ធនាគារ វីង បើកសម្ភោធសាខាថ្មីបង្អស់របស់ខ្លួនជាផ្លូវការក្នុងខេត្តបាត់ដំបងដើម្បីបន្តពង្រីកបណ្តាញធនាគារនៅកម្ពុជាបន្ថែម

ថ្ងៃព្រហស្បតិ៍ 26 មករា 2023, 14:42

ខេត្តបាត់ដំបង៖  នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ធនាគារ វីង (ខេមបូឌា) ម.ក. សម្ពោធសាខាថ្មីបំផុតរបស់ខ្លួនក្នុងខេត្តបាត់ដំបងក្នុងគោលបំណងនាំយកផលិតផល និងសេវាកម្មធនាគារទំនើបៗដើម្បីផ្តល់ភាពងាយស្រួលដល់ សហគមន៍ក្នុងខេត្តភាគពាយ័ព្យនៃប្រទេសកម្ពុជា។

ពិធីសម្ភោធនេះធ្វើឡើងក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ឧបកាវីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា ឯកឧត្តម មូល ធន អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ព្រមទាំងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្ស
ជនកិត្តិយសជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសដ៏មានសារៈសំខាន់នោះផងដែរ លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានថ្លែងថា៖ យើងតែងតែចាត់ទុកបាត់ដំបង ជាខេត្តអទិភាពមួយ ក្នុងការពង្រីកទីតាំងភូមិសាស្ត្រ សម្រាប់ពាណិជ្ជកម្មរបស់យើង  មិនត្រឹមតែប៉ុណ្ណោះ បាត់ដំបងគឺជាខេត្តដ៏ធំ និងមានសក្កានុពលមួយក្នុងព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជា រីករាយជាខ្លាំងដែលធនាគារយើងមានវត្តមាននៅទីនេះ។”

ធនាគារ វីង ផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុទំនើបៗជាច្រើនសម្បូរបែបដែលមានដូចជា៖ សេវាប្រាក់កម្ចី សេវាប្រាក់បញ្ញើ សេវាប្រាក់សន្សំខ្នាតតូច សេវាណែនាំឥណទាន សេវាផ្ទេរប្រាក់ ការទូទាត់ថ្លៃទឹក-ភ្លើង និង ធនារ៉ាប់រង ការទូទាត់ខ្សែសង្វាក់ផ្គត់ផ្គង់ និងសេវាបើកប្រាក់បៀវត្ស ជាដើម។

លោក ហាន ប៉េងក្វាង បានបន្ថែមថា៖ “ពិធីបើកសាខាធនាគារ វឹង ក្នុងខេត្តបាត់ដំបងនៅថ្ងៃនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ធនាគារវីង ក្នុងការនាំយកសេវាកម្មធនាគារដ៏ល្អបំផុត ដើម្បីរួមចំណែកដល់ការរីកលូតលាស់របស់សហគមន៍យើង ហើយបើគិតចាប់ពីថ្ងៃដែលធនាគារ វីង ទទួលបានអាជ្ញាបណ្ណធនាគារពាណិជ្ជជាផ្លូវការ ពោលគឺមានរយៈពេលមិនដល់២ឆ្នាំផងនោះ ធនាគារ វីង បានពង្រីកបណ្តាញធនាគាររបស់ខ្លួន ទៅកាន់ទីតាំងយុទ្ធសាស្ត្រចំនួន ៨ ទូទាំង ប្រទេសបន្ថែមពីលើទីស្នាក់ការកណ្ដាលរបស់ខ្លួន ដែលស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង៣ រាជធានីភ្នំពេញ។

កាលពីឆ្នាំ២០២២កន្លងទៅនេះ ធនាគារ វឹង បានបើកដំណើរការសាខាជាច្រើន ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុ សម្រាប់ប្រជាជនក្នុងសហគមន៏ ដែលសាខាទាំងនោះរួមមាន៖ សាខាវិមានឯករាជ្យ សាខាសែនសុខ សាខាវត្តភ្នំ សាខាទួលគោក សាខាបឹងត្របែក និងសាខាព្រះយុគន្ធរ ដែលសាខាទាំងអស់នេះស្ថិតនៅរាជធានីភ្នំពេញ រីឯសាខាមួយទៀតនោះគឺស្ថិតនៅខេត្តព្រះសីហនុ។ធនាគារ វីង មានបុគ្គលិកដែលប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើអតិថិជន ក្នុងនោះដែរ គ្រប់សាខាទាំងអស់ ត្រូវបានរចនាយ៉ាងស្រស់ស្អាត ដែលមានចំណតយានយន្តធំទូលាយ កន្លែងរង់ចាំមានផាសុខភាព ហាងកាហ្វេឈ្ងុយឆ្ងាញ់ និងបន្ទប់ប្រជុំដ៏ប្រណិតផងដែរ។

ដោយមានទីតាំងក្នុងក្រុងបាត់ដំបងនៅកែងផ្លូវលេខ01 ហើយជិតនឹងស្ពានថ្មថ្មី អាគារសាខាធនាគារ វីង ដ៏ស្រស់ស្អាតទើបនឹងសង់ថ្មី បើកដំណើរការពីម៉ោង 8 ព្រឹក ដល់ 5 ល្ងាច និងពីថ្ងៃច័ន្ទ ដល់ ថ្ងៃអាទិត្យ ដែលអនុញ្ញាតឲ្យ អតិថិជនគ្រប់រូបអាចប្រើប្រាស់ផលិតផល និងសេវាកម្មហិរញ្ញវត្ថុនាំមុខគេជាច្រើន សូម្បីនៅថ្ងៃចុងសប្តាហ៍ក៏ដោយ។ ធនាគារ វឹង សាខាខេត្តបាត់ដំបង ត្រូវបានបំពាក់ដោយម៉ាស៊ីន ATMដ៏ទំនើប ដើម្បីសម្រួលសេចក្តីត្រូវការរបស់អតិថិជនគ្រប់ពេលវេលា។

ជាមួយគ្នានេះឯកឧត្តម រ័ត្ន សុវណ្ណនរៈ បានថ្លែងថា ដើម្បីពង្រឹងភាពធន់ និងរក្សាស្ថិរភាពប្រព័ន្ធធនាគារទាំងមូលធនាគារជាតិកម្ពុជា ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ នៅតែបន្តដាក់ចេញនូវក្របខណ្ឌបទបញ្ញត្តិប្រុងប្រយ័ត្នស្របតាមនីយាម និងឧត្តមមាននុវត្តអន្តរជាតិ ពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធទូរទាត់អោយកាន់តែមានភាពទំនើបនិងសុវត្ថិភាព ជាពិសេសដាក់ចេញនូវវិធានការ ម៉ាក្រូប្រុងប្រយ័ត្ននានាជាបន្តបន្ទាប់ទាន់ពេលវេលា ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានលើប្រព័ន្ធធនាគារ។

ទន្ទឹមនឹងនេះ ធនាគារជាតិនៃកម្ពុជាក៏បានយកចិត្តទុកដាក់ចំពោះក្របខ័ណ្ឌនៃកិច្ចការពារអតិថិជន ដោយបង្កើនប្រសិទ្ធភាពនៃការអនុវត្តយន្តការសម្របសម្រួល និងដោះស្រាយបណ្តឹងអតិថិជនតាមរយៈលេខទូរស័ព្ទអនឡាញរបស់ធនាគារជាតិនៃកម្ពុជា ព្រមទាំងបន្តយុទ្ធនាការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាបន្តបន្ទាប់។

ធនាគារ វីង បើកសម្ភោធសាខាថ្មីបង្អស់របស់ខ្លួនជាផ្លូវការក្នុងខេត្តបាត់ដំបងដើម្បីបន្តពង្រីកបណ្តាញធនាគារនៅកម្ពុជាបន្ថែម

PLB Banner on article detail