អាកាសធាតុ​កម្ពុជា នឹង​ចុះ​ត្រជាក់​ខ្លាំង​ដល់​១១​អង្សា​

ថ្ងៃសុក្រ 8 មករា 2021, 9:31

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ព្រឹក​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១​នេះ បានឱ្យដឹងថា ការចុះ​ត្រជាក់​នេះ បណ្តាលមកពី​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង បាននិងកំពុង​ធ្លាក់ចុះ​មកក្រោម នាំមក​នូវ​ធាតុ​ត្រជាក់​ពី​តំបន់​ស៊ី​ប៊ឺ​រី គួបផ្សំ​ជាមួយ​ខ្យល់មូសុង​ឦសាន​ខ្លាំង​។​

 

​ក្រសួង​បានឱ្យដឹងថា តាមរយៈ​បាតុភូត​នេះ នឹងធ្វើ​ឱ្យ​តំបន់​វាលទំនាប សីតុណ្ហភាព​អប្បបរមា​នឹង​អាច​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១៣​អង្សា ទៅ ១៥​អង្សា លាយឡំ​ជាមួយ​ខ្យល់​មធ្យម​។ សម្រាប់​រាជធានី​ភ្នំពេញ សីតុណ្ហភាព​អប្បបរមា​នឹង​អាច​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់ ១៦​អង្សា​។​

 

​សម្រាប់​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ភាគ​ឦសាន សីតុណ្ហភាព​អប្បបរមា​នឹង​អាច​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១១​អង្សា ទៅ ១៣​អង្សា លាយឡំ​ជាមួយ​ខ្យល់​ខ្លាំង​ផងដែរ​។​

 

​ដោយឡែក​តំបន់​មាត់សមុទ្រ សីតុណ្ហភាព​អប្បបរមា​នឹង​អាច​ធ្លាក់​ចុះមក​នៅក្នុង​រង្វង់​ពី ១៧​អង្សា ទៅ ១៩​អង្សា​។ នៅ​ថ្ងៃទី​១២ ខែមករា នៅលើ​ផ្ទៃសមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​ផងដែរ​។​

 

​បើតាម​ក្រសួង​ធនធានទឹក និង​ឧតុនិយម ការចុះ​ត្រជាក់​នេះ គឺជា​ស្ថានភាព​មួយ​មិន​ធ្លាប់មាន​ពីមុនមក​នោះឡើយ​សម្រាប់​កម្ពុជា​។ ក្រសួង​ធនធានទឹក បាន​អំពាវនាវ​សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​។ ជាពិសេស​វីរៈ​កងទ័ព​ដែល​រស់នៅ និង​ឈរជើង​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​បង្កើន​ការយកចិត្តទុកដាក់​ថែរក្សា​សុខភាព​ចំពោះ​អាកាសធាតុ​ចុះ​ត្រជាក់​ខ្លាំង​នេះ​។​

 

​ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជា​នេសាទ និង​អ្នកធ្វើដំណើរ​តាម​សមុទ្រ​ទាំងអស់ បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​។​

 

​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏​បាននិងកំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូតធម្មជាតិ​នេះ ហើយនឹង​ជម្រាបជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុងករណី​អាកាសធាតុ​មានការ​ប្រែប្រួល​៕

អាកាសធាតុ​កម្ពុជា នឹង​ចុះ​ត្រជាក់​ខ្លាំង​ដល់​១១​អង្សា​
អាកាសធាតុ​កម្ពុជា នឹង​ចុះ​ត្រជាក់​ខ្លាំង​ដល់​១១​អង្សា​
អាកាសធាតុ​កម្ពុជា នឹង​ចុះ​ត្រជាក់​ខ្លាំង​ដល់​១១​អង្សា​

PLB Banner on article detail