ជាប់គុកបីដងមិនរាងចាល ចេញមកលួចទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់

ថ្ងៃសុក្រ 27 វិច្ឆិកា 2020, 12:57

ខេត្តបាត់ដំបង ! ជនសង្ស័យចំនួន០២នាក់ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារបីដងមិនរាងចាល ចេញមកវិញប្រព្រឹត្តលួចដដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនជាលើកទីបួន។

 

លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានអោយដឹងថា ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ លោក​ឧត្ដមសេនីយ៍​ត្រី​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​មាន​ការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី​ ឯកឧត្ដម​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ផងនោះ នៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០ វេលាម៉ោង ១៨និង២០ នាទី លោកបានដឹកនាំកម្លាំងក្រុមបង្ការបង្ក្រាបចុះនៅចំណុចភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ដោយបានធ្វើការបង្ក្រាបករណីលួចមាន​ស្ថានទម្ងន់​ទោស​( កាច់សោរ​យកម៉ូតូ )០១ករណី និងបានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ។

 

 ជនសង្ស័យត្រូវបានឃាត់ខ្លួនទី១- ឈ្មោះ ជា ចាន់ថន ភេទប្រុស អាយុ ៣៥ឆ្នាំ ,ទី២- ឈ្មោះ ជា ចាន់ថុល ភេទប្រុស អាយុ ៣១ឆ្នាំ ទាំងពីរនាក់
បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិអូរខ្ជាយ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគារ ចំនួន​០៣​លេីក​ ដែលពាក់ព័ន្ធនឹងករណីលួចដូចគ្នា ។

 

លោកប្រធានការិយាល័យបញ្ជាក់បន្ថែមថា ជនសង្ស័យទាំង០២នាក់ខាងលើ កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២០​ បានធ្វើសកម្មភាពលួច ( យកម៉ូតូ១គ្រឿង ) របស់ជនរងគ្រោះឈ្មោះ លេង វុត្ថា ភេទប្រុស​ អាយុ​ ៤៤​ ឆ្នាំ​ មានទីលំនៅភូមិ ពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងបានគេចខ្លួនមិនបានប៉ុន្មានក៏ត្រូវសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនបានតែម្តង។

 

 ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ៖
- ម៉ូតូ ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៨  ពាក់ស្លាកលេខ បាត់ដំបង 1AD 8405 ( ជាម៉ូតូរបស់ជនរងគ្រោះ ) និង ០១គ្រឿងទៀតម៉ាក ស៊ូស៊ូគីស្មាស់វី ពណ៌ក្រហម ស៊េរីឆ្នាំ​ ២០១១​ ពាក់ស្លាកលេខ ភ្នំពេញ 1BA 6367 ( ជាម៉ូតូជនសង្ស័យជិះធ្វើសកម្មភាព ) ។

 

 បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ចាត់ការបន្តតាមនីតិវិធី ។

ជាប់គុកបីដងមិនរាងចាល ចេញមកលួចទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់
ជាប់គុកបីដងមិនរាងចាល ចេញមកលួចទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់
ជាប់គុកបីដងមិនរាងចាល ចេញមកលួចទៀត ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន០២នាក់

PLB Banner on article detail