ករណីឃាតកម្មបង្កដោយបុរសជាប្តី រៀបបណ្ដាញខ្សែភ្លើងអោយឆក់ប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម

ថ្ងៃសៅរ៍ 3 មេសា 2021, 21:33

ខេត្តបាត់ដំបង៖ ស្ត្រីម្នាក់បានដេកស្លាប់ផ្កាប់មុខយ៉ាងអាណោចអាធ័មក្រោយពីឆក់ខ្សែភ្លើងដែលបុរសជាប្តីរៀបចំផ្លុងទុកចោលនៅបរិវេណខាងក្នុងផ្ទះរបស់ខ្លួន។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍ឃាតកម្មដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅរសៀលថ្ងៃទី ០៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ស្ត្រីរងគ្រោះឈ្មោះ ជា ចាន់រចនា   អាយុ២៩ឆ្នាំ និងបុរសជនសង្ស័យជាប្តី ឈ្មោះ ពេជ្រ ធារ៉េត ហៅ ស្នា អាយុ៣១ឆ្នាំ ទាំងពីរនាក់រស់នៅភូមិបោះពោធិ៍   ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

បើតាមការលើកឡើងពីស្ត្រីដែលជាម្តាយសពជនរងគ្រោះបានអោយដឹងថា កូនរបស់គាត់តែងតែមានការឈ្លោះប្រកែកគ្នាជាប្រចាំមកហើយ ដោយសារកូនប្រសាប្រុសតែងផឹកស្រានិងប្រើប្រាស់ថ្នាំញៀនហើយរករឿងប្រពន្ធកូនស្ទើររៀងរាល់ថ្ងៃ ហើយមានថ្ងៃខ្លះក៏ធ្លាប់ចាក់សោកូននៅក្នុងផ្ទះផងដែរ។

ស្ត្រីជាម្តាយបានបញ្ជាក់ទៀតថា នៅថ្ងៃកើតហេតុនេះកូនស្រីគាត់ជាជនរងគ្រោះ ព្រមទាំងប្តីនិងកូនៗពីរនាក់របស់ពួកគេបាននៅជួបជុំលេងផ្ទះរបស់គាត់(ម្តាយ)ដែលនៅមិនឆ្ងាយពីគ្នាប៉ុន្មានទេ លុះក្រោយមកកូនប្រសារប្រុសដែលជាជនសង្ស័យបានយកទឹកដោះគោអោយកូននិងហៅកូនអោយចុះពីផ្ទះដោយមានទាំងខ្សែភ្លើងកាន់នឹងដៃផង តែកូនៗមិនព្រមចុះទេ ដោយសារឪពុកធ្លាប់ហៅយកទៅចាក់សោទុកក្នុងផ្ទះម្តងហើយ ភ្លាមនោះកូនប្រសារប្រុសកីបានជិះម៉ូតូទៅផ្ទះរបស់គេបាត់ទៅ។

មួយសន្ទុះក្រោយមក កូនស្រីជាជនរងគ្រោះក៏បានទៅតាមក្រោយគោលបំណងដើម្បីទៅយកសៀវភៅគ្រួសារនិងខោអាវបោកដើម្បីទៅរកការងារធ្វើ ព្រោះអត់លុយចាយ លុះក្រោយមកក៏ស្រាប់តែមានការភ្ញាក់ផ្អើលថា កូនស្រីបានឆក់ខ្សែភ្លើងស្លាប់បាត់ហើយ  ភ្លាមនោះគាត់ក៏នាំគ្នាទៅមើលនិងរាយការណ៍មកសមត្ថកិច្ចក្នុងមូលដ្ឋានអោយចុះទៅផងដែរ។

សមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលបានព័ត៌មាននេះភ្លាមពួកគាត់ក៏នាំគ្នាចុះទៅដល់កន្លែងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យជាប្តីសួរនាំ ក្រោយពីសួរនាំរួច នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាខ្លួនគេពិតជាបានរៀបចំបណ្តាញខ្សែភ្លើងទុកឆក់ប្រពន្ធខ្លួនឯងពិតប្រាកដមែន ដោយសារតែប្រពន្ធតែងតែសុំខ្លួនលេងលះគ្នា។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានចាប់បញ្ជូនទៅកាន់ផ្នែកនគរបាលជំនាញដើម្បីចាត់ការតាមនីតិវិធីដោយឡែកសពត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពែណីនៅផ្ទះខាងម្តាយ។

គួរបញ្ជាក់ផងដែរថា បើយោងតាមប្រភពមុននេះបន្តិចបានអោយដឹងថា បុរសជនសង្ស័យជាប្តីក្រោយពីឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែ ក្រោយមកក៏បានគាំងបេះដូងស្លាប់ទៅជាមួយផងដែរ។សាលី

ករណីឃាតកម្មបង្កដោយបុរសជាប្តី រៀបបណ្ដាញខ្សែភ្លើងអោយឆក់ប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម
ករណីឃាតកម្មបង្កដោយបុរសជាប្តី រៀបបណ្ដាញខ្សែភ្លើងអោយឆក់ប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម
ករណីឃាតកម្មបង្កដោយបុរសជាប្តី រៀបបណ្ដាញខ្សែភ្លើងអោយឆក់ប្រពន្ធស្លាប់យ៉ាងអាណោចអាធ័ម

PLB Banner on article detail