ក្រសួង​អប់រំ ណែនាំ​ពី​ដំណើរការ​រៀនសូត្រ និង​ការ​បំប៉ន​ត្រៀមប្រឡង របស់​សិស្ស​ថ្នាក់​ទី​១២

ថ្ងៃអង្គារ 1 ធ្នូ 2020, 11:48

​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ ស្តីពី​ការណែនាំ​ដល់​ដំណើរការ​រៀនសូត្រ របស់​សិស្ស​ថ្នាក់​ទី​១២ និង​ការ​បំប៉ន​ត្រៀមប្រឡង នៅតាម​ខេត្ត​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ «​សហគមន៍​២៨ វិច្ឆិកា​» ។​

 

​សេចក្តីជូនដំណឹង​រប​ស់​ក្រសួង​អប់រំ បញ្ជាក់ថា ដើម្បី​ចៀសវាង​ការឆ្លង​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សាលារៀន និង​រីក​រាលដាល​ក្នុង​សហគមន៍ ក្រោយ​ព្រឹត្តិការណ៍​២៨ វិច្ឆិកា និង​ដើម្បី​បង្កលក្ខណៈ​ឱ្យ​សិស្ស​ថ្នាក់​ទី​១២ អាច​រៀនសូត្រ​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២១ ធ្នូ ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា​សូម​ធ្វើ​ការណែនាំ ដូចខាងក្រោម​៖

 

១៖ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា ត្រូវ​វាយតម្លៃ​ហានិភ័យ​នៃ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ដើម្បី​ផ្អាក​ការរៀនសូត្រ និង​ស្នើសុំ​យោបល់​ពី​ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត ។​

 

២៖ ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត មាន​សិទ្ធិ​ក្នុងការ​សម្រេច អំពី​ការផ្អាក​ការសិក្សា នៅតាម​តំបន់ ទី​រួម​ខេត្ត និង​ទីប្រជុំជន​

 

​ក​៖ ចំពោះ​ទីកន្លែង​ដែលមាន​ហានិភ័យ ត្រូវ​ផ្អាក​ការរៀនសូត្រ​របស់​សិស្ស​ថ្នាក់​ទី​១២ ប៉ុន្តែ​ត្រូវ​បន្ត​ការ​បំប៉ន​ត្រៀមប្រឡង ដោយ​អនុវត្ត​ស្វ័យ​សិក្សា និង​រៀន​តាម​បណ្ដុំ​តូចៗ​

 

​ខ​៖ ចំពោះ​ទីកន្លែង​ដែល​គ្មាន​ហានិភ័យ ត្រូវ​បន្ត​ការរៀនសូត្រ​របស់​សិស្ស​ថ្នាក់​ទី ១២ និង​ការ​បំប៉ន​ត្រៀមប្រឡង​៕

ក្រសួង​អប់រំ ណែនាំ​ពី​ដំណើរការ​រៀនសូត្រ និង​ការ​បំប៉ន​ត្រៀមប្រឡង របស់​សិស្ស​ថ្នាក់​ទី​១២
ក្រសួង​អប់រំ ណែនាំ​ពី​ដំណើរការ​រៀនសូត្រ និង​ការ​បំប៉ន​ត្រៀមប្រឡង របស់​សិស្ស​ថ្នាក់​ទី​១២

PLB Banner on article detail