ឆ្លងចរន្តឆ្នាំងដាំបាយអគ្គិសនីបណ្តាលឲ្យឆក់ស្លាប់បុរសម្នាក់ភ្លាមៗ

ថ្ងៃព្រហស្បតិ៍ 1 កក្កដា 2021, 9:53

ខេត្តបាត់ដំបង៖ បុរសម្នាក់សង្ស័យ ឆ្លងចរន្តភ្លើងពីឆ្នាំងដាំបាយអគ្គិសនី បណ្តាលអោយឆក់ស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ នៅចំណុចក្រុមទី ២៦ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

សពជនរងគ្រោះ ឈ្មោះ ម៉ៅ ឈាង ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅក្រុមទី២៦ ភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

បើតាមការបំភ្លឺពីស្ត្រីឈ្មោះ អន សារុំ អាយុ ៣៧ឆ្នាំ ដែលត្រូវជាប្រពន្ធជនរងគ្រោះបានអះអាងថា៖ នៅវេលាម៉ោងប្រហែល ១៧និង០០នាទីមុនពេលកើតហេតុខ្លួននិងប្ដីបានរាយខ្សែភ្លើងចេញពីផ្ទះបាយទៅខាងក្រោយផ្ទះដើម្បីបូមទឹកទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ដោយខ្លួននៅខាងក្រៅ ចំណែកឯប្ដីនៅខាងក្នុង ជាមួយគ្នានោះប្តីរបស់គាត់ក៏បានបោះខ្សែភ្លើងឲ្យគាត់តាមបង្អួច លុះក្រោយមកដោយបាត់ប្តីមិនឃើញចេញមកក្រៅ ខ្លួនមិនអស់ចិត្តក៏ដើរទៅមើលស្រាប់តែឃើញប្តីដួលទ្រោបពីលើឆ្នាំងដាំបាយអគ្គិសនីដែលចាស់និងកំពុងដោតភ្លើងដាំបាយឆក់ស្លាប់បាត់ទៅហើយ។

ស្ត្រីជាប្រពន្ធបានបញ្ជាក់បន្ថែមថា៖ ឆ្នាំងដាំបាយអគ្គិសនីដែលចាស់របស់គាត់នេះ រយៈពេលកន្លងមកក៏ធ្លាប់ឆក់គាត់ម្តងរួចមកហើយដែរប៉ុន្តែសំណាងល្អមិនបណ្តាលអោយមានគ្រោះថ្នាក់អ្វីកើតឡើងនោះទេ។

ករណីខាងលើនេះដែរ ក្រោយពេលកើតហេតុភ្លាមៗសមត្ថកិច្ចជំនាញបានចុះទៅដល់ទីតាំងកើតហេតុរួចពិនិត្យធ្វើ កោសល្យវិច័យបញ្ជាក់ថាជនរងគ្រោះពិតជាបានឆក់ចរន្តអគ្គិសនីស្លាប់ប្រាកដមែន ហើយបានធ្វើកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ឆ្លងចរន្តឆ្នាំងដាំបាយអគ្គិសនីបណ្តាលឲ្យឆក់ស្លាប់បុរសម្នាក់ភ្លាមៗ

PLB Banner on article detail