ក្រសួងទេសចរណ៍ គ្រោង​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ នា​ចុង​ឆ្នាំនេះ

ថ្ងៃសុក្រ 19 មិថុនា 2020, 9:3

​ក្រសួងទេសចរណ៍ គ្រោង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ នៅ​ចុងឆ្នាំ ២០២០ នេះ ប្រសិនបើ​ស្ថានភាព​ជំងឺ​កូ​វីដ ១៩ បាន​ធូរស្រាល​។ នេះ​បើតាម​ការលើកឡើង​ដោយ​ឯកឧត្តម​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ កាលពីពេល​ថ្មីៗ​នេះ ក្នុងឱកាស​ចុះ​ពិនិត្យ​ទីតាំង​មួយចំនួន ដើម្បី​ដាក់​ផែនការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​។​

 

​ឯកឧត្តម បាន​លើកឡើងថា ក្នុងករណី​ដែល​សភាព​ការ​កូ​វីដ​បាន​ធូរស្រាល ហើយ​រដ្ឋាភិបាល​អនុញ្ញាត ក្រសួងទេសចរណ៍​គ្រោង​កំណត់​យក​ការរៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី ៩ នៅ​ខេត្ត​ព្រះសីហនុ​នា​ចុងឆ្នាំ​នេះ ជា​យុទ្ធនាការ​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ និង​ធានាបាន​សុវត្ថិភាព​ទេសចរណ៍​ដើម្បី​ផ្សព្វផ្សាយ​ទៅកាន់​ទីផ្សារ​ទេសចរណ៍​អន្តរជាតិ​ថា កម្ពុជា​នៅតែ​ជា​គោលដៅ​ទេសចរណ៍​មាន​សុវត្ថិភាព និង​មាន​គុណភាព​សេវាកម្ម​ទេសចរណ៍​ល្អប្រសើរ​ជាង​មុន​។​

 

​មន្ត្រី​នាំពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក ឃាង ភារ​ម្យ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា កម្មវិធី​បុណ្យ​សមុទ្រ​ឆ្នាំនេះ គ្រោង​នឹង​រៀបចំ​ពិព័រណ៍​នៅ​រង្វង់​មូល​ព្រះថោង​នាងនាគ​ស្ថិតក្នុង​ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខណៈ​តំបន់ឆ្នេរ​សមុទ្រ​សាធារណៈ​ប្រវែង​ជាង ៩ គីឡូម៉ែត្រ​នឹង​ទុកជា​តំបន់​ទំនេរ ដើម្បីឱ្យ​ពលរដ្ឋ​ធ្វើដំណើរ​ចេញពី​កន្លែង​រៀបចំ​ពិធីបុណ្យ​សមុទ្រ​មកលេង​កម្សាន្ត​លើ​ឆ្នេរ​ទាំងអស់​៕​

ក្រសួងទេសចរណ៍ គ្រោង​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ នា​ចុង​ឆ្នាំនេះ
ក្រសួងទេសចរណ៍ គ្រោង​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ នា​ចុង​ឆ្នាំនេះ
ក្រសួងទេសចរណ៍ គ្រោង​រៀបចំ​បុណ្យ​សមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ នា​ចុង​ឆ្នាំនេះ

PLB Banner on article detail