រថយន្ត​ច្រើន​គ្រឿង ​ដឹក​ដី​ប្រណាំង​គ្នា​ បង្ក​ក្តីព្រួយបារម្ភ​ដល់​​ពលរដ្ឋភូមិប​រយ៉ា​ខា

ថ្ងៃសុក្រ 14 ឧសភា 2021, 10:1

​ប្រជាពលរដ្ឋ រស់នៅក្នុង​ភូមិប​រយ៉ា​ខា ភូមិបរ​តាំង​ស៊ូ និង​ភូមិ​អូរ​ស្ងួត សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន បាននាំគ្នា​រអ៊ូរទាំ រឿង​ឈ្មួញ​៣​នាក់ បាន​យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី ដឹក​ប្រណាំង​គ្នា​នៅលើ​ផ្លូវ​ក្រាល​កៅស៊ូ យកទៅ​លក់ដូរ​នៅតាម​ភូមិ បណ្តាលឱ្យ​ហុយ​ចូល​ផ្ទះ ពួកគាត់ លំបាក​ក្នុង​ការរស់នៅ អត់​ឃើញ​ម្ចាស់​រថយន្ត​បូមទឹក​ស្រោច ឬ​យក​ស្បៃ​គ្រប​ដី​នៅលើ​រថយន្ត​ដឹក​ដី​នោះឡើយ ពោលគឺ​ចំហរ​ធ្លុង​តែម្តង ។

 

​ហេតុការណ៍​ឈ្មួញ​៣​នាក់ យក​គ្រឿងចក្រ​ទៅ​ជីក​កកាយ​ដី ចំនួន​៣​កន្លែង ដឹក​លក់​យ៉ាង​គគ្រឹកគគ្រេង​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២១ ស្ថិតនៅក្នុង​ភូមិប​រយ៉ា​ខា និង​ភូមិបរ​តាំង​ស៊ូ សង្កាត់​ប​រយ៉ា​ខា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

 

 ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​មានផ្ទះ​នៅក្បែរ​ផ្លូវ​ក្រាល​កៅស៊ូ​ខាងលើ បាន​រៀបរាប់​ទាំ ង​ត្អូញត្អែរ​ឱ្យដឹងថា ៖ មាន​ក្រុម​ឈ្មួញ​៣​នាក់ បាននាំគ្នា​សម្រុក​ជីក​កកាយ​ដី ដឹក​លក់​យ៉ាង​គគ្រឹក​គ គ្រេង ហើយ​ថែមទាំង​បើករថយន្ត​ល្បឿន​លឿន ដូច​បើកបរ​ប្រណាំងប្រជែង​គ្នា នៅលើ​ដងផ្លូវ​ចង្អៀត ប្រញាប់​យកទៅលក់​នៅតាម​ភូមិ គឺ​អស់​រយ​:​ពេល​ជិត​១០​ថ្ងៃ​មកហើយ បណ្តាលឱ្យ​កំទេចធូលី​ដី​ហុយ​ចូល​ផ្ទះសម្បែង ស្ទើរ​ដកដង្ហើម​មិន​រួច បណ្តាលឱ្យ​កើត​ជំងឺ​ផ្តាសាយ ក្អក ជាពិសេស​ពួកគាត់​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព ខណ​:​ឃើញ​រថយន្ត​ដឹក​ដី​ទាំងនោះ​បើក​ក្នុង​ល្បឿន លឿន​ខ្លាំង ទាំង​ពេ ល​មាន​ដី​នៅលើ​រថយន្ត និង​ពេល​បើកបរ​រថយន្ត​ទទេ ឆ្ពោះទៅ​កន្លែង​ដឹក​ដី​ជាដើម ។​

 

​ចំណែក​ពេល ដែលមាន​ភ្លៀង​ធ្លាក់​ម្តងៗ បណ្តាលឱ្យ​កំទេច​ដី​នោះ​ក្លាយទៅជា​ភក់ជ្រាំ លុះ​អ្នកភូមិ​បើកបរ​ម៉ូតូ​ចេញចូល​តាម​ដងផ្លូវ​នេះ បណ្តាលឱ្យ​រអិល​ស្ទើរតែ​ដួល​ម៉ូតូ​បង្ក​គ្រោះថ្នាក់​ផងដែរ ។ ពួកគាត់​ក៏​សំណូមពរ​ឱ្យ​ម្ចាស់​គ្រឿងចក្រ​ទាំង​៣​នាក់​ខាងលើ ប្រាប់​តៃកុង​ឱ្យ​បន្ថយល្បឿន ព្រោះ​ជា​កន្លែង​ផ្លូវ​តូចចង្អៀត ហើយ​មាន​មនុស្ស​ចេញចូល​ច្រើន ។ ម្យ៉ាងវិញទៀត សូមឱ្យ​ម្ចាស់​រថយន្ត​គ្រប​ដី​ខាងលើ ពេល​ដឹក​យកទៅ​លក់ដូរ​នៅតាម​ភូមិ ដើម្បី​កុំឱ្យ​ហុយ ឬ​ធ្លាក់​ទៅលើ​ផ្លូវថ្នល់​នាំឱ្យមាន​បញ្ហា​ដល់​អ្នកធ្វើដំណើរ​លើផ្លូវ​ជាមួយគ្នា ។

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សុខ សួន ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ប៉ៃលិន បានឱ្យដឹងថា ៖ ឈ្មួញ​ទាំង​៣​នាក់​ខាងលើ គឺ​គេ​បាន​សុំច្បាប់​ទៅខាង​មន្ទីរ​លោក​អស់ហើយ ។ តែបើ​សិន​ជាមាន​ការដឹក​ដី​កំពប់​ទៅលើ​ផ្លូវថ្នល់ ឬ​មានការ​ហុយធូលី​ទៅលើផ្ទះ​ប្រជាពលរដ្ឋ ខាង​លោក​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល ដើម្បី​ធ្វើការ​អប់រំ​ណែនាំ ។

​ចំណែក​លោក ស៊ុន យី អភិបាលក្រុង​ប៉ៃលិន ក៏បាន​ឱ្យដឹង​ដែរ​ថា ៖ ខាង​លោក ក៏​នឹង​ចាត់​ឱ្យ​មន្ត្រី​ជំនាញ​ចុះទៅ​ពិនិត្យមើល ព្រមទាំង​ណែនាំ​ឱ្យធ្វើតាម​ច្បាប់ទម្លាប់​ត្រឹមត្រូវ ជៀសវាង​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន និង​ធ្លាក់​កំទេចធូលី​ដី​ទៅលើ​ផ្លូវថ្នល់ ប៉ះពាល់​ដល់​ការធ្វើដំណើរ​ផងដែរ ៕​

រថយន្ត​ច្រើន​គ្រឿង ​ដឹក​ដី​ប្រណាំង​គ្នា​ បង្ក​ក្តីព្រួយបារម្ភ​ដល់​​ពលរដ្ឋភូមិប​រយ៉ា​ខា

PLB Banner on article detail