ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​ពី បទ​រក្សាទុក​ថ្នាំញៀន​ពីរ​ករណី​ផ្សេងគ្នា​

ថ្ងៃអង្គារ 26 មករា 2021, 12:48

​ខេត្តបាត់ដំបង​! កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​និង​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ពីរ​ករណី​ផ្សេងគ្នា​។​

 

​លោក​វរសេនីយ៍ឯក សុខ និមល ប្រធានការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានអោយដឹងថា នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើ​នេះដែរ​ករណី​ទី​១ ធ្វើឡើង​ដោយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល នៅវេលា​ម៉ោង ១៧​និង​០០​នាទី ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១ នៅ​ចំណុច​ភូមិ​អង់​ត្បូង ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។

​ជាមួយ​កិច្ចប្រតិបត្តិការ​ខាងលើ​នេះដែរ​សមត្ថកិច្ច​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់​រួមមាន​៖
១-​ឈ្មោះ រ៉​ន សុក ហៅ ហុង​ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អង់​ត្បូង ឃុំ​តាពូង ស្រុក​ថ្មគោល​
២-​ឈ្មោះ សួស សាន់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ទំពូង​ជើង ឃុំ​តាពូង ស្រុក​ថ្មគោល ខេត្តបាត់ដំបង ជាមួយ​វត្ថុតាង​មាន​៖
-​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​០៤​ថង់​ទម្ងន់ ០,៥០​ក្រាម និង​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង​។​

 

​ករណី​ទី​២ ធ្វើឡើង​ដោយ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឯក​ភ្នំ នៅវេលា​ម៉ោង ១៦​និង​៣០​នាទី ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២១
​នៅ​ចំណុច​ភូមិ​ព្រែក​ក្រូច ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ​។ ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១​នាក់ ឈ្មោះ ជាល សៅ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​នរិន្ទ  ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ជាមួយ​វត្ថុតាង -​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​០២​ថង់​ទម្ងន់ ០,៥១​ក្រាម​។​

 

ក្រោយ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង រហូតមកដល់​ថ្ងៃនេះ​ត្រូវបាន​សមត្ថកិច្ច​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​

ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​ពី បទ​រក្សាទុក​ថ្នាំញៀន​ពីរ​ករណី​ផ្សេងគ្នា​

PLB Banner on article detail

អត្ថបទពេញនិយម