ជិះម៉ូតូមិនប្រយ័ត្នជ្រុលបុករថយន្តចតស្ងៀមបណ្តាលអោយស្លាប់និងរបួសធ្ងន់ ០២នាក់

ថ្ងៃសុក្រ 24 កញ្ញា 2021, 7:52

ខេត្តបាត់ដំបង÷ យ៉ាងហោចណាស់មនុស្ស០២នាក់បានស្លាប់និងរបួសធ្ងន់ខណៈដែលជិះម៉ូតូខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តធុនធ្ងន់ដែលចតស្ងៀម។

លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា÷ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅព្រលប់ ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល  ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញមនុស្ស០២នាក់ជិះម៉ូតូម៉ាកវ៉េវ ពណ៍ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខបាត់ដំបង ១AA-១៦០៨ បើកបរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុករថយន្តដឹកទំនិញធុនធ្ងន់ចតចោលពីក្រោយពេញទំហឹងបណ្តាលអោយមានមនុស្សស្លាប់និងរបួសតែម្តង។

អ្នកបើកបរម៉ូតូខាងលើឈ្មោះ សាន ចាន់រ៉ា ភេទប្រុស អាយុ ៥០ឆ្នាំ( ស្លាប់ )និងអ្នករួមដំណើរម្នាក់ទៀតមានឈ្មោះ ចាន់ ចំរើន ភេទប្រុស អាយុ៥១ឆ្នាំ រងរបួសធ្ងន់ ដែលទាំងពីរនាក់ មានទីលំនៅភូមិប៉ោយយង់ ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង ចំណែកភាគីរថយន្តដឹកទំនិញធុនធ្ងន់ម៉ាកហ៊ីយ៉ាន់ដាយ ព៌ណស លាយក្រហម ពាក់ផ្លាកលេខព្រះសីហនុ ៣A-៥៦៧៤ បើកបរដោយឈ្មោះ ហ៉ិប ស៊ុល ភេទប្រុស អាយុ ៤០ឆ្នាំ មានទីលំនៅភូមិដូនប៉ែន ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មិនមានរបួស គេចខ្លួនបាត់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ចុះធ្វើកំណត់ហេតុវ៉ាស់វែយក មធ្យោបាយទាំងពីរទៅរក្សាទុកនៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធី ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ដោយឡែកសពត្រូវបានប្រគល់អោយសាច់ញាតិយករៀបចំធ្វើបុណ្យតាមប្រពៃណី៕

ជិះម៉ូតូមិនប្រយ័ត្នជ្រុលបុករថយន្តចតស្ងៀមបណ្តាលអោយស្លាប់និងរបួសធ្ងន់ ០២នាក់
ជិះម៉ូតូមិនប្រយ័ត្នជ្រុលបុករថយន្តចតស្ងៀមបណ្តាលអោយស្លាប់និងរបួសធ្ងន់ ០២នាក់

PLB Banner on article detail