តាកែវ ជា​ខេត្ត​ផលិត​ពង​ទា​កូន​ធំជាងគេ ក្នុងប្រទេសកម្ពុជា

ថ្ងៃច័ន្ទ 21 ធ្នូ 2020, 10:2

​យោងតាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម​ខេត្តតាកែវ​បាន​ឲ្យ​ដឹងថា ឃុំ​ស្រែ​រនោង ស្ថិតនៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ គឺជា​ឃុំ​មួយ​ដែលមាន​បងប្អូន​ប្រជាកសិករ​ច្រើន​គ្រួសារនិយម​ចិញ្ចឹម​ទា និង​ភ្ញាស់ពងទា ជា​លក្ខណៈ​ប្រពៃណី ដោយ​ធ្វើ​ឲ្យ​ទីនេះ​ក្លាយជា​កន្លែង​ផលិត​ពង​ទា​កូន​ធំជាងគេ ក្នុងការ​ផ្គត់ផ្គង់​ទៅកាន់​បណ្តា​រាជធានី​ខេត្ត​នៅ​ទូទាំងប្រទេស​។​

 

​បើតាម​លោក សូត សុផល និង​ភរិយា នូ សាវឿន រស់នៅ​ភូមិ​សាមគ្គី ឃុំ​ស្រែ​រនោង បាន​ឲ្យ​ដឹងថា គ្រួសារ​លោក​បានចាប់ផ្តើម​ប្រកប​របរ​ទិញ​លក់​ពង​ទា និង​កូន​ទា​នៅ​ឆ្នាំ​២០០៣ ដោយ​រកចំណូលបាន​ពី​៥០​ម៉ឺន ទៅ​៦០​ម៉ឺន​រៀល​ក្នុង​មួយខែ​។ លុះដល់​ឆ្នាំ​២០០៧ លោក​ចាប់ផ្តើម​បង្កើត​ឡ​ភ្ញាស់​អង្កាម​ចំនួន​១ អាចដាក់​ពង​ភ្ញាស់​បាន​ចំនួន ១២០០​គ្រាប់ ដោយ​អាច​រកចំណូលបាន​ពី ២​លាន ទៅ​៣​លាន​រៀល​ក្នុង​មួយខែ​។​

 

​ដោយ​ពិនិត្យឃើញថា របរ​នេះ​មាន​ចំណូល​ខ្ពស់ និង​មាន​ទីផ្សារ​ច្រើន ពិសេស​ទីផ្សារ​នៅ​រាជធានី​ភ្នំពេញ គ្រួសារ​លោក​បាន​បង្កើន​ការ​ភ្ញាស់​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​។ រហូតដល់​ឆ្នាំ​២០១៦ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បើ​វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម​ទា យក​ពង និង​វិធីសាស្ត្រ​ភ្ញាស់ពងទា​ដោយ​ប្រើ​ភ្លើងអគ្គិសនី​។ ហើយ​ពេលនោះ​លោក​ចាប់ផ្តើម​ប្រើឡ​ភ្ញាស់ពងទា​ដោយ​ប្រើ​អគ្គិសនី ដែល​អាចដាក់​ពង​ទា​ភ្ញាស់​បាន​ចំនួន ៩០០០ គ្រាប់ ក្នុង​រយ​:​ពេល ៤​ថ្ងៃ​។ ពីមួយ​ជំហាន​ទៅមួយ​ជំហាន ភាពជោគជ័យ​កាន់តែ​ល្អប្រសើរ​ឡើង រហូតមកទល់​បច្ចុប្បន្ន លោក​មាន​ឡ​ភ្ញាស់ពងទា​ចំនួន​២ ដែល​អាចដាក់​ពង​ភ្ញាស់​បាន​ចំនួន ៣០​ម៉ឺន​គ្រាប់​ក្នុង​ខែ ដោយ​ទទួល​ចំណូល​បាន​ពី ៩​លាន ទៅ​១២​លាន​រៀល​ក្នុង​មួយខែ​។​

 

​បើតាម​ការបញ្ជា​ក់រប​ស់ សូត សុផល ក្រោយពី​លោក​ទទួលបាន​ជោគជ័យ និង​ក្នុងពេល នៃ​ការ​រាលដាល​ជាស​កល​ជំងឺឆ្លង​កូ​វីដ​-១៩​ផង មាន​អ្នកភូមិ​ជាច្រើន​បាន​ងាក​មក​ចាប់យក​របរ​ចិញ្ចឹម​ទា​វិញ ដោយ​បច្ចុប្បន្ន​នៅ​ទូទាំង​ឃុំ មាន​ឡ​ភ្ញាស់ពងទា​កូន​ចំនួន​២៧ និង​មាន​អ្នក​ចិញ្ចឹម​ទា​ហ្វូង​ចំនួន ៥៦​គ្រួសារ ហើ​សព្វថ្ងៃនេះ​គិត​ជា​មធ្យម​ឃុំ​ស្រែ​រនោង​ទាំងមូល អាច​ផ្គត់ផ្គង់​ពង​ទា​កូន​ឲ្យ​ទីផ្សារ​បាន​ចំនួន ២០​ម៉ឺន​គ្រាប់​ក្នុង​មួយថ្ងៃ ដោយ​ទីផ្សារ​ធំ​បំផុត​គឺ​រាជធានី​ភ្នំពេញ​៕​

 

តាកែវ ជា​ខេត្ត​ផលិត​ពង​ទា​កូន​ធំជាងគេ ក្នុងប្រទេសកម្ពុជា
តាកែវ ជា​ខេត្ត​ផលិត​ពង​ទា​កូន​ធំជាងគេ ក្នុងប្រទេសកម្ពុជា

PLB Banner on article detail

អត្ថបទពេញនិយម