សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា ស្នើ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជួយកែលម្អ​ឈុតឆាក​កំប្លែង​​ ប៉ះពាល់​ដល់​រូបភាព​នគរបាលជាតិ​

ថ្ងៃពុធ 17 មិថុនា 2020, 11:20

​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ នេះ បាន​ផ្ញើលិខិត​ផ្លូវការ​មួយ​ជូន​ដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដោយ​សំណូមពរ​ឱ្យជួយ​ពិនិត្យ​កែលម្អ​ដល់​ស្ថានីយទូរទស្សន៍ និង​សិល្បករ​មួយចំនួន ដែល​បាន​និពន្ធ និង​ដឹកនាំ​ការសម្ដែង​ឈុត​វីដេអូ​កំប្លែង​ខ្លីៗ ដែលមាន​ផលប៉ះពាល់​ពាក់ព័ន្ធ​ទៅនឹង​រូប​ភាពជា​មន្ត្រីនគរបាល​ជាតិ​។​

 


​លិខិត​របស់​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា បាន​លើកឡើងថា ​មួយរយៈ​កន្លងមកនេះ​ជាពិសេស​ស្ថិតក្នុង​ស្ថានភាព​ដែល​ក្រសួងមហាផ្ទៃ បាន​នឹង​កំពុង​ធ្វើ​យុទ្ធនា​ការពង្រឹង ការអនុវត្ត​ច្បាប់​ចរាចរណ៍ សមាគម​មិត្ត នគរបាលជាតិ​កម្ពុជា បាន​ពិនិត្យ និង​សង្កេតឃើញថា មាន​ស្ថានីយទូរទស្សន៍ ក៏ដូចជា​សិល្បករ​មួយចំនួន​បាន​ផលិត ជា​ខ្សែ​វីដេអូ​កំប្លែង​ខ្លី ដោយ​ឈុត​សាច់រឿង​ខ្លះ បាន​សម្ដែង​ជា​តួអង្គ​មន្ត្រី​នគរបាលជាតិ ដែល​មានការ​ស្លៀកពាក់ ឯកសណ្ឋាន​មិនបាន​ត្រឹមត្រូវ និង​មិន​គ្រប់គ្រាន់​សញ្ញា​សម្គាល់ ផ្អែក​តាម​បទដ្ឋាន ស្ដីពី​ឯកសណ្ឋាន និង​ស្លាក​សញ្ញា​មន្ត្រី នគរបាលជាតិ​ដែល​បានកំណត់ ហើយ​តួអង្គ​នគរបាល​មាន​សក់វែង និង​បាន​ប្រើពាក្យ​សំដី​ខ្លះ​មិន​សមរម្យ​ទៅនឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់ មន្ត្រី​នគរបាលជាតិ​ទៀតផង​។​

 

​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា បាន​សំណូមពរ​ដល់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន មេត្តា​ពិនិត្យ និង​ជួយ​សម្រួល​ចាត់វិធានការ​កែលម្អ​ដល់​ស្ថានីយទូរទស្សន៍ ក៏ដូចជា​ក្រុម​សិល្បករ​ដែលមាន ចំណុច​ខ្វះខាត​តាម​ការគួរ​៕

សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា ស្នើ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជួយកែលម្អ​ឈុតឆាក​កំប្លែង​​ ប៉ះពាល់​ដល់​រូបភាព​នគរបាលជាតិ​

PLB Banner on article detail

អត្ថបទពេញនិយម