ស្រវឹងស្រាវង្វេងស្មារតី​ អូសដៃស្រីចូលបន្ទប់ទឹក​

ថ្ងៃសុក្រ 19 មិថុនា 2020, 6:56

ខេត្តបាត់ដំបង: យោងតាមរបាយការណ៍ពីមន្ត្រីនគរបាលស្រុកមោងឫស្សីបានអោយដឹងថា បុរសជាជនសង្ស័យម្នាក់ត្រូវបានម្ចាស់អាហារដ្ឋានប្តឹងអោយសមត្ថកិច្ចចាប់ខ្លួន ក្រោយធ្វើសកម្មភាពអូសដៃកូនស្រីខ្លួនចូលក្នុងបន្ទប់ទឹកប្រុងចាប់រំលោភតែមិនបានសម្រេច។

 

របាយការណ៍ដដែលបានអោយដឹងថា ក្នុងការឃាត់ខ្លួនខាងលើនេះធ្វើឡើងនៅវេលាម៉ោង ១០និង៣៦នាទីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ តាមការបញ្ជារបស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ដែលជនសង្ស័យមានឈ្មោះ សុង ប៊ុនលឿន ហៅ ចិន ភេទ ប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដោយចោទពីបទ ប្រទូស្តកេរខ្មាស។

 

 តាមការបញ្ជាក់ពីឈ្មោះ ឌីណា លីហ្សា ភេទស្រី អាយុ ១៥ឆ្នាំ ជាជនរងគ្រោះ រស់នៅក្នុងក្រុមទី០១ ភូមិរ៉ា ឃុំមោង ស្រុកមោងឫស្សី ត្រូវជាកូនបង្កើតម្ចាស់អាហារដ្ឋានយីហោ Happy 88(ហេបភី88)បានរៀបរាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ២០និង៣០នាទី ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០​ ជនសង្ស័យខាងលើបានមកផឹកស៊ីនៅហាងរបស់ខ្លួន  លុះក្រោយមកទំនងជាស្រវឹង នៅពេលឃើញខ្លួនដើរកាត់ ក៏ស្ទុះមកចាប់អូសដៃចូលក្នុងបន្ទប់ទឹករួចធ្វើសកម្មភាពចាប់ ឱបថើបតែត្រូវនាងស្រែកផ្អើលអោយគេជួយ ទើបបុរសជាជនសង្ស័យដោះលេងបានរួចខ្លួនវិញ។

 

ក្រោយពេលកើតហេតុ ខ្លួននិងក្រុមគ្រួសារបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ទើបនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ សមត្ថកិច្ចឈានទៅដល់ការចាប់ឃាត់ខ្លួនយកមកសាកសួរ និងកសាងសំណុំរឿងបញ្ជូនបន្តភ្លាមៗមកកាន់ការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី។

ស្រវឹងស្រាវង្វេងស្មារតី​ អូសដៃស្រីចូលបន្ទប់ទឹក​

PLB Banner on article detail