អាជ្ញាធរក្រុងបាត់ដំបងចុះអនុវត្តរុះរើតូបបែបអាណាធិបតេយ្យក្រោយមានការនែនាំជាច្រើនដង

ថ្ងៃច័ន្ទ 19 តុលា 2020, 13:54

ខេត្តបាត់ដំបង៖ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបងដឹកនាំដោយលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការបានចុះអនុវត្តរុះរើតូបជាច្រើនកន្លែងដែលសាងសង់លក់ដូរនិងស្នាក់នៅបែបអាណាធិបតេយ្យគ្មានសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណ:ក្រោយម្ចាស់មិនចូលរួមគោរពតាមការនែនាំរបស់អាជ្ញាធរ។

ក្នុងយុទ្ធនាការក្តៅក្នុងការចុះអនុវត្តរុះរើតូបលក់ដូរនិងតូបស្នាក់នៅបែបអាណាធិបតេយ្យខាងលើនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ នៅតាមបណ្តោយផ្លូវសួនដើមពោធិ៍ក្បែររបងវត្តដំរីស និងទូរប្រៃសណីយ៍ខេត្ត ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបងក្រោយពីម្ចាស់នៅរឹងទទឹងបន្តលក់ដូរនិងរស់នៅគ្មានសណ្តាប់ធ្នាប់ បង្ករភាពអាណាធិបតេយ្យដោយមិនចូលរួមអនុវត្តទៅតាមសេចក្តីនែនាំរបស់អាជ្ញាធរដែលធ្លាប់បានចុះនែនាំនិងបិទផ្សាយជាច្រើនលើកច្រើនសាររួចមក។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង បានអោយដឹងថា ការចុះអនុវត្តនាថ្ងៃនេះដែរធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តម អភិបាល និងយោងតាមសេចក្តីជូនដំណឹងលេខ ៣៥ សជណ ចុះថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៤ របស់សាលាខេត្តបាត់ដំបងស្តីពីការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈក្នុងខេត្តបាត់ដំបង សេចក្តីជូនដំណឹងលេខ ១៨/១៧ សជណ ចុះថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់រដ្ឋបាលក្រុងបាត់ដំបង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវសាធារណៈក្នុងក្រុងបាត់ដំបង។

ជាមួយការចុះអនុវត្តរុះរើតូបលក់ដូរលក់ដូរនាព្រឹកនេះដែរ ចំពោះសម្ភារៈផ្សេងៗត្រូវបានកម្លាំងជំនាញដឹកយកទៅរក្សាទុកនៅសាលាក្រុងបាត់ដំបង ដើម្បីអោយម្ចាស់ចូលខ្លួនទទួលការណែនាំអប់រំនិងបញ្ឈប់ការសាងសង់តូបលក់ដូរ និងរស់នៅតាមចិញ្ចើមផ្លូវជាបន្តទៀត ដើម្បីរក្សាអោយបាននូវរបៀបរាបរយនៅតាមទីសាធារណ:ផងដែរ។

លោកអធិការបញ្ជាក់បន្ថែមថា មុននិងឈានដល់ការចុះរុះរើនេះ រយៈពេលកន្លងមកអាជ្ញាធរធ្លាប់បានចុះធ្វើការនែនាំនិងជូនដំណឹងដល់ពួកគាត់ជាច្រើនលើកច្រើនសារមកហើយ តែពួកគាត់មិនចូលរួមគោរពតាមការនែនាំជាបួនប្រាំដងនៅតែបន្តបើកលក់និងរស់នៅដដែល ទើបអាជ្ញាធរសម្រេចចិត្តចុះរុះរើតែម្តង។សាលី

អាជ្ញាធរក្រុងបាត់ដំបងចុះអនុវត្តរុះរើតូបបែបអាណាធិបតេយ្យក្រោយមានការនែនាំជាច្រើនដង
អាជ្ញាធរក្រុងបាត់ដំបងចុះអនុវត្តរុះរើតូបបែបអាណាធិបតេយ្យក្រោយមានការនែនាំជាច្រើនដង
អាជ្ញាធរក្រុងបាត់ដំបងចុះអនុវត្តរុះរើតូបបែបអាណាធិបតេយ្យក្រោយមានការនែនាំជាច្រើនដង

PLB Banner on article detail