ពលរដ្ឋ​សម្រុក​ដក​មើមដំឡូង​មី ខណ​:​ទីផ្សារ​ហក់​ឡើង​ខ្ពស់ ទោះ​មិនទាន់​ដល់ពេល​ប្រមូល​ផល​

ថ្ងៃសុក្រ 11 ធ្នូ 2020, 13:3

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេតឃើញ​ប្រជាពលរដ្ឋ​ស្ទើរ​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​ប៉ៃលិន បាននាំគ្នា​សម្រុក​ប្រមូល​ផល​ដំឡូង​មី ដោយ​ជួល​កម្មករ​ឱ្យចូល​ទៅ​ដក​ដើម​ដំឡូង នៅក្នុង​ចម្ការ​របស់ខ្លួន រួច​ដឹកយក​មើម​ទៅ​លក់​នៅតាម​ស្តង់​នានា​ក្នុង​ខេត្ត ខណ​:​ទីផ្សារ​ដំឡូង​មី​ហក់​ឡើង​ខ្ពស់ជាង​មុន​និង​អ្នកខ្លះ​មើមដំឡូង​មី​មិនទាន់​ដល់ពេល​ដក​ក៍ដោយ​និង​ម្យ៉ាង បើទោះបីជា​ជម្ងឺ​កូ​វីដ​១៩ កំពុង​វាយលុក​ចូល​សហគមន៍​ក៍ដោយ ។

 

ជាក់ស្តែង​កាលពី​ថ្ងៃទី​១១​ខែធ្នូ ឆ្នាំ​២០២០​នេះ មាន​កសិករ ជាច្រើន​គ្រួសារ កំពុង​មមាញឹក​ប្រមូល​ផល​ដំឡូង​មី ក្នុង​ចម្ការ​របស់ខ្លួន ស្ថិតនៅ​ភូមិបរ​ថ្មី សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

 

បើតាម​ប្រភពព័ត៌មាន​ពី​បុរស​ម្នាក់ ឈ្មោះ បូ រី អាយុ​៤០​ឆ្នាំ ប្រពន្ធ ឈ្មោះ សុង ណែម អាយុ​៤០​ឆ្នាំ​ដូចគ្នា រស់នៅ​ភូមិបរ​ហ៊ុយ​ជើង សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដោយ​ជួល​ដី​គេ​ដាំដំឡូង​មី ចំនួន​១.៥​ហិកតា តម្លៃ​៧០០០​បាត​(​ប្រាក់​ថៃ​)​ស្មើ​ជិត​១​លាន​រៀល ស្ថិតនៅ​ភូមិបរ​ថ្មី សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យដឹងថា ៖ ពួកគាត់​ពិតជា​សប្បាយ​រីករាយ​យ៉ាងខ្លាំង ដោយ​សង្កេតឃើញ​នៅ​ដើមខែ​ធ្នូ ឆ្នាំ​២០២០​នេះ តម្លៃ​ទី ផ្សារ​ដំឡូង​មី ហក់​ឡើង​ខ្ពស់ជាង​ឆ្នាំមុនៗ ដោយ​១​គីឡូក្រាម ឈ្មួញ​ទិញ តម្លៃ​២.៧​បាត​(​ប្រាក់​ថៃ​)​ស្មើ​ជាង​៣០០​រៀល ប៉ុន្តែ​មួយអាទិត្យ​ក្រោយមក ស្រាប់តែ​ទីផ្សារ​មានការ​ធ្លាក់ចុះ​បន្តិច​វិញ ដោយ​ឈ្មួញ​ទិញ​ត្រឹមតែ​១​គីឡូក្រាម ២.៥០​បាត ប៉ុណ្ណោះ ដែល​ធ្វើឱ្យ​ពួកគាត់​មានការ​ព្រួយបារម្ភ​ក្រែង​តម្លៃ​ទីផ្សារ​ដំឡូង​មី បន្ត​ធ្លាក់ចុះ​ថែមទៀត ទើប​នាំគ្នា​ម្នី​ម្នាក់​ជួល​កម្មករ​ឱ្យ​ដក ដឹក​យកទៅលក់​នៅ​ស្តង់​ក្បែរ​ចម្ការ​តែម្តង ។​

 

ប្រភព​ដដែល​បន្តទៀត​ថា តម្លៃ​ទីផ្សារ​ប៉ុណ្ណឹង​អាច​ទទួលយកបាន​ទោះបីជា​ធ្លាក់ចុះ​បន្តិច​ក៏ដោយ ព្រោះ​ឆ្នាំមុនៗ តម្លៃ​ទីផ្សារ​ដំឡូង​មី ត្រឹមតែ​១​គីឡូក្រាម ១.៥០ ទៅ​២.១៥​បាត​(​ប្រាក់​ថៃ​)​ប៉ុណ្ណោះ ហើយ​ពួកគាត់​ក៏​សំណូមពរ​ឱ្យ​អាជ្ញាធរខេត្ត​ប៉ៃលិន ជួយ​សម្របសម្រួល ដើម្បីឱ្យ​តម្លៃ​ទីផ្សារ​នៅ​ថេរ ដដែល ឬ​ឡើង​ខ្ពស់ជាង​នេះ ព្រោះ​ពួកគាត់​ត្រូវ​ការជួល​ដី​គេ​ដាំដំឡូង​មី ជួល​កម្មករ​ប្រមូល​ផល និង​ជួល​រថយន្ត​គេ​ដឹក​យកទៅលក់​ផងដែរ បើ​តម្លៃ​ទីផ្សារ​នៅ​ខ្ពស់ គាត់​អាច​នឹង​សល់​ថវិកា​ខ្លះៗ សម្រាប់ យកទៅ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ ។

 

ចំណែក​បុរស​ម្នាក់ទៀត​មាន ឈ្មោះ ហែម ភី​ន អាយុ​៧១​ឆ្នាំ  បាន​រៀបរាប់​ឱ្យដឹងថា ៖ គាត់​បាន​ដាំដំឡូង​មី ចំនួន​៤​ហិកតា នៅលើ​ដីចម្ការ​របស់ខ្លួន តាំងពី​ដើមឆ្នាំ​២០២០​មក​ម្លេះ ហើយ​បន្ទាប់ពី​ប្រមូល​ផល​នៅក្នុង​ចម្ការ​ខាងលើ​រួចរាល់ គាត់​នឹង​ហៅ​កម្មករ​ទាំងអស់នេះ ទៅ​ប្រមូល​ផល​នៅក្នុង​ចម្ការ​របស់ខ្លួន ដែរ ដើម្បី​លក់​យកប្រាក់​សងបំណុល​គេ ។ គាត់​បន្ថែមទៀតថា ដោយ​សង្កេតឃើញ​តម្លៃ​ទីផ្សារ​ដំ​ឡូ ង​មី​ឡើង​ខ្ពស់ត្រដែត​បែបនេះ គាត់​ពិតជា​មានការ​រំ​ភើ​ង​យ៉ាងខ្លាំង ហើយក៏​មិន​បង្អង់​យូរ​ដែរ ក្រែង តម្លៃ​ទីផ្សារ​ធ្លាក់ចុះ​វិញ នាំឱ្យ​លក់​ខាត​អស់​ច្រើន ។

 

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ឃឹម ប៉េង​ថុង ប្រធានការិយាល័យ​ច្រកទ្វារ​អន្តរជាតិ​ព្រំ បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​នេះ​ថា ៖ តម្លៃ​ទីផ្សារ​ដំឡូង​មី បាន​ស្ទុះ​ឡើង​ជាង​ឆ្នាំមុនៗ ក្នុង​១​គីឡូក្រាម ឈ្មួញ​ទិញ រហូតដល់​២.៧​បាត​(​ប្រាក់​ថៃ​) ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ។​

 

បើទោះបីជា​បញ្ហា​ជម្ងឺ​កូ​វីដ​១៩ កំពុង​វាយប្រហារ​ពិភពលោក​ក៏ដោយ ។ លោក​បន្តទៀតថា ប៉ុន្តែ​ក្រោយមក​តម្លៃ​ដំឡូង​មី​ស្រស់ មានការ​ធ្លាក់ចុះ​វិញ​បន្តិច ដោយ​១​គីឡូ ក្រាម​ឈ្មួញ​ទិញ​ត្រឹមតែ ២.៥​បាត​ប៉ុណ្ណោះ ដោយសារតែ​ខាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថៃ និង​អាជ្ញាធរ​ថៃ ចុះមក​ត្រួតពិនិត្យ​នៅ​ព្រំដែន កម្ពុជា​ថៃ ដោយ​មិន​អនុញ្ញាតិ​ឱ្យ​ដឹក​កសិផល​ដំឡូង​មី​លើស​ទម្ងន់​នោះឡើយ ។​

 

លោក​បញ្ជាក់ថា ដូច្នេះ សូមឱ្យ​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ប៉ៃលិន ប្រញាប់​ប្រមូល​ផល​ឱ្យទាន់​ពេលវេលា ខណ​:​ពេលដែល​កសិផល​ដំឡូង​មី​កំពុង​ឡើងថ្លៃ បើ​ទុក​យូរ​ទៀត អាច​នឹង​នៅ​ដដែល ឬក៏​ធ្លាក់ចុះ​ជាង​មុន ។​

 

ចំពោះ​ការបង់ប្រាក់​ថ្លៃ​នាំចេញ ខាងយើង​មិន​ទាមទារ​ឱ្យ​ឈ្មួញ​បង់ប្រាក់​ហួសកំណត់​នោះទេ ដើម្បីឱ្យ​ខាង​មន្ត្រី​ប្រចាំការ​នៅ​ច្រកទ្វារ មាន​ថវិកា​សម្រាប់​ទិញ​ទឹក​ផឹក និង​ទិញ​នំចំណី​ខ្លះៗ ដែរ ហើយ​ចំពោះ​បញ្ហា​ចោទថា ខាង​មន្ត្រី​នៅ​ស្ថាប័ន​ទាំងអស់​ទារ​យក​ថវិកា​ពី​ឈ្មួញ​ច្រើន គឺ​មិន​ពិត ប្រាកដ​នោះទេ គឺ​ឈ្មួញ​មានការ​រកស៊ី​កាច់​កុង​គ្នា ទើប​ទម្លាក់កំហុស​ទៅលើ​ច្រកទ្វារ ហើយ​ខាង​លោក ក៏​ខិតខំ​ធ្វើការ​សម្របសម្រួល​ឱ្យ​ភាគី​ថៃ មានការ​បញ្ចុះ​ការបង់ថ្លៃ​កសិផល​ដែល​នាំចូល ទៅ​ប្រទេស​របស់ខ្លួន​ផងដែរ ៕​

 

ពលរដ្ឋ​សម្រុក​ដក​មើមដំឡូង​មី ខណ​:​ទីផ្សារ​ហក់​ឡើង​ខ្ពស់ ទោះ​មិនទាន់​ដល់ពេល​ប្រមូល​ផល​

 

 

PLB Banner on article detail

អត្ថបទពេញនិយម