សម្តេច​តេ​ជោ ក្រើនរំលឹក​ជាថ្មី ពី​ការប្រុងប្រយ័ត្ន​ជំងឺ​កូ​វីដ​១៩

ថ្ងៃសុក្រ 19 មិថុនា 2020, 11:10

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ នេះ បាន​ថ្លែង​នៅលើ​គេហទំព័រ​ហ្វេ​ស​បុក​របស់​សម្តេច ដោយបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា បន្ត​ការបង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​ជំងឺ​កូ​វីដ​១៩​។

 

​សម្តេច​តេ​ជោ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖

 

​មកទល់ពេលនេះ​ស្ថានការណ៍​នៃ​ជំងឺ​កូ​វីដ​-១៩ ដែលជា​ជំងឺឆ្លង​រាតត្បាត​ដ៏​កាច​សាហាវ គឺ​នៅតែ​ជា​ក្តី​ព្រួយបារម្ភ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​។ មកទល់​ថ្ងៃ​នេះដែរ ក៏​មិនទាន់មាន​ថ្នាំ​ព្យាបាល​កូ​វីដ​-១៩ នៅឡើយ​ទេ​។ ជាង​២១៦​ប្រទេស គឺ​ចំនួន​អ្នក​ឆ្លង​រោគ​កូ​វីដ​-១៩ បាន​កើន​ឡើងជា​បន្តបន្ទាប់រ​ហូត​ដល់ 8,242,999 ដែលមាន​អ្នកស្លាប់​រហូតដល់ 445,535 នាក់​។​

 

​ថ្មីៗ​នេះ នៅ​កម្ពុជា​យើង​ក៏មាន​អ្នក​ឆ្លង​រោគ​កូ​វីដ​-១៩ ថ្មី​២​នាក់​មកពី​ឥណ្ឌូនេស៊ី និង​១​នាក់​ទៀត​មកពី​ម៉ាឡេស៊ី ដែល​សរុបមក​ប្រទេស​យើង​មាន​អ្នក​ឆ្លង​១២៩​នាក់ ដែល​ព្យាបាល​ជាសះស្បើយ ១២៦​នាក់ និង​៣​នាក់​កំពុង​សម្រាក​ព្យាបាល​។​


 
​សូម​បងប្អូន​ប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន​គ្រប់ពេល ទោះបី​នៅក្នុង​ទីក្រុង ឬ​នៅតាម​ជនបទ​ស្រុក​ស្រែចំការ​គឺ​ត្រូវមាន​ម៉ាស​ពាក់​ការពារ ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​ទឹក​អាល់កុល ឬ​ចឹ​ល​សម្លាប់​មេរោគ​អោយបាន​ជាប្រចាំ​។ ចំពោះ​ទីកន្លែង​ប្រមូលផ្តុំ​ដែលមាន​មនុស្ស​ច្រើន​ដូចជា​ផ្សារ ផ្សារ​ទំនើប ភោជនីយដ្ឋាន ហាង​កាហ្វេ តូប​លក់ដូរ ហាង​លក់ទំនិញ ជាពិសេស​មន្ទីរ​ព្យាបាល និង​មន្ទីរពេទ្យ​ទាំង​រដ្ឋ​និង​ឯកជន​ត្រូវតែមាន​ម៉ាស ទឹក​អាល់កុល ឬ​ចឹ​ល​ដើម្បីអោយ​ពលរដ្ឋ​ប្រើប្រាស់​ការពារ​កុំអោយ​មានការ​ចម្លងរោគ​កូ​វីដ​-១៩​ពី​ម្នាក់​ទៅ​ម្នាក់​។ ព្រោះ​ជំងឺ​នេះ​យើង​មើលមិនឃើញ​ទេ ហើយ​ងាយ​ឆ្លង​រាលដាល​លឿន​ណាស់​។​

 

​សូម​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​យកចិត្តទុកដាក់​ការពារ​ខ្លូន និង​ការពារ​សមាជិក​ក្នុង​ក្រុមគ្រួសារ​ដើម្បី​សុវត្ថិភាព​៕​

សម្តេច​តេ​ជោ ក្រើនរំលឹក​ជាថ្មី ពី​ការប្រុងប្រយ័ត្ន​ជំងឺ​កូ​វីដ​១៩

PLB Banner on article detail

អត្ថបទពេញនិយម