​កំពង់ផែ​ទេសចរណ៍​ខេត្ត​កែប​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ចុងឆ្នាំ​នេះ​

ថ្ងៃព្រហស្បតិ៍ 4 កុម្ភៈ 2021, 10:7

កែប​គឺជា​ខេត្ត​ឆ្នេរសមុទ្រ​ដ៍​មាន​សក្តានុពល​ទេសចរណ៍​មួយ​នៅ​ប្រទេស​កម្ពុជា បន្ទាប់ពី​ខេត្ត​ព្រះសីហនុ និង​ខេត្តកំពត​។ ខេត្ត​នេះ​មាន​ឆ្នេរសមុទ្រ​សរុប​ប្រវែង ២៦.៥០​គ​.​ម មាន​កោះ​ចំនួន​១២ និង​មាន​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​ទូទាំង​ខេត្ត​ចំនួន​៣៥​កន្លែង ដែល​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ច្រើន​កុះករ​ជា​រៀងរាល់ឆ្នាំ​។​

 

​ប៉ុន្តែ​កាលពី​ឆ្នាំ​២០២០​កន្លងទៅនេះ ចំនួន​ភ្ញៀវ​ទេសចរណ៍​នៅ​ខេត្ត​កែប​បាន​ធ្លាក់ចុះ​២០​ភាគរយ ដោយសារ​ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា និង​នៅ​ទូទាំង​ពិភពលោក​។ យ៉ាងណាក៏ដោយ វិស័យ​មួយ​នេះ​ត្រូវ​រំពឹងថា​នឹងមាន​សន្ទុះ​ខ្លាំងក្លា​ឡើងវិញ​នៅ​ឆ្នាំនេះ ជាមួយនឹង​ការបញ្ចប់​គម្រោង​សាងសង់​កំពង់ផែ​កោះទន្សាយ និង​សុទិដ្ឋិនិយម​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​។​

 

​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី «​វឌ្ឍនភាព​មូលដ្ឋាន​ឃុំ សង្កាត់ និង​ទិសដៅ​ការងារ​បន្ត​របស់​ខេត្ត​កែប​» នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក ម៉ម ទូច ប្រធាន​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​ខេត្ត​កែប​មានប្រសាសន៍ថា​៖ «​គម្រោង​ជួសជុល​កែលម្អរ​កំពង់ផែ​ទេសចរណ៍​កោះទន្សាយ​នឹងត្រូវ​សាងសង់​ចប់​នៅ​ខែសីហា ឆ្នាំ​២០២១​នេះ បន្ទាប់ពី​ត្រូវបាន​ពន្យា​ពេល​អស់​មួយរយៈ​ដោយសារ​បញ្ហា​បច្ចេកទេស និង​ជំងឺ​កូ​វីដ​១៩​។​»

 

​លោក ម៉ម ទូច បាន​បន្តថា គម្រោង​កំពង់ផែ​នេះ​នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​ឱ្យ​កាន់​តែមាន​ភាព​ទាក់ទាញ និង​ងាយស្រួល​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ឱ្យ​មកលេង​ខេត្ត​ទេសចរណ៍​មួយ​នេះ​កាន់តែច្រើន​ថែមទៀត​។​

​កំពង់ផែ​ទេសចរណ៍​ខេត្ត​កែប​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ចុងឆ្នាំ​នេះ​

PLB Banner on article detail

អត្ថបទពេញនិយម