ឆ្នាំ​២០២០ កម្មការិនី​សម្រាលកូន ជាង​៨​ម៉ឺន​នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ​របស់​រាជ​រដ្ឋាភិបាល

ថ្ងៃពុធ 6 មករា 2021, 10:2

 របាយការណ៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​នៃ​ក្រសួង​ការងារ​និង​បណ្ដុះបណ្តាល​វិជ្ជាជីវៈ ប្រចាំឆ្នាំ​២០២០ លើកឡើងថា បើទោះបី​ស្ថានភាព​កូ​វីដ​ធ្វើឱ្យ​ពិភពលោក បានបង្ហាញ​ពី​ឱនភាព​សេដ្ឋកិច្ច យ៉ាងណាក៏ដោយ ដោយឡែក​បេឡា​ជាតិ​សន្តិសុខ​សង្គម​កម្ពុជា មិនទាន់​បង្ហាញ​ពី​ផលប៉ះពាល់​នៃ​ប្រាក់ឧបត្ថម្ភ​ដល់​កម្មករនិយោជិត​នៅឡើយ​ទេ​។ នោះ​គឺ​ក្នុង​ឆ្នាំ​២០២០ កម្មការិនី​សម្រាលកូន ដែលជា​សមាជិក ប​.​ស​.​ស ទទួលបាន​ប្រាក់ឧបត្ថម្ភ​របស់​រាជ​រដ្ឋាភិបាល កើនឡើង​ជាង​ឆ្នាំ​២០១៩​។​

 

​ប​.​ស​.​ស បានប្រកាសថា ចាប់តាំងពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ រហូតមកដល់​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០​កន្លងទៅនេះ ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល បាន​បើក​ផ្តល់​ដល់​កម្មករនិយោជិត​ជា​ស្ត្រី​សម្រាលកូន​ចំនួន ៨០ ៤៩៩​នាក់ ក្នុងនោះ​ចំនួន​កូន​មាន ៨១ ០៣១ នាក់ ដោយ​ចំណាយ​ទឹកប្រាក់​អស់​ប្រមាណ​ជាង ៣២​ពាន់​លាន​រៀល តាមរយៈ​បេឡា​ជាតិ​សន្តិសុខ​សង្គម​។ បើ​ប្រៀបធៀប​កាលពី​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០១៨ កន្លងទៅ​ឃើញថា ស្ដ្រី​សម្រាលកូន​មានការ​កើនឡើង​ជា​បន្ត​បន្ទាប់ ដែល​ក្នុង​ឆ្នាំ​២០១៩ ស្ដ្រី​សម្រាលកូន​មាន​ចំនួន​៧៧ ៤៤៩​នាក់ មាន​ចំនួន​កូន​សរុប ៧៧ ៩៦៦​នាក់់ និង​ឆ្នាំ​២០១៨ មាន​ស្ដ្រី​សម្រាលកូន​ចំនួន ៦៥ ០៥៤​នាក់ មាន​ចំនួន​កូន​សរុប ៦៥ ៥៣៤​នាក់​។​

 

​ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. បានលើកឡើង​ពី​ការយកចិត្តទុកដាក់​បំ​ផុត ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ កម្ពុជា ចំពោះ​សុខុមាលភាព និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​បងប្អូន​កម្មករនិយោជិត តាមរយៈ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែលមាន​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ជា​សេនាធិការ ។​

 

​ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​ជា​សាធារណៈ​សម្រេច​ផ្តល់ប្រាក់​ឧបត្ថម្ភ ដល់​កម្មការិនី​ដែល​ទើប​សម្រាលកូន​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ ឱ្យទទួល​បាន​គោល​របប​ប្រាក់ឧបត្ថម្ភ​បន្ថែម​របស់​រាជរដ្ឋាភិបាល ដែល​ក្នុងនោះ​៖ – សម្រាល​បានកូន​ម្នាក់ ទទួលបាន ៤០​ម៉ឺន​រៀល – សម្រាល​បានកូន​ភ្លោះ​ពីរ ទទួលបាន ៨០​ម៉ឺន​រៀល – សម្រាល​បានកូន​ភ្លោះ​បី ទទួលបាន ១​លាន ២០​ម៉ឺន​រៀល ដែល​ត្រូវបាន​បើក​ផ្តល់ជូន តាមរយៈ​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ។​

 

​ប​.​ស​.​ស លើកឡើងថា នេះ​ដោយសារតែ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​ផែនការ​ច្បាស់លាស់​ទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ការពារ​មេរោគ​ដល់​សាហាវ​មួយ​នេះ​។​

 

​ប​.​ស​.​ស បន្ថែមថា បច្ចុប្បន្ននេះ ប្រមុខ​រាជរដ្ឋាភិបាល​នៅតែ​បន្ត​អំពាវនាវ​ឱ្យ​ប្រជាជន​អនុវត្តន៍​នូវ​វិធានការ​របស់​ក្រសួងសុខាភិបាល​ឱ្យ​ជាប់​ជានិច្ច ដើម្បី​សុខភាព​សង្គម​ទាំងមូល គ្មាន​ការឆ្លង​មកលើ​ប្រជាជន​កម្ពុជា​។​

 

​សូម​រម្លឹកថា ចាប់តាំងពី​ថ្ងៃទី​១ ខែមករា ឆ្នាំ​២០១៨ រាជរដ្ឋាភិបាល បាន​អនុវត្ត​នូវ​កម្មវិធី​ផ្តល់ប្រាក់​ឧបត្ថម្ភ ដល់​កម្មការិនី ដែល​ទើប​សម្រាលកូន​ទាំង​ក្នុង និង​ក្រៅ​ប្រព័ន្ធ​៕​

ឆ្នាំ​២០២០ កម្មការិនី​សម្រាលកូន ជាង​៨​ម៉ឺន​នាក់ ទទួលបាន​ប្រាក់ឧបត្ថម្ភ​របស់​រាជ​រដ្ឋាភិបាល

PLB Banner on article detail

អត្ថបទពេញនិយម