ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ទូទាំងប្រទេស ទាមទារ​ឱ្យ​ដោះលែង​លោកស្រី អ៊ុង សាន ស៊ូ​ជី

ថ្ងៃច័ន្ទ 8 កុម្ភៈ 2021, 10:34

​មី​យ៉ាន់​ម៉ា ៖ ពលរដ្ឋ​មី​យ៉ាន់​ម៉ា​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃអាទិត្យ​ដើម្បី​ប្រឆាំងនឹង​ការធ្វើ​រដ្ឋប្រហារ​កាលពី​សប្តាហ៍​មុន និង​ទាមទារ​ឱ្យមាន​ការដោះលែង​មេដឹកនាំ​ដែល​ជាប់ឆ្នោត​លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅក្នុង​ការតវ៉ា​ដ៏​ធំ​បំផុត​ចាប់តាំងពី​បដិវត្ត Saffron ឆ្នាំ​២០០៧ ដែល​បាន​ជួយ​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​លទ្ធិប្រជាធិបតេយ្យ​។ នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន Reuters​។​

 

​នៅ​ថ្ងៃទី​២​នៃ​ការតវ៉ា​ហ្វូងមនុស្ស​បាន​ប្រមូល​ផ្ដុំគ្នា​នៅក្នុង​ទីក្រុង​ធំ យ៉ាំង​ហ្គោ​ន​បាន​ពាក់អាវ​ពណ៌​ក្រហម​កាន់​ទង់​ក្រហម​និង​ប៉េងប៉ោង​ពណ៌​ក្រហម ដែល​តំណាង​ឲ្យ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​របស់​លោកស្រី ស៊ូ​ជី​។​

 

​ក្រុមអ្នកតវ៉ា​បាន​ស្រែកថា យើង​មិន​ចង់បាន​របប​ផ្តាច់ការ​យោធា​ទេ​! យើង​ចង់បាន​ប្រជាធិបតេយ្យ​! ។​

 

​ហ្វូងមនុស្ស​យ៉ាងច្រើន​កុះករ​មកពី​គ្រប់​តំបន់​នៃ​ទីក្រុង​យ៉ាំង​ហ្គោ​ន​បាន​ប្រមូល​ផ្តុំគ្នា​នៅតាម​ទីប្រជុំជន​តាម​ដងផ្លូវ​នានា​នៅពេលដែល​ពួកគេ​ធ្វើដំណើរ​ឆ្ពោះទៅ​វត្ត Sule នៅ​ទីក្រុង​នេះ ដែល​ក៏​ជា​ចំណុច​ប្រមូល​ផ្ដុំគ្នា​ក្នុងអំឡុង​បាតុកម្ម​ដែល​ដឹកនាំ​ដោយ​ព្រះសង្ឃ​ពុទ្ធសាសនា​កាលពី​ឆ្នាំ​២០០៧​និង​បាតុកម្ម​ផ្សេងទៀត​ក្នុង​ឆ្នាំ​១៩៨៨​ផងដែរ​។​

 

​ក្រុមប៉ូលិស​ប្រដាប់អាវុធ​ដែលមាន​ខែល​ការពារ​បានដាក់​របាំង ប៉ុន្តែ​មិនបាន​ព្យាយាម​បញ្ឈប់​បាតុកម្ម​ទេ​។ អ្នក​ហែ​ក្បួន​ខ្លះ​បានប្រគល់​ផ្កា​ទៅ​ឲ្យ​ប៉ូលិស​។​

 

​ក្រុមអ្នកតវ៉ា​បានបង្ហាញ​កាយវិការ​ដោយ​ប្រើ​ម្រាមដៃ​បី​ដែលជា​និមិត្តរូប​នៃ​ការតវ៉ា​ប្រឆាំងនឹង​រដ្ឋប្រហារ​។ អ្នកបើកបរ​បាន​ចុច​ស៊ី​ផ្លេ​ឡាន​ម៉ូតូ​របស់​ពួកគេ ចំណែក​អ្នកដើរ​បាន​កាន់​រូបថត​លោកស្រី​ស៊ូ​ជី​។​

 

​បុគ្គលិក​អង្គការសហប្រជាជាតិ​បាន​ប៉ាន់​ស្មានថា មាន​មនុស្ស​១,០០០​នាក់​បាន​ចូលរួម​ការតវ៉ា​ក្នុង​ទីក្រុង​ណៃ​ពិដោ ខណៈ​មាន​៦​ម៉ឺន​នាក់​នៅ​ទីក្រុង យ៉ាំង​ហ្គោ​ន​។ ការតវ៉ា​ត្រូវបាន​គេ​រាយការណ៍​នៅក្នុង​ទីក្រុង​ទី​២ Mandalay ព្រមទាំង​ទីប្រជុំជន និង​ភូមិ​ជាច្រើន​នៅ​ទូទាំងប្រទេស​។​

 

​ក្រុមអ្នកតវ៉ា​ក្នុង​ទីក្រុង​យ៉ាំង​ហ្គោ​ន​បាន​បំបែក​គ្នា​នៅពេល​យប់ ដោយ​និយាយថា ពួកគេ​នឹង​វិលត្រឡប់​មកវិញ​ប្រសិនបើ​ការទាមទារ​របស់​ពួកគេ​មិន​ត្រូវបាន​ឆ្លើយតប​ទេនោះ​។ ការធ្វើ​បាតុកម្ម​នេះ​ភាគច្រើន​មាន​លក្ខណៈ​អហិង្សា មិន​ដូច​ការបង្ក្រាប​បង្ហូរឈាម​កាលពី​ឆ្នាំ​១៩៩៨​និង​២០០៧​ទេ​៕

 

ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ទូទាំងប្រទេស ទាមទារ​ឱ្យ​ដោះលែង​លោកស្រី អ៊ុង សាន ស៊ូ​ជី
ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ទូទាំងប្រទេស ទាមទារ​ឱ្យ​ដោះលែង​លោកស្រី អ៊ុង សាន ស៊ូ​ជី
ពលរដ្ឋ​មី​យ៉ាន់​ម៉ា​ធ្វើបាតុកម្ម​ទ្រង់ទ្រាយ​ទូទាំងប្រទេស ទាមទារ​ឱ្យ​ដោះលែង​លោកស្រី អ៊ុង សាន ស៊ូ​ជី

PLB Banner on article detail