ខេត្តបាត់ដំបង! ជនសង្ស័យចំនួន០១នាក់ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ចុះធ្វើការបង្ក្រាបឃាត់ខ្លួនពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។
លោកវរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនបានអោយដឹងថា នៅក្នុងកិច្ចចុះប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១០និង០០នាទី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចក្រុមទី០៧ ភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង ។
ជាមួយគ្នាទៅនឹងកិច្ចប្រតិបត្តិការនេះដែរសមត្ថកិច្ចជំនាញបានធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ឈ្មោះ អាង សុខណាង ហៅ តុល ភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅក្នុងភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រួមជាមួយវត្ថុតាងចាប់យកបានរួមមាន៖
-ថ្មាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE)ចំនួន ០៤កូនថង់ ទម្ងន់ ៣,៣២ក្រាម
-ទូរស័ព្ទដៃចំនួន ០២គ្រឿង -ការបូបដាក់លុយចំនួន០១ និងប្រាក់ខ្មែរចំនួន ២០០០០រៀល រួមជាមួយសម្ភារៈប្រើប្រាស់ថ្នាំញៀនមួយចំនួនផងដែរ។
ជនសង្ស័យក្រោយពីឃាត់ខ្លួនរួមជាមួយវត្ថុតាងផងនោះ រហូតមកដល់ពេលនេះត្រូវបានសមត្ថកិច្ចការិយាល័យជំនាញកំពុងរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតីវិធី។