រលក​កម្តៅ​នៅ​ក្រិ​ក ឡើងដល់​៤៥​អង្សារ បំផ្លាញ​ព្រៃឈើ​៣០០០​ហិកតា​

ថ្ងៃអង្គារ 3 សីហា 2021, 9:55

​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ភ្លើង​ឆេះ​ព្រៃ ដ៏​ធំ​ចំនួន​ពីរ​នៅ​ប្រទេស​ក្រិ​កនៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ ខណៈ​នាយករដ្ឋមន្ត្រី​ក្រិ​ក លោក ឃី​រី​យ៉ា​កូ​ស មី​ត​សូ​តា​គីស (Kyriakos Mitsotakis) បាន​និយាយថា ប្រទេស​នេះ​កំពុង​ទទួលរង​នូវ​រលក​កម្ដៅ​ដ៏​អាក្រក់​បំផុត ក្នុង​រយៈពេល​ជាង​បី​ទសវត្សរ៍​កន្លងមកនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន AFP នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី​០៣ ខែសីហា ឆ្នាំ​២០២១​។​

 

​បើតាម​រូបភាព​ផ្កាយរណប​របស់​សហភាព​អ៊ឺរ៉ុប ដែល​ដកស្រង់​ចេញ​ដោយ​ក្រុម​អ្នក​អង្កេត​ការណ៍​ជាតិ​នៅ​ទីក្រុង អា​តែ​ន (Athens) ប្រទេស​ក្រិ​ក​បានបង្ហាញ​ឱ្យដឹងថា ដីចំការ​ស្រល់ និង​អូ​លីវ​ជាង ៣,០០០​ហិកតា​ត្រូវបាន​ដុតបំផ្លាញ​ដោយ​អគ្គិភ័យ ដែល​បាន​ឆាបឆេះ​កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​មុន នៅ​ជិត​ទីក្រុង ប៉ា​ត្រាស (Patras) ចម្ងាយ​ប្រមាណ ២០០​គីឡូម៉ែត្រ​ពី​ភាគ​ខាងលិច​ទីក្រុង អា​តែ​ន (Athens)​។​

 

​សេវាកម្ម​អាកាសធាតុ​របស់​ប្រទេស​ក្រិ​ក បាន​គូស​បញ្ជាក់ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន ANA ថា ភ្លើង​ឆេះ​ព្រៃ​នៅ​ជិត​ទីក្រុង Patras មិន​ត្រូវបាន​គ្រប់គ្រង​ទាំងស្រុង​នោះទេ នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ​។ សីតុណ្ហភាព​កើនឡើង​ដល់ ៤៥​អង្សា​សេ​ត្រូវបាន​គេ​ព្យាករណ៍​សម្រាប់​តំបន់​ក្បែរ​នោះ ដែល​បង្កឱ្យមាន​ហានិភ័យ​ខ្លាំង​ចំពោះ​ផ្ទៃដី ដែល​បាន​ទទួលរង​នូវ​រលក​កម្តៅ​រួចទៅហើយ​។​

 

​ជុំវិញ​បញ្ហា​នេះ លោក Kyriakos Mitsotakis បាន​និយាយថា យើង​កំពុង​ប្រឈម​នឹង​រលក​កម្ដៅ​ដ៏​អាក្រក់​បំផុត គិត​ចាប់តាំងពី​ឆ្នាំ​១៩៨៧ ដោយ​បន្ថែមថា អាជ្ញាធរ​កំពុង​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ដោះស្រាយ​ស្ថានការណ៍​នេះ​។ លោក​ក៏បាន​ព្រមាន​ថា រលក​កម្ដៅ​ដ៏​អាក្រក់​នេះ ក៏​កំពុង​ធ្វើឱ្យប៉ះពាល់​ដល់​បណ្តាញ​ថាមពល​អគ្គិសនី​ផងដែរ ហើយ​បាន​សុំឱ្យ​ជនជាតិ​ក្រិ​ក ព្យាយាម​កំណត់​ការប្រើប្រាស់​ថាមពល​អគ្គិសនី​របស់​ពួកគេ នៅពេល​រសៀល និង​ពេលយប់​។​

 

​គួរ​បញ្ជាក់ថា បើតាម​អនុរដ្ឋមន្ត្រី​ការពារ​ស៊ីវិល លោក នី​កូ​ស (Nikos Hardalias) បានឱ្យដឹងថា គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២១​នេះ មាន​ភ្លើង​ឆេះ​ព្រៃ​ចំនួន ១,៥៨៤​កន្លែង​ដែល​កើតឡើង​នៅ​ទូទាំងប្រទេស​ក្រិ​ក ខណៈ​បើ​ប្រៀបធៀប​ទៅនឹង​កាលពី​ឆ្នាំ​២០១៩ មានតែ ៩៥៣​កន្លែង​ប៉ុណ្ណោះ​។ ដូច្នេះ​យើង​លែង​និយាយ​អំពី​ការ​បម្រែបម្រួល​អាកាសធាតុ​ទៀតហើយ ប៉ុន្តែ​យើង​និយាយ​អំពី​ការគំរាមកំហែង​ពី​អាកាសធាតុ​វិញ​ម្ដង​៕

រលក​កម្តៅ​នៅ​ក្រិ​ក ឡើងដល់​៤៥​អង្សារ បំផ្លាញ​ព្រៃឈើ​៣០០០​ហិកតា​
រលក​កម្តៅ​នៅ​ក្រិ​ក ឡើងដល់​៤៥​អង្សារ បំផ្លាញ​ព្រៃឈើ​៣០០០​ហិកតា​
រលក​កម្តៅ​នៅ​ក្រិ​ក ឡើងដល់​៤៥​អង្សារ បំផ្លាញ​ព្រៃឈើ​៣០០០​ហិកតា​
រលក​កម្តៅ​នៅ​ក្រិ​ក ឡើងដល់​៤៥​អង្សារ បំផ្លាញ​ព្រៃឈើ​៣០០០​ហិកតា​
រលក​កម្តៅ​នៅ​ក្រិ​ក ឡើងដល់​៤៥​អង្សារ បំផ្លាញ​ព្រៃឈើ​៣០០០​ហិកតា​
រលក​កម្តៅ​នៅ​ក្រិ​ក ឡើងដល់​៤៥​អង្សារ បំផ្លាញ​ព្រៃឈើ​៣០០០​ហិកតា​

PLB Banner on article detail

អត្ថបទពេញនិយម