ស្ពាន​អាកាស​ក្បាលថ្នល់​គ្រោង​នឹង​សាងសង់​រួច​នៅ​ចុងខែ​តុលា​ ​ឆ្នាំនេះ​

ថ្ងៃពុធ 4 កញ្ញា 2019, 19:14

​(​ភ្នំពេញ​)​៖​ ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ពន្លឿន​ការស្ថាបនា​គម្រោង​សាងសង់​ស្ពាន​អាកាស​ក្បាលថ្នល់​តភ្ជាប់​ពី​មហាវិថី​ព្រះ​មន្នី​វង្ស​ ​មក​មហាវិថី​ព្រះ​នរោត្តម​ឲ្យ​បាន​រួចរាល់​នៅ​ចុងខែ​តុលា​ខាងមុខ​ ​ដើម្បី​អាច​ដាក់ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ចរាចរណ៍​ ​បាន​នៅ​ចុងឆ្នាំ២០១៩នេះ​។​

​ប្រធានមន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​ថា​ ​មកដល់ពេលនេះ​ ​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​ក្បាលថ្នល់​ ​ដែល​តភ្ជាប់​ពី​មហាវិថី​ព្រះ​មន្នី​វង្ស​ ​មក​មហាវិថី​ព្រះ​នរោត្តម​បាន​សាងសង់​ជិត​រួចរាល់​ហើយ​ ​ខណៈ​ដែល​ក្រុមការងារ​ជំនាញ​នឹង​ ​សម្រុក​ធ្វើឲ្យ​ហើយ​ ​នៅ​ចុងខែ​តុលា​ខាងមុខនេះ​។​

ស្ពាន​អាកាស​ក្បាលថ្នល់​គ្រោង​នឹង​សាងសង់​រួច​នៅ​ចុងខែ​តុលា​ ​ឆ្នាំនេះ​

លោក​ ​សាំ​ ​ពិសិដ្ឋ​ ​ប្រធានមន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ ​ចាប់ពី​ថ្ងៃទី៣​ ​ខែកញ្ញា​ឆ្នាំ២០១៩តទៅ​ ​ការដ្ឋាន​ស្ពាន​អាកាស​ក្បាលថ្នល់​ ​នឹង​ចាប់ផ្តើម​តម្លើង​ពុម្ព​ដែក​កម្រាល​តួ​ស្ពាន​ ​ដែល​មាន​កំពស់​ពី​កម្រាល​កៅស៊ូ​ថ្នល់៤ម៉ែត្រ​ ​ហើយ​ដើម្បី​សុវត្ថិភាព​ ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកបើកបរ​យានយន្ត​ទាំងអស់​មិន​ត្រូវ​ដឹកទំនិញ​នៅ​ក្រោម​ស្ពាន​ ​លើស​កំពស់៤ឡើយ​ ​។​ ​លោក​ប្រធានមន្ទីរ​បាន​អៈអាង​ថា​ ​គម្រោង​ស្ថាបនា​ស្ពាន​អាកាស​នេះ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ចរាចរ​ ​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មន្នី​វង្ស​និង​ផ្លូវ​ព្រះ​នរោត្តម​ជាពិសេស​តំបន់​ក្បាលថ្នល់​ដែល​កំពុង​ ​ប្រឈម​ដោយ​ការ​កកស្ទះ​ជា​ ​រៀងរាល់ថ្ងៃ​ ​បើ​ទោះបី​មាន​ស្ពាន​អាកាស​រួចហើយ​ក៏ដោយ​។​លោក​បន្ត​ថា​ ​តាម​គម្រោង​ស្ពាន​អាកាស​ក្បាលថ្នល់​ពី​មហាវិថី​ ​ព្រះមុនីវង្ស​ទៅ​វិថី​ព្រះ​រោ​ត្ត​មនេះ​ ​មាន​ប្រវែង​សរុប២០០ម៉ែត្រ​ ​ទទឹង​ ​៧ម៉ែត្រ​កន្លះ​។​

​លោក​ ​សាំ​ ​ពិសិដ្ឋ​ ​បាន​បញ្ជាក់​ផង​ដែរ​ថា​ ​ក្រុមការងារ​និង​ខិតខំ​ស្ថាបនា​ស្ពាន​អាកាស​នេះ​ ​អោយ​ហើយ​នៅ​ចុងខែ​តុលា​ ​២០១៩នេះ​ ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​ ​ដើម្បី​អាច​ដាក់​ដំណើរការ​អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​នៅ​ចុងឆ្នាំ២០១៩នេះ​ ​ខណៈ​ដែល​ស្ពាន​អាកាស​ក្បាលថ្នល់​ចាស់​ ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​មិនទាន់​បាន​ល្អ​ប្រសើរ​នូវ​ឡើយ​នោះ​។​

​គួរ​រំលឹក​ថា​ ​បច្ចុប្បន្ន​នេះ​នៅក្នុង​រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ចំនួន៦​ ​កន្លែង​ ​គឺ​ស្ពាន​អា​ក​កាស​ក្បាលថ្នល់​ ​ស្ពាន​អាកាស​ ​ស្ទឹងមានជ័យ​ ​ស្ពាន​អាកាស៧មករា​ ​ស្ពាន​អាកាស៥មករា​ ​ស្ពាន​អា​កា​សស្តុប​ផ្សារ​ដី​ហុយ​ ​ខណៈ​ស្ពាន​អាកាស​ចោមចៅ​ ​និង​ផ្លូវ​ក្រោម​ដី​ចោមចៅ​ ​ក្រុមការងារ​បាន​នឹង​កំ​ពុង់​ខិតខំ​ស្ថាបនា​យ៉ាង​មមាញឹក​៕​

PLB Banner on article detail