សត្វ​ចាប​ព្រៃវែង​ជាង​២០​ក្បាល ត្រូវបាន​ប្រទះឃើញ​ឡើងវិញ នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​

ថ្ងៃសៅរ៍ 9 មករា 2021, 17:4

​សត្វ​ចាប​ព្រៃវែង​ជាង​២០​ក្បាល ត្រូវបាន​ប្រទះឃើញ​ឡើងវិញ​នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ដែលជា​ប្រភេទ​សត្វ​ស្លាប​កម្រ ជិត​ផុត​ពូជ​និង​បាត់​ខ្លួន​អស់​ជាង​៣​ឆ្នាំ​មកហើយ ។​

 

​លោក ប៊ូ វរ​សក្ស នាយក​កម្មវិធី​ប្រចាំ​កម្ពុជា​នៃ​អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ បានឱ្យដឹងថា បច្ចុប្បន្ននេះ សត្វ​ចាប​ព្រៃវែង កំពុង​រង​ការគំរាមកំហែង​ខ្លាំង ដោយសារ​ការដាក់​អន្ទាក់ ការ​បរបាញ់ និង​ការចាប់​យកមក​បរិភោគ និង​ធ្វើ​អាជីវកម្ម នៅតាម​ទីផ្សារ ដែល​ធ្វើឱ្យ​ចំនួន​សត្វ​ស្លាប​ប្រភេទ​នេះ មានការ​ថយចុះ​ជាង​៨០​ភាគរយ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​។

 

លោក​បន្តថា ថ្មីៗ​នេះ​មាន​វត្តមាន​ចាប​ព្រៃវែង​ប្រមាណ​២០​ក្បាល នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ ខេត្ដ​តាកែវ ក្រោយពី បាន​បាត់បង់​អស់​រយៈពេល​ជាង​បី​ឆ្នាំ​មកហើយ​។ លោក​បាន​បញ្ជាក់ថា ចាបព្រៃ​វែង​នេះ បាន​បង្ក​កំណើត​នៅ​អឺរ៉ុប និង អាស៊ី​ខាងជើង ដោយបាន​ផ្លាស់​ទី​មកកាន់​តំបន់​អាស៊ី​យើង​នេះ ហើយ​ដល់​រដូវ​ត្រជាក់ សត្វ​នេះ​នឹង​ត្រឡប់​ទៅ​ប៉ែក​អឺរ៉ុប​វិញ​។​

 

« អ៊ីចឹង កាលពីមុន​គឺជា​ប្រភេទ​សម្បូរ​នៅ​កម្ពុជា​យើង ការឱ្យ​ឈ្មោះថា​ចាបព្រៃ​វែង​នេះ គឺ​គេ​ឃើញ​សម្បូរ​នៅ​ខេត្ត ព្រៃវែង ដល់ពេល​រដូវ​ច្រូតស្រូវ​ហ្នឹង​វា​មកដល់​ហើយ ក៏ប៉ុន្តែ​ដោយសារ​កត្តា​គំរាមកំហែង​និង​មានការ​ចាប់ចង​នៅ​កម្ពុជា ទាំង​នៅ​ចិន ទាំង​នៅ​ប្រទេស​មួយចំនួនទៀត ដែល​វា​បាន​ឆ្លងកាត់​ហ្នឹង ត្រូវបាន​គេ​បរបាញ់​យកមក​ធ្វើ​ម្ហូប បើ​នៅ​ចិន​ផង អ្នកណា​ដែល​បាន​ហូប​ចាបព្រៃ​វែង​ហ្នឹង​ហាក់ដូច​បាន​ហូប​បង្កង​អ៊ីចឹង ការឱ្យ​តម្លៃ​បែប​ហ្នឹង ធ្វើឱ្យ​ចាបព្រៃ​វែង​មានការ​ធ្លាក់ចុះ យ៉ាងគំហុក ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ »

 

​លោក​បន្ថែមថា ការបង្ហាញ​ខ្លួន​នៃ​សត្វ​ចាប​ព្រៃវែង​នេះ បញ្ជាក់​ពី​សារសំខាន់​របស់​តំបន់ដីសើម​បឹង​ព្រែក​ល្ពៅ ក្នុងការ​ផ្ដល់ ជា​ជម្រក​ដល់​ការរស់នៅ និង​ពង​កូន​របស់​ពពួកសត្វ​ស្លាប​ទឹកជា​ច្រើន​ប្រភេទ​ផ្សេងទៀត​។​

 

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ ២០០០ នៅ​ប្រទេស​កម្ពុ​ជាមាន​សត្វ​ចាបព្រៃ​វែង​ជា​ហ្វូង​ធំៗ រហូតដល់​រាប់ពាន់​ក្បាល តែ​សព្វថ្ងៃ ឃើញ​មាន​វត្តមាន​ជា​ក្រុម​តូចៗ ជូន​កាល​មានតែ ២​ឬ ៣​ក្បាល​ប៉ុណ្ណោះ​៕​ ក្រសួងព័ត៌មាន

សត្វ​ចាប​ព្រៃវែង​ជាង​២០​ក្បាល ត្រូវបាន​ប្រទះឃើញ​ឡើងវិញ នៅ​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​

PLB Banner on article detail

អត្ថបទពេញនិយម