ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចែក​អាហារ​បំប៉ន ជូន​ដល់ នាយទាហាន​-​នាយទាហានរង និង​ពលទាហាន ចំណុះ​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លើក​ទី​២

ថ្ងៃព្រហស្បតិ៍ 8 មេសា 2021, 10:45

​បន្ទាប់ពី​បានធ្វើ​ការចែកជូន​នូវ ទឹកក្រូច​ដប និង មី ជាច្រើន​ពាន់​កេស ដល់​កម្លាំង​ក្រោម​ឱវាទ ជា​អំណោយ​អបអរ​ចូលឆ្នាំថ្មី ម្តង​រួច​កាលពី​ថ្មីៗ​កន្លងមក នា​រសៀល​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០២១ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចែក​បន្ថែម​ជា​លើក​ទី​២ នូវ​អាហារ​បំប៉ន មាន ម្សៅ​ទឹកដោះគោ និង​ស្ករ​គ្រាប់ ដែលជា​អំណោយ​របស់​សប្បុរសជន ដល់​ប្រធាន​មន្ទីរ និង​មេបញ្ជាការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ខណ្ឌ​ទាំង​១៤ យកទៅ​ចែកជូន​បន្ត​ដល់ បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ទៅតាម​ចំនួន​ទ័ព​ដែល​ខ្លួន​គ្រប​គ្រង់​រៀងៗ​ខ្លួន ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ជាការ​បំពេញបន្ថែម​នូវ​ការហូបចុក ឆ្លើយតប​ទៅនឹង ការ​ហត់​នឿយហត់ របស់​កងកម្លាំង ដែល​កំពុង​មមាញឹក ក្នុងការ​បំពេញបេសកកម្ម ការពារ​តាម​គោលដៅ ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ជាពិសេស​មមាញឹក ក្នុង​ការចូលរួម​ត្រួតពិនិត្យ​បម្រាម​គោចរ ពី​ម៉ោង​០៨.០០​យប់ ដល់​ម៉ោង ០៥.០០​ទៀបភ្លឺ តាម​សេចក្តីប្រកាស​របស់​សាលា​រាជធានី​ភ្នំពេញ​។​

 

​ក្នុងឱកាស​នេះ​ផងដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង បាន​ផ្សព្វផ្សាយ​នូវ​ខ្លឹមសារ​សេចក្តីសម្រេច​រប​ស់រាជ​រដ្ឋាភិបាល ស្តីពី​ការហាមឃាត់​ការធ្វើដំណើរ និង​ការបិទ​រមណីយដ្ឋាន​ទេសចរណ៍ នៅ​ទូទាំងប្រទេស​ជា​បណ្តោះអាសន្ន​ដើម្បី​ទប់ស្កាត់ នូវ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩, ច្បាប់ ស្តីពី​ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង អនុក្រឹត្យ​ស្តីពី​វិធានការ​ច​ត្តា​ឡី​ស័ក ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ កូ​វីដ​-១៩ ព្រមទាំង​បាន​មានប្រសាសន៍​ក្រើនរំលឹក​ម្តង​ហើយ​ម្តងទៀត សូម​ឲ្យ​កម្លាំង​ទាំងអស់​ព្រមទាំង​ក្រុមគ្រួសារ ត្រូវ​ប្រុងប្រយ័ត្ន ឲ្យ​បាន​ខ្ពស់បំផុត និង ចូលរួម​អនុវត្ត​ឲ្យ​បាន​ម៉ឹងម៉ាត់ នូវ​វិធានការ ៣​ការពារ ៣​កុំ របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​វិធានការ​នានា របស់​ក្រសួងសុខាភិបាល ក្នុងការ​ចូលរួម​បង្កា​ទប់ស្កាត់ ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩៕​

 

ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ចែក​អាហារ​បំប៉ន ជូន​ដល់ នាយទាហាន​-​នាយទាហានរង និង​ពលទាហាន ចំណុះ​អង្គភាព កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លើក​ទី​២

PLB Banner on article detail