ឃាត់ខ្លួនក្មេងទំនើង០៥នាក់ក្រោយកាប់ទៅលើភាគីម្ខាងទៀតឲ្យរងរបួសធ្ងន់

ថ្ងៃព្រហស្បតិ៍ 23 មីនា 2023, 21:14

ខេត្តបាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំឡូត បានចុះប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនក្រុមជនក្មេងទំនើងចំនួន០៥នាក់ពាក់ព័ន្ធក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស យកកាំបិតខ្វែវកាប់ទៅលើភាគីម្ខាងទៀតអោយរងរបួសជាច្រើនកន្លែង(ធ្ងន់)។

នគរបាលជំនាញបានបញ្ជាក់ថា ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ ធ្វើឡើងក្រោយពួកគេបង្កការភ្ញាក់ផ្អើលនៅវេលាជិតម៉ោង១១និង០០នាទី ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី០១ ស្ថិតក្នុងភូមិដូនត្រិត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន /ទី១-ឈ្មោះ លន់ ចំរ៉ុង ភេទប្រុស អាយុ ១៦ឆ្នាំ, /ទី២-ឈ្មោះ ជួង មេសា ភេទប្រុស អាយុ ១៦ឆ្នាំ, /ទី៣-ឈ្មោះ ភឿន ភក្តី ភេទប្រុស អាយុ ១៨ឆ្នាំ, /ទី៤-ឈ្មោះ វ៉ន ឆវ័ន្ត ភេទប្រុស អាយុ ១៥ឆ្នាំ /និងទី៥-ឈ្មោះគឹម សុភ័ក្រ ភេទប្រុស អាយុ ១៥ឆ្នាំ។

សមត្ថកិច្ចបានបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះឈ្មោះ វុធ មករា ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិអូរស្ងួត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបងនិងជនបង្កបានជិះម៉ូតូតាមដងផ្លូវ ហើយជនបង្កទាំង ៥នាក់បានជិះជ្រេចុះជ្រេឡើង ភ្លាមនោះជនរងគ្រោះបានស្រែកថាឲ្យជិះម៉ូតូរ៉េចុះរ៉េឡើងពេញដងផ្លូវអញ្ចឹងតើគេជិះម៉េចកើត ភ្លាមនោះភាគីជនបង្កដែលមានគ្នាច្រើនបានត្រឡប់ម៉ូតូរួចសួរនាំមួយមាត់ពីរក៏បានទាញកាំបិតខ្វែវដែលដាក់ជាប់ម៉ូតូកាប់ផ្ទួនៗទៅលើជនរងគ្រោះបណ្តាលអោយរងរបួសធ្ងន់ត្រង់គល់ក  និងថ្ពាល់ខាងឆ្វេង។

ក្រោយពីឃាត់ខ្លួនសាកសួររួច ក្រុមជនសង្ស័យទាំង ៥នាក់ខាងលើត្រូវបាននគរបាលស្រុកបំពេញបែបបទបញ្ជូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ឃាត់ខ្លួនក្មេងទំនើង០៥នាក់ក្រោយកាប់ទៅលើភាគីម្ខាងទៀតឲ្យរងរបួសធ្ងន់

PLB Banner on article detail

អត្ថបទពេញនិយម