មន្ត្រី​ជំនាញ​អះអាងថា បឹង​យក្ខ​ឡោម​មាន​សភាព​ល្អក់​អាចជា​កត្តា​បាតុភូតធម្មជាតិ​

ថ្ងៃច័ន្ទ 22 កុម្ភៈ 2021, 10:46

​បឹង​យក្ខ​ឡោម ស្ថិតនៅ​សង្កាត់​យក្ខ​ឡោម ក្រុង​បាន​លុង ខេត្តរតនគិរី ជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ដ៏​មាន​សក្តានុពល​បំផុត សម្រាប់​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​។ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ពោលគឺ​ចាប់ពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ មក​ផ្ទៃ​បឹង​ទាំងមូល​មាន​សភាព​ល្អក់​ប្លែក​ពី​ធម្មតា ។​

 

​លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី បានឱ្យដឹង​នៅ ថ្ងៃ​១០​កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ថា ភាពល្អក់​របស់​បឹង​យក្ខ​ឡោម​អាចមកពី​កត្តា​បាតុភូតធម្មជាតិ​។ កាលពី​១០​ឆ្នាំមុន​ពោលគឺ​នៅ ឆ្នាំ​២០១១ បឹង​យក្ខ​ឡោម​នេះ​ក៏មាន​សភាព​ល្អក់​ដូចគ្នានេះដែរ ហើយ​វា​បាន​ថ្លា​ទៅវិញ​រយៈពេល ១០​ទៅ ១៥​ថ្ងៃ ។​

 

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​រូបនេះ​បន្តថា តាម​សេចក្តីរាយការណ៍​មក គឺ​បឹង​លំ​កុ​ដ​និង បឹង​យក្ខ​អោម យក្ខ​រ៉ា ស្ថិតនៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ ក៏​ចាប់ផ្តើម​មាន​សភាព​ល្អក់​ដែរ​។ លោក​មិនទាន់​ហ៊ាន​វិនិច្ឆ័យ​តាមបែប​វិទ្យាសាស្ត្រ​យ៉ាងណា​នោះទេ តែ​តាម​ការកត់សម្គាល់​រប​ស់លោក ឱ្យតែ​ប្រទេសជិតខាង​មាន​ព្យុះ ឬ បាតុភូតធម្មជាតិ​អ្វីមួយ​កើតឡើង គឺ​បឹង​យក្ខ​ឡោម​ក៏មាន​សភាព​ល្អក​ដែរ ។ លោក​បញ្ជាក់ថា សភាព​ល្អក់​របស់​បឹង​យក្ខ​ឡោម និង​បឹង​លំ​កុ​ដ បឹង​យក្ខ​អោម យក្ខ​រ៉ា គឺ​មិនមាន​អ្វី​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ​នោះទេ គឺ​គ្រាន់តែ​រំខាន​ដល់​ការចុះ​មុជទឹក​លេង​របស់​ភ្ញៀវទេសចរ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​។​

 

​ដោយឡែក​យោងតាម​មន្ត្រី​នៃ​មន្ទីរ​ឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍​ខេត្តរតនគិរី ក៏បាន​ឱ្យដឹង​ផងដែរ​ថា បឹង​យក្ខ​ឡោម មាន​ភាពល្អក់​នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ក៏មាន​សភាព​បែបនេះ​កើតឡើង​ដែរ ដោយសារ​បាតុភូតធម្មជាតិ​នៃ​ប​ន្ទុះ​ភ្នំភ្លើង ហើយ​បឹង​យក្ខ​ឡោម​ក៏មាន​សរសៃឈាម​ជាប់​នឹង​ប​ន្ទុះ​ភ្នំភ្លើង​មួយទៀត​នៅ​ប្រទេស​ណាមួយ​នៅក្នុង​អាស៊ី ដែល​វា​មាន​សរសៃឈាម​ជាប់​នឹង​បឹង​យក្ខ​ឡោម ដោយ​ផ្អែក​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​៕ (ក្រសួងព័ត៌មាន)

មន្ត្រី​ជំនាញ​អះអាងថា បឹង​យក្ខ​ឡោម​មាន​សភាព​ល្អក់​អាចជា​កត្តា​បាតុភូតធម្មជាតិ​
មន្ត្រី​ជំនាញ​អះអាងថា បឹង​យក្ខ​ឡោម​មាន​សភាព​ល្អក់​អាចជា​កត្តា​បាតុភូតធម្មជាតិ​

PLB Banner on article detail

អត្ថបទពេញនិយម