គួរយល់ដឹងពីជំងឺរលាកថ្លើមប្រភេទ B និង C

ថ្ងៃច័ន្ទ 6 កក្កដា 2020, 14:40

ជំងឺរលាកថ្លើម ជាញឹកញាប់បង្កដោយមេរោគ។ ជំងឺរលាកថ្លើម មានច្រើនប្រភេទ។ ជំងឺរលាកថ្លើមប្រភេទ B និងជំងឺរលាកថ្លើមប្រភេទ C អាចឆ្លងតាមរយៈការរួមភេទ ឬឈាម។ ជំងឺរលាកថ្លើមប្រភេទ B ចម្លងរាលដាលយ៉ាងងាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ជាពិសេសក្នុងពេលរួមភេទ។ ជំងឺរលាកថ្លើមប្រភេទ C ងាយនឹងឆ្លងតាមរយៈការប៉ះពាល់ឈាមនិងឈាម ហើយមិនសូវឆ្លងតាមការរួមភេទតែមួយមុខនោះទេ។ ការរួមភេទក្នុងពេលមានរដូវ ឬនៅពេលមានជំងឺកាមរោគដទៃមួយទៀត ជាពិសេសមេរោគអេដស៍ នោះវាកាន់តែងាយឆ្លងជំងឺរលាកថ្លើមប្រភេទ C តាមរយៈការរួមភេទ។ ជំងឺរលាកថ្លើមប្រភេទ B និងប្រភេទ C អាចបណ្តាលឲ្យខូចថ្លើមជាអចិន្ត្រៃយ៍ មហារីកថ្លើម និងសូម្បីតែស្លាប់។ ជំងឺរលាកថ្លើមប្រភេទ C គឺជាមូលហេតុចម្បងនៃការស្លាប់របស់អ្នកផ្ទុកមេរោគអេដស៍/ជំងឺអេដស៍។
ទាំងជំងឺរលាកថ្លើមប្រភេទ B និងប្រភេទ C សុទ្ធតែអាចចម្លងទៅទារកនៅក្នុងស្បូន។

 

រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ B មានដូចជា៖
-មិនឃ្លានអាហារ
-អស់កម្លាំង និងខ្សោយ
-ភ្នែកលឿង ហើយជួនកាលស្បែកលឿង (ជាពិសេសនៅបាតដៃ និងបាតជើង)
-ឈឺនៅក្នុងពោះ ឬចង្អោរ
-ទឹកនោមពណ៌ត្នោត ដូចកូឡា និងលាមកពណ៌ស

 

រោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ C ដូចគ្នានឹងរោគសញ្ញានៃជំងឺរលាកថ្លើមប្រភេទ B ដែរ ឬក៏មិនមានរោគសញ្ញារហូតដល់ច្រើនឆ្នាំក្រោយពីឆ្លងមេរោគ។

មនុស្សជាច្រើនមិនទាំងដឹងថាខ្លួនមានជំងឺនេះផង រហូតដល់ពួកគេបានធ្វើតេស្ត៍។

 

ការព្យាបាល
ឥឡូវនេះមានថ្នាំដែលអាចព្យាបាលជំងឺរលាកថ្លើមប្រភេទ B និងប្រភេទ C ហើយថែមទាំងអាចព្យាបាលឲ្យជាសះស្បើយពីជំងឺរលាកថ្លើមប្រភេទ C ទៀតផង ។ ការជាសះស្បើយពីជំងឺរលាកថ្លើមប្រភេទ C មិនអាចការពារអ្នកមិនឲ្យកើតទៀតនោះទេ ប្រសិនបើអ្នកប្រឈមនឹងវា។ សូមធ្វើតេស្ត៍នៅមណ្ឌលសុខភាពរបស់អ្នក ដើម្បីរកមើលថាតើជំងឺរលាកថ្លើមប្រភេទណាដែលអ្នកប្រហែលជាមាន និងថាតើមានថ្នាំពេទ្យអ្វីខ្លះដែលអាចរកបាន។ សូម្បីតែគ្មានថ្នាំពេទ្យក៏ដោយ អ្នកនៅតែអាចមានអារម្មណ៍ធូរស្រាល និងជួយឱ្យថ្លើមសះស្បើយ តាមរយៈការសម្រាកឱ្យបានច្រើន, និងផឹកទឹកផ្លែឈើ ទឹកស៊ុបពីសាច់ និងស៊ុបបន្លែ។ ដើម្បីគ្រប់គ្រងចង្អោរនិងក្អួត សូមក្រេបទឹកសូដា ទឹកខ្ញី ឬទឹកតែ ដូចជាតែ chamomile ជាដើម។ ប៉ុន្តែមិនត្រូវផឹកស្រាទេ។ សូម្បីតែជាតិអាល់កុលតែបន្តិចបន្តួច ក៏នឹងធ្វើឱ្យខូចខាតដល់ថ្លើមរបស់អ្នកថែមទៀត ហើយធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែធ្ងន់ធ្ងរ។ កុំប្រើថ្នាំប៉ារ៉ាសេតាម៉ុល (acetaminophen ឬ Tylenol) ឬថ្នាំដែលមានធាតុផ្សំនេះ ព្រោះវាអាចបង្កគ្រោះថ្នាក់ដល់ថ្លើមដែលរលាក។ បើចាំបាច់ សូមប្រើថ្នាំ Ibuprofen ឬ aspirin ជំនួសវិញ។ មានព័ត៌មានបន្ថែមអំពីការថែទាំថ្លើមដែលមានជំងឺរលាក នៅក្នុងជំពូក ការឈឺពោះ ជំងឺរាក និងព្រូន។

 

ការបង្ការ
វប្រើស្រោមអនាម័យនៅពេលរួមភេទជានិច្ច ហើយមិនត្រូវប្រើម្ជុលឬឧបករណ៍ផ្សេងទៀត រួមគ្នា នៅពេលចាក់ថ្នាំ។ ប្រើទឹកថ្នាំថ្មី ហើយត្រូវប្រាកដថាឧបករណ៍ចាក់សាក់ វះ ចោះ ឬកាត់ស្បែក ត្រូវបានរម្ងាប់មេរោគមុននឹងប្រើ ពីព្រោះមេរោគជំងឺរលាកថ្លើមប្រភេទ C អាចរស់នៅលើផ្ទៃចំហ ឬក្នុងវត្ថុរាវ បានរយៈពេល ៣សប្តាហ៍។ ជំងឺរលាកថ្លើមប្រភេទ C ថែមទាំងអាចឆ្លងតាមរយៈការប្រើច្រាសដុសធ្មេញ ឬឡាមរួមគ្នាទៀតផង។ មិនត្រូវចែកប្រដាប់ប្រដារទាំងនេះជាមួយអ្នកដទៃឡើយ។

 

វ៉ាក់សាំងដែលការពារជំងឺរលាកថ្លើមប្រភេទ B គឺជាវ៉ាក់សាំងចាក់ ៣ដងជាបន្តបន្ទាប់សម្រាប់ទារក ដែលជាធម្មតាត្រូវបានផ្តល់រួមជាមួយវ៉ាក់សាំងផ្សេងៗទៀតក្នុងអំឡុង ៦ខែដំបូងនៃជីវិត។ ប្រសិនបើម្តាយបានទទួលវ៉ាក់សាំងកន្លងមក ទារកនឹងមិនឆ្លងមេរោគនេះក្នុងអំឡុងពេលកើតនោះទេ។ កុមារធំ និងមនុស្សពេញវ័យដែលមិនបានទទួលវ៉ាក់សាំងកាលពីនៅជាទារកទេ នៅតែអាចទទួលវ៉ាក់សាំងបានដែរ។

 

ប្រភព៖ Hesperian Health Guides  កែសម្រួលដោយ ៖ Hour

គួរយល់ដឹងពីជំងឺរលាកថ្លើមប្រភេទ B និង C
គួរយល់ដឹងពីជំងឺរលាកថ្លើមប្រភេទ B និង C

PLB Banner on article detail

អត្ថបទពេញនិយម