រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃអំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារទាំងអស់ ទៅធ្វើតេស្ដរកកូវីដ-១៩ ខណៈសម្ដេចក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នា

ថ្ងៃអាទិត្យ 29 វិច្ឆិកា 2020, 12:49

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអំពាវនាវដល់អ្នកពាក់ព័ន្ធជាមួយលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារ និងក្រុមគ្រួសារ ដែលឆ្លងជំងឺកូវីដ-១៩ ត្រូវទៅធ្វើតេស្ដរកជំងឺនេះដូចគ្នានៅទីស្ដីការក្រសួងមហាផ្ទៃ ខណៈសម្ដេចផ្ទាល់ក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នាផងដែរ។

តាមរយៈសារសំឡេងដែលផ្ញើជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដែលបណ្ដាញព័ត៌មាន BTB Newsទទួលបាននៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងយ៉ាងដូច្នេះថា «មន្ដ្រីយើងទាំងអស់ណាដែលមានការជាប់ពាក់ព័ន្ធ ធ្វើការជាមួយ លោក ឆែម សាវុធ សុំទៅក្រសួង (សាលប្រជុំ S) ដើម្បីគេយកសំណាកទៅពិនិត្យ»។

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ក៏បានណែនាំឲ្យលោក ឆែម សាវុធ ត្រូវអំពាវនាវបន្ដដល់អ្នកដែលបានរួមធ្វើការ ឬមានទំនាក់ទំនងដោយផ្ទាល់ជាមួយខ្លួន ត្រូវភ្ញាក់រលឹកទៅធ្វើតេស្ដ និងធ្វើចត្តាឡីកដូចគ្នា។ គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ សម្ដេចក្រឡាហោម ស ខេង បានដឹកនាំកិច្ចប្រជុំអន្ដរក្រសួងមួយ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយក្នុងនោះលោក ឆែម សាវុន អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ ក៏បានចូលរួមប្រជុំ ហើយក៏មានថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងប្រធានស្ថាប័នមួយចំនួនទៀត ចូលរួមប្រជុំផងដែរ។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានថ្លែងថា ក្រសួងសុខាភិបាលបានសម្រេចកំណត់ចំនួន នៃការធ្វើសេត្តរកវីរុសកូវីដ១៩ ចំនួន៣លើក លើអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយក្រុមគ្រួសារ អគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ។

លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ការធ្វើតេស្តលើកទី១ គឺធ្វើឡើងនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០, លើកទី២ ធ្វើនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ និងលើកទី៣ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ទៅតាមទីតាំងដែលបានកំណត់ ទាំងក្នុងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ លោកស្រី យក់ សម្បត្តិ បានបញ្ជាក់បន្ថែមថា ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល មិនបានធ្វើតេស្តនៅថ្ងៃកំណត់របស់ក្រសួង, នោះក្រសួងនឹងកំណត់ចត្តាឡីស័ក១៤ថ្ងៃ រាប់ចាប់ពីថ្ងៃបានធ្វើតេស្ត។

យោងតាមផេកហ្វេសបុកផ្លូវការរបស់ក្រសួងសុខាភិបាលព្រឹកថ្ងៃទី២៩ ខែវិច្ឆិការ បានចេញសេចក្តីប្រកាសថាដើម្បីចៀសវាងការឆ្លងជំងឺកូវីដ-១៩ ចូលក្នុងសាលារៀន និងរីករាលដាលក្នុងសហគមន៍ និងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្ដី ក្រសួងអប់រំ យុវជន និងកីឡា សម្រេចផ្អាកដំណើរការ សាលារៀនអន្តរទ្វិបអាមេរិកាំង សាខាចាក់អង្រែ ជាបណ្តោះអាសន្នរយៈពេល០២សប្តាហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

គ្រឹះស្ថានសិក្សានេះត្រូវបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក៕

រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃអំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារទាំងអស់ ទៅធ្វើតេស្ដរកកូវីដ-១៩ ខណៈសម្ដេចក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នា
រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃអំពាវនាវអ្នកពាក់ព័ន្ធជាមួយអគ្គនាយកពន្ធនាគារទាំងអស់ ទៅធ្វើតេស្ដរកកូវីដ-១៩ ខណៈសម្ដេចក៏ត្រូវធ្វើតេស្ដ និងធ្វើចត្តាឡីស័កដូចគ្នា

PLB Banner on article detail

Tags