រដ្ឋមន្ត្រី​កសិកម្ម ព្រមាន​អ្នក​បំផុស​ព័ត៌មាន​មិន​ពិត ពី​តម្លៃ​ជ្រូក​លើ​ទីផ្សារ​

ថ្ងៃសុក្រ 19 មិថុនា 2020, 8:27

​ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​កសិករ​ជា​អ្នក​ចិញ្ចឹមសត្វ អា​ជីករ​កាប់សាច់​លក់​និង​លក់​សាច់ ហើយ​និង​ប្រជាជន​ជា​អ្នកទិញ​ទទួលទាន ទាំងអស់ ដែល​បាន​ចូលរួម​ផ្តល់​ជា​យោបល់ មកដល់​ខ្ញុំ ស្តីពី​តម្លៃ​សត្វ​រស់ និង​តម្លៃ​លក់​សាច់សត្វ នៅលើ​ទីផ្សារ នាពេល​បច្ចុប្បន្ន​»​។ នេះ​ជាការ​លើក​ឡើងលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៧ ខែមិថុនា កន្លងទៅ​។​

 

​ឯកឧត្តម វេ​ង សាខុន បាន​បញ្ជាក់ថា ក្រសួង​នឹង​ប្រមូល​មតិយោបល់​ទាំងអស់​មក​ពិនិត្យ​ពិចារណា និង​ដោះស្រាយ​ឲ្យ​ទទួលយកបាន​ទាំងអស់គ្នា ដោយ​ឈរលើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុងដំណាក់កាល​ដ៏​លំបាក​នៃ​ការស្តារ​ការចិញ្ចឹម​សត្វ​ជ្រូក​ក្រោយពេល​នៃ​ការ​ប្រឈម​ជម្ងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កន្លងមក និង​ការរីក​រាលដាល​សកល នៃ​មេរោគ​កូ​វិដ ១៩ នាពេល​បច្ចុប្បន្ន​។​

 

​បើតាម​ឯកឧត្តម វេ​ង សាខុន ដោយយោង​តាម​សេចក្តីរាយការណ៍​របស់​លោក​ឧកញ៉ា ប៊ុត ចាន់ធូ ដែលជា​ក្រុមហ៊ុន​នាំ​ជ្រូក​រស់​ពី​ប្រទេស​ថៃ​មក​កម្ពុជា ក្នុងចំណោម​ក្រុមហ៊ុន​ទាំង​ប្រាំមួយ ដែល​ក្រសួង​បានផ្តល់​លិខិតអនុញ្ញាត​ឲ្យ​នាំចូល​ជ្រូក​រស់ បាន​ឲ្យ​ដឹងថា​៖ តម្លៃ​ជ្រូក​រស់​មកដល់​ព្រំដែន​កម្ពុជា ថៃ​គឺ ៨១ បាត​ថៃ ស្មើនឹង ១០ ៦៥១ រៀល​/​គ​ក្រ ហើយ​ត្រូវ​បង់​ពន្ធគយ​នាំចូល​ចំនួន ៤៤ ២០០ រៀល​/​ក្បាល ក្នុង​ទម្ងន់ ៦០ គ​ក្រ គិត​នៅ​ថ្ងៃទី​១៧ ខែ​កុ​ម្ភះ ឆ្នាំ​២០២០​។ ដូច្នេះ​ជ្រូក​រស់ក្នុង​មួយ​គីឡូក្រាម មានតម្លៃ ១១ ៣៨៧ រៀល ទៅហើយ មិនទាន់​គិតថ្លៃ​ដឹកជញ្ជូន មកកាន់​គោលដៅ​ផង​។

 

​ប្រភពពី​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ដដែល​បាន​បញ្ជាក់ថា កន្លងមក​ក្រសួង​មាន​ភាព​អត់ធ្មត់​ណាស់​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​ក្រសួង​នៅតែ​ពិនិត្យឃើញថា នៅតែមាន​បុគ្គល​មួយចំនួន នាពេល​ថ្មីៗ​នេះ នៅតែ​ចិញ្ចឹមចិត្ត​បន្ត​ខិតខំ​បំផុស​យក​ពត៌មាន​មិន​ពិត​មក​ចុះផ្សាយ​ថា​តម្លៃ​ជ្រូក​រស់នៅ​ព្រំដែន​ថៃ មានតម្លៃ​តែ ៧៧ បាត នាពេល​បច្ចុប្បន្ន តែ​នេះ​ជា​តម្លៃ​កាល​ជាង​ពីរ​សប្តាហ៍​កន្លងទៅ​។ លើសពីនេះ គឺ​គេ​បាន​ខិតខំ​បញ្ចេញមតិ​យ៉ាង​ងងើល​ដោយ​មិនបាន​ខិតខំ​ស្វែងយល់​អ្វី​ទាំងអស់ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​មកលើ​សមត្ថកិច្ច​ជំនាញ មិនគួរ​អត់អោន​ឲ្យ​បាន​៕​

 

រដ្ឋមន្ត្រី​កសិកម្ម ព្រមាន​អ្នក​បំផុស​ព័ត៌មាន​មិន​ពិត ពី​តម្លៃ​ជ្រូក​លើ​ទីផ្សារ​
រដ្ឋមន្ត្រី​កសិកម្ម ព្រមាន​អ្នក​បំផុស​ព័ត៌មាន​មិន​ពិត ពី​តម្លៃ​ជ្រូក​លើ​ទីផ្សារ​
រដ្ឋមន្ត្រី​កសិកម្ម ព្រមាន​អ្នក​បំផុស​ព័ត៌មាន​មិន​ពិត ពី​តម្លៃ​ជ្រូក​លើ​ទីផ្សារ​

PLB Banner on article detail