​ពលរដ្ឋ​ជាច្រើន​គ្រួសារ ​ប្រកបរបរ​ដាំ​ទំពាំង​បារាំង ​​បារម្ភ​ពី​ជីវភាព ដោយសារមេរោគបំផ្លាញផលដំណាំ

ថ្ងៃពុធ 23 ធ្នូ 2020, 14:47

(​ខេត្ត​ប៉ៃលិន​) ៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ដែលមាន​មុខរបរ​ដាំ ដំណាំ​ដាំ​បន្លែ​ទំពាំង​បារាំង កំពុងតែ​ព្រួយបារម្ភ​យ៉ាងខ្លាំង​អំពី​បញ្ហា​ជីវភាព​ប្រចាំថ្ងៃ នៅពេលដែល​សង្កេតឃើញ​ដំណាំ​របស់​ពួកខ្លួន​ទទួលរង​ការកើត​នូវ​មេរោគ គឺ​ជំងឺ​ងាប់​ដើម បណ្ដាល​ឲ្យ​ខូចខាត​អស់​ជាច្រើន​ដើម ។

 

​បើតាម​ការរៀបរាប់​ពី​បុរស​ម្នាក់ ឈ្មោះ ជួន ទី អាយុ​28​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ក្រចាប់ សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី 23 ខែធ្នូ ឆ្នាំ​2020 ឲ្យ​ដឹងថា ៖
​គាត់​បាន​ប្រកបមុខរបរ​ដាំ ដំណាំ​ទំពាំង​បារាំង​នេះ​អស់​រយៈពេល​ជិត​10​ឆ្នាំ​មកហើយ ដោយ​ចាប់​តាំងពីដើម​រហូតមក​ដល់ពេលនេះ គឺ​ដំណាំ​របស់គាត់​គ្មាន​បញ្ហា​អ្វី​កើតឡើង​ឡើយ ទើបតែ​នៅ​ឆ្នាំ​ចុង​2020 នេះ​ដោយសារតែ​អាកាសធាតុ​មានការ​ប្រែប្រួល ដោយ​ភ្លៀង​ច្រើន ស្រាប់តែ​ដំណាំ​ទំពាំង​បារាំង​របស់គាត់ មានការ​ងាប់​ដើម ចាប់តាំងពី​ស្លឹក​រហូត​ទៅដល់​ឫស ខូចខាត​ជា​បន្តបន្ទាប់​ពីមួយ​ដើម​ទៅមួយ​ដើម​ឆ្លង​គ្នា ទោះបីជា​គាត់​ខិតខំ​ប្រឹង រក​វិធី​ដើម្បី​ព្យាបាល ដូចជា​រក​ថ្នាំ​បាញ់ ដាក់​ជី តែ​គ្មាន​បានទទួល​ល្អ​នោះឡើយ ។​

 

​ប្រភព​បន្តទៀតថា គាត់​បាន​ដាំ​ទំពាំង បារាំង​នេះ ចំនួន​ជាង​1​ម៉ឺន​ដើម ដោយ​ប្រមូល​ផល​ក្នុង​មួយថ្ងៃ លក់បាន​10 ទៅ 20 គីឡូក្រាម ដោយ​ក្នុង​មួយ​គីឡូ លក់ដុំ​ឲ្យ​ម៉ូយ​តម្លៃ​14000​រៀល ដោយមាន​ម៉ូយ​មកពី​ខេត្ត​ផ្សេងៗ ដូចជា សៀមរាប​បាត់ដំបង រហូតដល់​រាជធានី​ភ្នំពេញ​ផងដែរ ។ លោក​ក៏បាន​រៀបរាប់​អំពី​វិធី​ដាំ​ផងដែរ ដោយ​ទិញ​គ្រាប់​មកពី​ប្រទេស​ថៃ​ក្នុង​មួយ​ខាំ តម្លៃ​10​ម៉ឺន​រៀល ។ គាត់​ក៍​បានដាក់​ថង់ប​ណ្ដុះ​គ្រាប់ ដោយ​1​គ្រាប់​មួយថង់ ក្នុង​រយៈពេល 2​ខែ ទើប​ដុះ ហើយក៏​យកទៅ​ដាំ រយៈពេល​6​ខែ​ទៀត ទើបបាន​ប្រមូល​ផល​ដក​លក់​ឱ្យ​ម៉ូយ ។​

 

 ជាមួយគ្នា​ដែរ កាលពី​ព្រឹក​ថ្ងៃទី​23 ខែធ្នូ ឆ្នាំ 2020 នេះ លោក​ក៏បាន​រាយការណ៍​ទៅខាង​មន្ទីរ​កសិកម្ម​ខេត្ត​ប៉ៃលិន ឲ្យ​ចុះទៅ​ត្រួត​ពិនិត្យមើល​ដំណាំ​របស់ខ្លួន ដោយ​ខាង​បច្ចេកទេស គេ​បាន​ពិនិត្យមើល​រួច​រា​លើ​ហើយ និង​មាន​ជី​ឲ្យ​សាកល្បង ដើម្បី​ព្យាបាល​ដំណាំ​របស់ខ្លួន​ផងដែរ ។ លោក​ពិតជា​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ ខណៈ​ដំណាំ​ទំពាំង​បារាំង​របស់ខ្លួន​លែង​ទទួលបាន​ផល​ដូច​កាលពីមុន ដោយសារតែ​ជំងឺ​វាយលុក​ពេញ​ចម្ការ​តែម្ដង ។ មិន​ថា តែ​ចម្ការ​របស់លោក​ប៉ុណ្ណោះ​ទេ សូម្បីតែ​ចំការ​អ្នកភូមិ​ក្រចាប់​ទាំងមូល​ដែល​ដាំ​ទំពាំង​បារាំង ក៏​ទទួលរង​នូវ​ការខូចខាត​ដោយសារ​ជំងឺ​នេះ​ផងដែរ ។​

 

​លោក​អំពាវនាវ​ដល់​ម​ន្ត្រី​ជំនាញ​ក៏ដូចជា​ខាង​មន្ទីរ​កសិកម្ម ឲ្យ​ចុះទៅ​ពិនិត្យមើល​ដំណាំ​ទំពាំង​បារាំង​របស់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុងភូមិ​របស់ខ្លួន ដែល​កំពុងតែ​ទទួលរង​ការខូចខាត​ផងដែរ ។

​ចំណែក​លោក សាយ សុផាត ប៉ៃលិន បាន​រៀបរាប់​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃទី 23 ខែធ្នូ ឆ្នាំ​2020 ថា ៖ លោក​បាន​ឲ្យ​ក្រុមការងារ​ចុះទៅ​ត្រួតពិនិត្យ​ចំការ​ខាងលើ​រួចរាល់​កាលពី​ព្រឹក​នេះហើយ ដោយមាន​ការខូចខាត​ពិតប្រាកដ​មែន​។​

 

 លោក​បាន​បន្តទៀតថា​ការខូចខាត​នេះ​គឺ​ដោយសារតែ​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​នៅលើ​ដី​ដដែលៗ រយៈពេល​យូរ អា​មួយ​អាកាសធាតុ​មិន​អំណោយផល​ដោយសារ​ភ្លៀង​ធ្លាក់​ច្រើន ទើប​បណ្ដាល​ឲ្យ​មានការ​កើតរោគ​ខូចខាត​បែបនេះ ។​

 

 តែ​មិនបាន​ខូចខាត​ទាំងអស់​នោះទេ គឺ​ខូច​តែមួយ​ចំនួន​ប៉ុណ្ណោះ ហើយ​ខាង​មន្ទីរ​កសិកម្ម​កំពុងតែ​ឱ្យ​ជំនាញ ក៏ដូចជា​អ្នកលក់​ផលិតផល និង​ថ្នាំ​ព្យាបាល​ចុះទៅ​ជួយ​ផងដែរ ៕​

 

​ពលរដ្ឋ​ជាច្រើន​គ្រួសារ ​ប្រកបរបរ​ដាំ​ទំពាំង​បារាំង ​​បារម្ភ​ពី​ជីវភាព ដោយសារមេរោគបំផ្លាញផលដំណាំ

PLB Banner on article detail

អត្ថបទពេញនិយម