ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្ងាពោះនៅកណ្តាលវាលស្រែ ដោយភ្ជាប់ជាមួយនឹងឧបករណ៍ឆក់ត្រីមួយឈុតនៅវេលាម៉ោង ១២និង០០នាទី ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ នៅចំណុចវាលស្រែមួយកន្លែងស្ថិតក្នុងក្រុមទី១៤ ភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។
សមត្ថកិច្ចបានអោយដឹងថា ក្រោយទទួលបានពត៌មាន ខាងនគរបាលផ្នែកជំនាញបានចុះដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងពិនិត្យឃើញថា សពជនរងគ្រោះមានឈ្មោះ ញ៉ សុធន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិគ្រួស ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយសាកសពដេកផ្ងាពោះ ហើយនៅពីក្រោយខ្នងមានអាគុយ១និងអំភ្លី១ ចាប់ជាប់គ្នាដោយដៃទាំងពីកាន់ដងកឺជាប់ ហើយនៅចុងដងកឺកាន់ដៃខាងស្តាំមានរុំចងដែកមកប៉ះជាប់កខាងស្តាំ និងមានស្នាមឆេះខ្លោចមួយកន្លែងផងដែរ ដែលអាចសន្និដ្ឋានបានថា÷សាកសពបានធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ឆក់ ហើយអាចដើរផ្លាតជើងដួលទើបបណ្តាលអោយឆក់ស្លាប់តែម្តង។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់ហើយសាកសពជនរងគ្រោះត្រូវបាននគរបាលជំនាញស្រុកធ្វើកំណត់ហេតុប្រគល់ឱ្យទៅក្រុមគ្រួសារយករៀបចំធ្វើបុណ្យតាមប្រពៃណី។