បុគ្គលិកក្រុមហ៊ុនអគ្គិសនី០២នាក់បានឆក់ចរន្តខ្សែភ្លើងបណ្តាលអោយសន្លប់ស្តូកស្តឹងជាប់លើបង្គោលភ្លើង

ថ្ងៃអាទិត្យ 29 សីហា 2021, 12:55

ខេត្តបាត់ដំបង៖បុគ្គលិកក្រុមហ៊ុនសាងសង់បណ្ដាញអគ្គីសនី ចំនួន០២នាក់ត្រូវបានឆក់ចរន្តខ្សែភ្លើងបណ្តាលអោយសន្លប់ស្តូកស្តឹងជាប់នៅលើបង្គោលភ្លើង ខណៈដែលកំពុងចុះបំពេញការងារ។

ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១៧ និង៥០នាទី ថ្ងៃទី២៨ ខែសីហា  ឆ្នាំ២០២១ នៅចំណុចផ្លូវវាលស្រែ១០០ ស្ថិតក្នុងភូមិស្លាកែត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង  ខេត្តបាត់ដំបង។

ប្រភពបានបន្តថា នៅមុនពេលកើតហេតុ គេឃើញបុគ្គលិកក្រុមហ៊ុនសាងសង់បណ្ដាញអគ្គីសនី ដែលម្នាក់ត្រូវបានគេស្គាល់ថា ឈ្មោះ ឆេន ឈូ ហៅ ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ និងម្នាក់ទៀត ឈ្មោះ ខុត ខើយ ភេទប្រុស អាយុ២៥ឆ្នាំ បានឡើងតបណ្ដាញខ្សែភ្លើងនៅលើបង្គោលភ្លើងដែលទើបនិងតម្លើងថ្មី ហើយនៅពេលកើតហេតុជនរងគ្រោះបាននិយាយអាយកូមទៅកាន់ភាគីម្ខាងទៀតអោយភ្ជាប់ភ្លើងដើម្បីតេស្តមើលភ្លើង ភ្លាមនោះទំនងភាគីខាងជនរងគ្រោះមិនទាន់បានដកខ្លួនគម្លាតចេញពីបណ្តាញខ្សែភ្លើងធំផង ក៏ស្រាប់តែភ្លើងបុកមកបណ្តាលអោយឆក់សន្លប់ស្តូកស្តឹង ភ្លាមនោះបុគ្គលិកម្នាក់ទៀតបានស្ទុះទៅជួយក៏ត្រូវឆក់ជាប់ទៅនឹងបង្គោលភ្លើងទាំងពីរនាក់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ ត្រូវបានក្រុមការងារបស់ក្រុមហ៊ុនសាងសង់សហការគ្នាដោយនាំយករថយន្តស្ទូច មកឡើងរំដោះយកជនរងគ្រោះទាំងពីរនាក់មកខាងក្រោម ដោយនៅមានជីវិត ក្រុមការងារក៏បានដឹកបញ្ជូនយកទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ ៕

បុគ្គលិកក្រុមហ៊ុនអគ្គិសនី០២នាក់បានឆក់ចរន្តខ្សែភ្លើងបណ្តាលអោយសន្លប់ស្តូកស្តឹងជាប់លើបង្គោលភ្លើង
បុគ្គលិកក្រុមហ៊ុនអគ្គិសនី០២នាក់បានឆក់ចរន្តខ្សែភ្លើងបណ្តាលអោយសន្លប់ស្តូកស្តឹងជាប់លើបង្គោលភ្លើង

PLB Banner on article detail

អត្ថបទពេញនិយម