សម្ដេច​ក្រឡាហោម ស ខេង​៖ អំពើហិង្សា​ផ្លូវភេទ​គ្រប់​ទម្រង់ នៅតែ​ជា​ក្ដីកង្វល់ ដែល​ទាមទារ​ត្រូវ​ដោះស្រាយ​ជា​ចំ​បាច់​

ថ្ងៃអង្គារ 19 មករា 2021, 11:3

​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ ព្រមទាំង​បញ្ហា​គ្រឿងញៀន នៅតែ​ជា​ក្ដីកង្វល់​ចំពោះមុខ ដែល​ទាមទារ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ត្រូវ​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​ត្រឹមត្រូវ​បំផុត​។​

 

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​បែបនេះ ក្នុង​កម្មវិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ផែនការ​សកម្ម​ភាពជា​តិ ស្ដីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ដ្រី ២០១៩-២០២៣ នា​ព្រឹក​ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២០ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា​។​

 

​សម្ដេច​ក្រឡាហោម បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​បញ្ហា​អំពើហិង្សា​ក្នុង​គ្រួសារ ការរំលោភ​សេពសន្ថវៈ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ​លើ​ស្ត្រី និង​កុមារ ព្រមទាំង​បញ្ហា​គ្រឿងញៀន នៅតែ​ជា​កង្វល់​ចំពោះមុខ​របស់​យើង​នៅឡើយ​។ បញ្ហា​ទាំងអស់នេះ ទាមទារ​ឱ្យ​យើងទាំងអស់គ្នា​ជា​អ្នកពាក់ព័ន្ធ បន្ត​យកចិត្តទុកដាក់​ខិតខំ​ប្រឹងប្រែង​ពុះពារ​ជំនះ និង​ដោះស្រាយ​ប្រកបដោយ​យុត្តិធម៌ និង​កាន់​តែមាន​ប្រសិទ្ធភាព​ថែមទៀត​ដើម្បីឱ្យ​ប្រជាជន​យើង ជាពិសេស​ស្ត្រី​កម្ពុជា​ដែលមាន​ចំនួន រហូតដល់​៥២​ភាគរយ នៃ​ប្រជាជន​សរុប​រស់នៅ​ប្រកបដោយ​ការគោរព​សិ​ទិ្ធ សេចក្តីសុខ និង​សុវត្ថិភាព​ក្នុង​ជីវិត និង​ភាពសុខដុមរមនា​ក្នុងសង្គម​»​។​

 

​សម្ដ​ច​ក្រឡាហោម បន្ដថា ដើម្បី​សម្រេចបាន​គោលបំណង​នេះ រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល ទី​១ ទី​២ ទី​៣ និង​ទី​៤ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ កម្មវិធី​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ គោលនយោបាយ និង​កម្មវិធី​តាម​វិស័យ ជាពិសេស ការអនុវត្ត​គោលនយោបាយ ភូមិ​-​ឃុំ មាន​សុវត្ថិភាព ដែល​លក្ខ​ណៈស​ម្ប​តិ្ត​ទី​៣​ចែងថា «​គ្មាន​អំពើ​អនាចារ ការជួញដូរ​ស្ត្រី​និង​កុមារ និង​អំពើហិង្សា​ក្នុង​គ្រួសារ » ព្រមទាំង បាន​បង្កើត​យន្តការ លិខិតបទដ្ឋាន​គតិយុត្ត គោលនយោបាយ និង​ផែនការ​សកម្មភាព​ជាតិ​នានា ដើម្បី​ឆ្លើយតប​ចំពោះ​អំពើហិង្សា​គ្រប់​ទម្រង់​លើ​ស្ត្រី និង​ក្មេងស្រី និង​លើកកម្ពស់​គុណភាព​និង​ប្រសិទ្ធភាព​នៃ​ការផ្តល់ សេវា​ជា​ពហុ​វិស័យ​ជួយ​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​ឱ្យបាន​ទាន់ពេលវេលា​។

 

​សម្ដេច​ក្រឡាហោម បន្ថែមថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​នឹង​កំពុង​បន្ត​បោះជំហាន​ទៅមុខ​លើ​ទិសដៅ ដ៏​ត្រឹមត្រូវ និង​ប្រកបដោយ​យុទ្ធសាស្ត្រ​ក្នុងការ​ពង្រឹង​ស្ថាប័ន និង​កិច្ចការពារ​ដល់​ប្រជាពលរដ្ឋ ជាពិសេស​គឺ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ស្ត្រី និង​កុមារ​នៅ​កម្រិត​សហគមន៍​ដើម្បី​ធានា​នូវ​សិទ្ធិ​ស្មើភាព​គ្នា​រវាង​ស្ត្រី​និង​បុរស​។​

 

​ជាងនេះទៅទៀត សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​លើកឡើងថា «​យើង​ជឿជាក់ថា ផែនការ​សកម្ម​ភាពជា​តិ ស្តីពី​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ២០១៩-២០២៣​នេះ នឹង​ក្លាយជា​ផែនទី​តម្រង់ទិស​ដ៏​ស័ក្តិសិទ្ធិ​មួយ ដែល​នឹង​ជួយ​ជំរុញ​បន្ថែមទៀត​ក្នុងការ​អនុវត្ត​ការងារ​ទប់ស្កាត់​និង​លុបបំបាត់​អំពើហិង្សា​លើ​ស្ត្រី​គ្រប់​ទម្រង់​ឱ្យ​កាន់តែ​សម្រេចបាន​ឆាប់រហ័ស​តាម​ការរំពឹងទុក​»៕​

សម្ដេច​ក្រឡាហោម ស ខេង​៖ អំពើហិង្សា​ផ្លូវភេទ​គ្រប់​ទម្រង់ នៅតែ​ជា​ក្ដីកង្វល់ ដែល​ទាមទារ​ត្រូវ​ដោះស្រាយ​ជា​ចំ​បាច់​
សម្ដេច​ក្រឡាហោម ស ខេង​៖ អំពើហិង្សា​ផ្លូវភេទ​គ្រប់​ទម្រង់ នៅតែ​ជា​ក្ដីកង្វល់ ដែល​ទាមទារ​ត្រូវ​ដោះស្រាយ​ជា​ចំ​បាច់​

PLB Banner on article detail

អត្ថបទពេញនិយម