៗ​ទាំង​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល និង​ធុរកិច្ច ដើម្បី​ស្តាប់​នូវ​របាយការណ៍​វឌ្ឍនភាព សំណូមពរ និង​បានផ្តល់​អនុសាសន៍​សំដៅ​លើកកម្ពស់​តម្លៃ​ស្ត្រី​ឱ្យស្រប​តាម​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​កម្ពុជា និង​គោលដៅ​អភិវឌ្ឍ​ន៌​ប្រកបដោយ​ចីរភាព (SDG)​។ ក្នុងនាម​ថ្នាក់ដឹកនាំ​ស្ថាប័ន​នីតិប្បញត្តិ​ខ្ញុំ​តែងតែ​គាំទ្រ​ដល់​ការបង្កើត​ច្បាប់​និង​យន្តការ​នានា​ដើម្បី​លើកកម្ពស់​តួនាទី​ស្ត្រី​នៅលើ​គ្រប់​វិស័យ ជាអាទិ៍​វិស័យ​នយោបាយ អប់រំ សង្គម សេដ្ឋកិច្ច និង​វិស័យ​ផ្សេងៗ​ទៀត​។​

 

​ខ្ញុំ​សូម​វាយតម្លៃ​ខ្ពស់​និង​កោតសរសើរ​យ៉ាង​ក្រៃលែង​ដល់​រាជរដ្ឋាភិបាល ក្រសួង​កិច្ចការនារី ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដៃគូ​អភិវឌ្ឍន៍ វិស័យ​ឯកជន ព្រមទាំង​អង្គការ​ជាតិ​និង​អន្តរជាតិ​ទាំងអស់​ដែល​បានរួម​ចំណែក​គាំទ្រ​ការលើកកម្ពស់​ស្ថានភាព ជីវភាព សិទ្ធិ ឋានៈ​តួនាទី សុខមាលភាព​ស្ត្រី និង​កុមារ ហើយ​មាន​ជំនឿ​ជាក់​ជាក់​យ៉ាង​មុតមាំ​ថា ទោះបីជា​យើង​កំពង់​ប្រឈម​នឹង​វិបត្តិ​កូ​វីដ​-១៩ នេះ​ក៏ដោយ ក៏​យើងទាំងអស់គ្នា​បន្ត​ខិតខំ​ប្រឹងប្រែង និង​ពង្រឹង​កិច្ចសហការ​រួមគ្នា​បន្ថែ​ម​ទៀត​សំដៅ​លើកកម្ពស់​ស្ត្រី​របស់​យើង​ឱ្យ​កាន់​តែមាន​ភាពប្រសើរ​ថែមទៀត​។​

 

​ឆ្លៀតឱកាស​នេះ ទួល​បង្គំ​ជា​ខ្ញុំ​សូម​រាជានុញ្ញាត​លំឱនកាយ​ស​ម្តែ​ង​នូវ​អំណរ​ព្រះ​គុណ និង​ថ្វាយព្រះពរ​ជ័យ​សេរី​មង្គល សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ និង​ព្រះករុណា​ជា​អម្ចាស់ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ព្រះអង្គ​ទាំង​ទ្វេ​តែងតែ​យក​ព្រះទ័យ​ទុក្ខ​ដាក់​អំពី​សុខទុក្ខ នឹង​ជីវភាព​របស់​កូនចៅ ពិសេស​ការលើកកម្ពស់​សមភាព​យែ​ន​ឌ័​រ​របស់​ស្ត្រី និង​ក្មេងស្រី​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​៕

សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ផ្ញើ​សារ​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨​មីនា​
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ផ្ញើ​សារ​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨​មីនា​
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ផ្ញើ​សារ​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨​មីនា​
សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ផ្ញើ​សារ​អបអរសាទរ ទិវា​អន្តរជាតិ​នារី ៨​មីនា​

PLB Banner on article detail