រថយន្តម៉ាកព្រូសបើកឡើងជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តធុនធំដឹកស្រូវបណ្តាលអោយស្លាប់ម្នាក់

ថ្ងៃសៅរ៍ 12 ធ្នូ 2020, 11:15

ខេត្តបាត់ដំបង៖យ៉ាងហោចមនុស្សម្នាក់បានស្លាប់ភ្លាមនៅនឹងកន្លែង ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តពីរគ្រឿងបុកគ្នានៅស្រុកថ្មគោល។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ០០និង៣០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២០ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី១២ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ 

ក្នុងហេតុការណ៍ខាងលើនេះដែរ បានកើតឡើងរវាងរថយន្តធុនធំដឹកទំនិញ(ដឹកស្រូវ)ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-1268 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួនបាត់ និងរថយន្តម្ខាងទៀតម៉ាកព្រូស ពណ៌ឈាមជ្រូក
សេរីឆ្នាំ២០០៦ ពាក់ផ្លាកលេខ ភ្នំពេញ 2AY -7925 បើកបរដោយឈ្មោះ ញ៉យ ជំនោរ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញរថយន្តធុនធំដឹកទំនិញ(ដឹកស្រូវ)មួយគ្រឿងបើកបរក្នុងទិសដៅពីជើងទៅត្បូង(បន្ទាយមានជ័យ បាត់ដំបង)លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែឃើញរថយន្តព្រូសខាងលើបើកបរក្នុងទិសដៅផ្ទុយគ្នាក្នុងល្បឿតយ៉ាងលឿន និងបានឡើងជែងរថយន្តមួយគ្រឿងផ្សេងទៀតរួចក៏ជ្រុលទៅបុករថយន្តធុនធំពេញទំហឹងបណ្តាលអោយស្លាប់ម្នាក់ ចំណែករថយន្តទាំងពីរគ្រឿងខូចខាតផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែងរួច នាំយករថយន្តទាំងពីរគ្រឿងមករក្សាទុកនៅការិយាល័យជំនាញចរាចរណ៍ខេត្ត ដោយឡែកសាកសពត្រូវបានតម្កល់ទុកនិងប្រកាស់ស្វែងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ។

រថយន្តម៉ាកព្រូសបើកឡើងជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តធុនធំដឹកស្រូវបណ្តាលអោយស្លាប់ម្នាក់
រថយន្តម៉ាកព្រូសបើកឡើងជែងមិនប្រយ័ត្នជ្រុលទៅបុករថយន្តធុនធំដឹកស្រូវបណ្តាលអោយស្លាប់ម្នាក់

PLB Banner on article detail