ពលករ​ខ្មែរ​ប្រមាណ ៥​ពាន់​នាក់ សម្រុក​ចេញពីប្រទេស​ថៃ

ថ្ងៃអង្គារ 5 មករា 2021, 10:10

​ពលករ​ខ្មែរ​ប្រមាណ ៥​ពាន់​នាក់ បាន​សម្រុក​ចេញពី​ប្រទេស​ថៃ​តាម​ច្រក​នានា​នៅតាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង ២ ក្នុង​រយៈពេល​ប្រមាណ​ជាង ១០ ថ្ងៃ ក្រោយពី​ផ្ទុះ​រីក​រាលដាល​នូវ​វីរុស​កូ​វីដ ១៩ ក្នុង​ខេត្ត​សាមុត​សា​ខន ដោយហេតុ​ពួកគេ​មាន​ក្ដីកង្វល់​អំពី​ការឆ្លង​មេរោគ​នេះ​។​

 

​អាជ្ញាធរ​កម្ពុជា​នៅតាម​ខេត្ត​ជាប់​បណ្តោយ​ព្រំដែន​នៅតែ​បន្ត​ចំណាត់ការ និង​វិធានការ​ចម្បងៗ​របស់ខ្លួន​ក្នុងការ​ការពារ និង​អនុវត្ត​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ដោយ​ប្រកាន់ខ្ជាប់​នូវ​ការណែនាំ និង​ដាក់​ពលករ​ដែល​ទើបបាន​ឆ្លង​មកពី​ប្រទេស​ថៃ​ធ្វើ​ច​ត្តា​ឡី​ស័ក​យ៉ាង​ត្រឹមត្រូវ​ចំនួន ១៤ ថ្ងៃ​។ គិត​ចាប់ពី​ថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០២០ រហូតដល់​ពេលនេះ​ពលករ​ខ្លះ​ត្រូវបាន​អនុញ្ញាតឱ្យ​ចាកចេញ​ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក បន្ទាប់ពី​ការធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់ ១៤ ថ្ងៃ និង​ការធ្វើ​តេស្ត​សំណាក​លើក​ទី ២ របស់​ពួកគេ​មិនមាន​វិជ្ជមាន​កូ​វីដ ១៩​។​

 

​លោក ឌី រ៉ា​ដូ អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ថ្ងៃទី​០៤ ខែមករា ម្សិលមិញ បាន​ថ្លែងថា ពលករ​ខ្មែរ​ប្រមាណ​ជា ១ ៩០០ នាក់ បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​មកកាន់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាប់ពី​ថ្ងៃទី ២០ ខែធ្នូ រហូតមកដល់​ថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០២១ ហើយ​សំណាក​របស់​ពួកគាត់​ត្រូវបាន​យក​ធ្វើតេស្ត​ប៉ុន្តែ​សម្រាប់​ខេត្ត​ឧ​ត្ត​រ​មានជ័យ​គឺ​មិនទាន់មាន​ពលករ​ណា​ម្នាក់​មាន​វិជ្ជមាន​វីរុស​កូ​វីដ ១៩ ទេ មកដល់ពេលនេះ​។​

 

​ចំណែក​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ ក៏បាន​បញ្ជាក់ដែរថា ជាង ២ សប្តាហ៍​កន្លងមកនេះ ពលករ​ខ្មែរ​ជាង ១ ០០០ នាក់ បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ​ចូល​តាម​ខេត្តបន្ទាយមានជ័យ​នេះ ដោយ​ក្នុងនោះ​ពួកគាត់​ត្រូវបានធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ទីតាំង​ចំនួន ១២ យ៉ាង​ត្រឹមត្រូវ​តាម​វិធាន​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​។​

 

​ដោយឡែក បើតាម​អាជ្ញាធរខេត្ត​បាត់ដំបង ចាប់តាំងពី​មានការ​ផ្ទុះ​វីរុស​កូ​វីដ ១៩ ចូលក្នុង​សហគមន៍​ក្នុងប្រទេស​ថៃ មក​មាន​ពលករ​ខ្មែរ​ដែល​បាន​វិលត្រឡប់​ពី​ថៃ​មកវិញ​ឆ្លងតាម​ខេត្តបាត់ដំបង​គិត​ត្រឹម​ថ្ងៃ​ម្សិលមិញ​គឺមាន​ចំនួន ១ ៨១៥ នាក់ ហើយ​ក្នុងចំណោម​នោះ​មាន​ពលករ​ចំនួន ៦ នាក់ ត្រូវបាន​រកឃើញ​មាន​វីរុស​កូ​វីដ ១៩​។​

 

​រីឯ​ខេត្តព្រះវិហារ វិញ ពលករ​ដែល​បានធ្វើ​ច​ត្តា​ឡី​ស័ក​គ្រប់​ចំនួន ១៤ ថ្ងៃ និង​ធ្វើតេស្ត​សំណាក​លើក​ទី​២ មិនមាន​វីរុស​កូ​វីដ ១៩ ត្រូវបាន​អាជ្ញាធរ​អនុញ្ញាតឱ្យ​ត្រឡប់​ទៅកាន់​គេហដ្ឋាន​វិញ​ជា​បណ្តើរៗ​ហើយ​បើតាម​លោក គង់ ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានឱ្យដឹងថា មាន​ពលករ​ប្រមាណ ១០ នាក់​ទៀត​ប៉ុណ្ណោះ ដែល​នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​៕​

ពលករ​ខ្មែរ​ប្រមាណ ៥​ពាន់​នាក់ សម្រុក​ចេញពីប្រទេស​ថៃ

PLB Banner on article detail

អត្ថបទពេញនិយម