អភិបាលខេត្ត​បាត់ដំបង ផ្តល់​ម៉ាស់ និង​អាល់កុល ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលា​ចំនួន​០៨ ក្នុង​ក្រុង​បាត់ដំបង​

ថ្ងៃសុក្រ 13 វិច្ឆិកា 2020, 12:27

​ខេត្តបាត់ដំបង​៖ កាលពី​រសៀល​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ម្សិលមិញ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​នាំយក​ម៉ាស់​ចំនួន ៨០០០ បន្ទះ និង​អាលកុល ចំនួន ៩៦​ដប ចុះ​ផ្តល់ជូន​ដល់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​នៅ​សាលា​ចំនួន​០៨ នៅក្នុង​ក្រុង​បាត់ដំបង​សម្រាប់​ប្រើប្រាស់​ការពារ បង្ការ​ទប់ស្កាត់​ជម្ងឺ​រលាក​ផ្លូវដង្ហើម (​ជម្ងឺឆ្លង​កូ​វីដ​-១៩ )​។

 

​សាលា​ដែល​ត្រូវ​ទទួលបាន ម៉ាស់ អាល់កុល នា​ថ្ងៃនេះ​មាន /១- សាលាបឋមសិក្សា វត្ត​កំផែង / ២- សាលាបឋមសិក្សា អូរ​តា​គាំ​២ /៣- សាលាបឋមសិក្សា​អូរ​តា​គាំ​១ / ៤- សាលាបឋមសិក្សា ហ៊ុន សែន អូរ​ចារ /៥-​សាលាបឋមសិក្សា​ពោធិ៍​វង្ស / ៦- សាលាបឋមសិក្សា​មិត្រភាព  / ៧- សាលាបឋមសិក្សា​ថ្កូវ  /៨- សាលាបឋមសិក្សា​វត្ត​លៀប ដែល​ក្នុង​មួយ​សាលាៗ ទទួលបាន​នូវ​ម៉ាស់​ចំនួន ១០០០​ម៉ាស់ និង​អាល់កុល​លាងដៃ​១២ ដប​។​

 

​នាឱកាស​នោះដែរ ឯកឧត្តម​ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍ថា​៖ ការចុះ​ចែក​ម៉ាស់ អាល់កុល​នាពេលនេះ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា ជាពិសេស​ប្រជាពលរដ្ឋ​ក្នុង​ខេត្តបាត់ដំបង បាននិងកំពុង​បន្ត​ចូលរួម​ការពារ បង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺឆ្លង​ជម្ងឺឆ្លង​កូ​វីដ​-១៩ ដោយបាន​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល  តាម​ការណែនាំ​របស់​អា​ជ្ញា​ធរ និង​ក្រុមគ្រូពេទ្យ និង​តាម​យន្តការ​ច​ត្តា​ឡី​ស័ក ព្រមទាំង​អនុវត្តតាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។   

 

​ដោយ​បច្ចុប្បន្ន​ការរីក​រាលដាល នៃ​ជម្ងឺ​កូ​វីដ​-១៩ (​ជម្ងឺ​រលាក​ផ្លូវដង្ហើម​) នៅលើ​សកលលោក នៅតែមាន​កំណើន​កើនឡើង ដែលជា​ហានិភ័យ​ដល់​ប្រជាជន​ទូទាំង​ពិភពលោក ដូចនេះ​ក្នុងនាម​រដ្ឋបាលខេត្ត ក៏​នៅតែ​បន្ត​ការចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​នេះ ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅតាម​មូលដ្ឋាន និង​សហគមន៍ ក្នុង​ខេត្តបាត់ដំបង ជាពិសេស​សិស្សានុសិស្ស​ដែលជា​កុមារ​តូចៗ​កំពុង​សិក្សា​នៅតាម​បណ្តា​សាលាបឋមសិក្សា​នានា ដោយ​យើង​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ដិតដល់​ជាទីបំផុត ព្រោះ​ពួកគេ​នៅ​តូចៗ ខ្វះ​ការប្រុងប្រយ័ត្ន បើ​ពុំមាន​ការជំរុញ​ពី​មាតា បិតា អាណាព្យាបាល  លោកគ្រូ អ្នកគ្រូ ទេនោះ​ពួកគេ​នឹង​ប្រឈម​នូវ​ការឆ្លង​ជម្ងឺ​កូ​វីដ​១៩ នេះ​មុនគេ ។

 

​ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្ត ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ មាតា បិតា និង​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​បន្ត​ការប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ព្រោះ​ជម្ងឺ​កូ​វីដ​-១៩​នេះ មិនទាន់​រលត់​សាបរលាប​នៅឡើយ​ទេ ដោយ​វា​នៅតែ​បន្ត​យាយី​យើង​ជាប់​ជានិច្ច ជាពិសេស​អ្នក​ដែល​ខ្វះ​ការប្រុងប្រយ័ត្ន​អនាម័យ ដូចនេះ​សូម​ប្រជាពលរដ្ឋ​ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ ឬ​ទឹក​អាកុល ចូលរួម​ពាក់​ម៉ាស់​ពេលដែល​ចេញទៅ​ក្រៅ កាត់បន្ថយ​ការជួប​ជុំគ្នា ហើយ​ត្រូវ​ប្រញាប់​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាមៗ​បើសិនជា មាន​អា​ការៈមិន​ស្រួល ដែល​សង្ស័យថា​ខ្លួន​កើត​នូវ​ជំងឺ​នេះ ។

 

​បន្ថែម​ពីនេះ​ឯកឧត្តម ក៏បាន​ក្រើនរំលឹក​ដល់​លោកគ្រូ អ្នកគ្រូ ជួយ​អប់រំ​ផ្សព្វផ្សាយ​បន្តទៀត​ដល់​សិស្សានុសិស្ស​ទាំងអស់ សូម​កុំឱ្យ​ភ្លេចខ្លួន និង​សូម​រក្សា​នូវ​គម្លាត ហើយ​ត្រូវ​បន្ត​អនុវត្តតាម​វិធានការ​របស់​ក្រសួងសុខាភិបាល និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ម្យ៉ាង​សូមកុំ​ប្រមូល​ផ្ដុំគ្នា ដោយ​មិនមាន​ការចាំបាច់៕

 

 

អភិបាលខេត្ត​បាត់ដំបង ផ្តល់​ម៉ាស់ និង​អាល់កុល ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលា​ចំនួន​០៨ ក្នុង​ក្រុង​បាត់ដំបង​
អភិបាលខេត្ត​បាត់ដំបង ផ្តល់​ម៉ាស់ និង​អាល់កុល ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលា​ចំនួន​០៨ ក្នុង​ក្រុង​បាត់ដំបង​
អភិបាលខេត្ត​បាត់ដំបង ផ្តល់​ម៉ាស់ និង​អាល់កុល ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលា​ចំនួន​០៨ ក្នុង​ក្រុង​បាត់ដំបង​
អភិបាលខេត្ត​បាត់ដំបង ផ្តល់​ម៉ាស់ និង​អាល់កុល ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលា​ចំនួន​០៨ ក្នុង​ក្រុង​បាត់ដំបង​
អភិបាលខេត្ត​បាត់ដំបង ផ្តល់​ម៉ាស់ និង​អាល់កុល ជូន​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅ​សាលា​ចំនួន​០៨ ក្នុង​ក្រុង​បាត់ដំបង​

PLB Banner on article detail