មានជនខិលខួចចង់លួចស៊ីដាច់ដីបន្ទាយទាហានផ្នែកសឹករងអង្គរបុរីធ្វើជាកម្មសិទ្ធិ

ថ្ងៃអង្គារ 1 តុលា 2019, 12:37

(តាកែវ)៖ មហាជនបានលើកឡើងថាដីបន្ទាយទាហានផ្នែកសឹករងស្រុកអង្គរបុរីខេត្តតាកែវដែលមានទំហំជាង៤០០០មែត្រការ៉េកំពុងមានអ្នកចង់លួចស៊ីដាច់ដោយប្រើរូបភាពធ្វើតូបជួលឱ្យពលរដ្ឋលក់ដូរទំនិញ។

មានជនខិលខួចចង់លួចស៊ីដាច់ដីបន្ទាយទាហានផ្នែកសឹករងអង្គរបុរីធ្វើជាកម្មសិទ្ធិ

តាមការលើកឡើងពីមហាជនបានឱ្យដឹងទៀតថាការសាងសង់អគារដែករាប់ពាន់មែត្រការ៉េបានសាងសង់រួចរាល់អស់ ហើយនិងបានសង់ចែកជាបន្ទប់ជួលដោយក្នុងមួយបន្ទប់មានតម្លៃ៣០ដុល្លារក្នុង១ខែ។

តាមសេចក្ដីរាយការណ៍ដដែលបានបញ្ជាក់ទៀត ថាតាមពិតការសាងសង់អគារដែករាប់ពាន់មែត្រការ៉េ នេះជាការបំភ័ន្តភ្នែកពលរដ្ឋទេ តាមធាតុពិត គឺមានការឃុបឃិតគ្នា ដើម្បីស៊ីដាច់ដីបន្ទាយទាហាននេះពាក់កណ្ដាល ប្រសិនជាមិនមានផ្ទុះប្រតិកម្មណាមួយពីស្ថាប័នពាក់ព័ន្ធ។

ជុំវិញករណីខាងលើលោកឡេង ខូវប្រធានការិយាល័យភូមិបាលស្រុកអង្គរបុរីបានឱ្យដឹងថាលោកពិតជាបានឮពាក្យចរចាមអារ៉ាមថាមានអ្នក ចង់ឃុបឃិតស៊ីដាច់ដីបន្ទាយទាហានខាងលើពិតប្រាកដមែនហើយកាលពីពេលថ្មីៗនេះលោកបានចុះទៅធ្វើការវាស់វែងតាមការស្នើសុំពីលោកអ៊ូច យីមេបញ្ជាការផ្នែកសឹករងស្រុកអង្គរបុរីដែរ តែលោកមិនបានបំពេញឯកសារពាក់ព័ន្ធណាមួយចំពោះដីបន្ទាយទាហាននេះទេ ហើយលោកក៏បានបញ្ជាក់ថាចង់ស៊ីដីនេះបានលុះត្រាតែមានការឃុបឃិតគ្នាជាប្រព័ន្ធពីថ្នាក់ក្រោមដល់ថ្នាក់លើទើបបានជោគជ័យ។

លោក​បន្ថែម​ទៀត​ថា​ ចំពោះ​ការសាងសង់​អគារ​ដែក​ចាប់ពី៥០០មែ​ត្រ​ការ៉េ​ឡើង​ទៅ​ត្រូវ​សុំច្បាប់​អនុញ្ញាត​ពី​មន្ទី​រសុរិយោដី​នគរូបនីយកម្ម​ និង​សំណង់​ តែ​ចំពោះ​អគារ​ដែក​ខាងលើ​លើស៥០០មែ​ត្រ​ការ៉េ​ ហើយ​តែ​មិន​មានច្បាប់​អនុញ្ញាតទេ​។

ពាក់ព័ន្ធ​ករណីនេះ​ដែរ​លោក​អ៊ូច​ យី​មេបញ្ជាការ​តំបន់​ប្រតិបត្តិ​ការ​សឹក​រង​ស្រុក​អង្គរបុរី​បានឱ្យ​ដឹង​ថា​ លោក​មិនបាន​ដឹង​អីទាំងអស់​រឿង​ចង់ស៊ី​ដាច់​ដី​បន្ទាយ​មួយ​នេះ​ តែ​លោក​បាន​ទទួលបញ្ជា​ពី​លោក​សេក​ រស់​ មេបញ្ជាការ​តំបន់សឹករង​ខេត្តតាកែវ​ ដែល​ទើប​ចូល​និ​វត្ត​ថ្មី​ៗប្រាប់​លោក​ថាឱ្យ​បុគ្គល​ឈ្មោះ​គឹម​ ហាន​មេបញ្ជាការ​រង​ស្រុក​អង្គរបុរី​ជា​អ្នកសាង​សង់​អគារ​ដែក​សម្រាប់​ជួល​លើស​ពីនេះ​លោក​អត់​ដឹង​អីទាំងអស់​។

តែ​លោក​បញ្ជាក់​ជាចុងក្រោយ​ថា​លោក​នៅ​ទីនេះ​ជិត៣០ឆ្នាំ​ហើយ​ មិនដែល​មាន​ថ្លើមធំ​ហ៊ាន​ចង់ស៊ី​ដី​បន្ទាយ​នេះ​ទេ​ ហើយ​លោក​បាន​ទទួលបញ្ជា​ពី​ខាង​សាលាស្រុក​អង្គរបុរី​ឱ្យទៅ​យក​ប្លង់ដី​បន្ទាយ​ពី​ខេត្ត​មក​រក្សាទុក​វិញ​។

ចំណែក​លោក​នួន​ សុធា​ប្រធានមន្ទីរ​សុរិយោដី​នគរូបនីយកម្ម​ និង​សំណង់​ខេត្តតាកែវ​បានឱ្យ​ដឹង​ថា​ លោក​មិនបាន​ទទួល​របាយការណ៍​ណាមួយ​ពី​ការសាងសង់​អគារ​ដែក​រាប់ពាន់​មែ​ត្រ​ការ៉េ​ក្នុង​បន្ទាយទាហាន​នៅ​ស្រុក​អង្គរបុរី​ទេ​ តែ​លោក​នឹង​សួរ​ទៅ​កូនចៅ​របស់​លោក​ប្រចាំ​នៅ​ស្រុក​នោះ​៕

មានជនខិលខួចចង់លួចស៊ីដាច់ដីបន្ទាយទាហានផ្នែកសឹករងអង្គរបុរីធ្វើជាកម្មសិទ្ធិ
PLB Banner on article detail