ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ជំនួបជាមួយយុវជនសេដ្ឋកិច្ចផែនក្រៅប្រព័ន្ធដែលជាវិនិយោគិនពាណិជ្ជករ អាជីវករ

ថ្ងៃសុក្រ 30 ធ្នូ 2022, 10:39

ខេត្តបាត់ដំបង៖ ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសម្ពន្ធភាពអង្គការសមាគម និងវិស័យឯកជននៅកម្ពុជា បានជំនួបជាមួយយុវជនសេដ្ឋកិច្ចផែនក្រៅប្រព័ន្ធដែលជាវិនិយោគិនពាណិជ្ជករ អាជីវករ ប្រមាណជាង ១០០០នាក់ នៅអគារមជ្ឈមណ្ឌលសុភមង្គល ស្ថិតក្នុងភូមិសាលាបាឡាត់ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង។

 

នាឱកាសនោះដែរ ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព បានមានប្រសាសន៍ដោយសម្តែងការរំភើបរីករាយយ៉ាងក្រៃលែងចំពោះវត្តមានឯកឧត្តម សុខ លូ អភិបាលខេត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចូលរួមក្នុងវេទិកាជំនួបជាមួយយុវជនសេដ្ឋកិច្ចផែនក្រៅប្រព័ន្ធ ដែលជាវិនិយោគិន ពាណិជ្ជករ អាជីវករ ផលិតក ធុរកិច្ចទីផ្សារ បណ្ដាញ វេជ្ជបណ្ឌិត ឱសថការី គិលានុបដ្ឋាក ឆ្មប ទន្តពេទ្យ អ្នកលក់ឱសថ អ្នកអភិវឌ្ឍន៍ដីធ្លីនិងសំណង់ អ្នកវាយតម្លៃ ភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារទេសចរណ៍ អ្នកបំរើសេវាកម្មនៅតាមមណ្ឌលកម្សាន្ត ក្លិប រង្គសាល ខារ៉ាអូរេឃ បៀរហ្គាឌិន ភោជនីយដ្ឋាន អាហារដ្ឋាននាពេលនេះ បង្ហាញអោយឃើញពីការយកចិត្តទ្ក្ខដាក់ និងការផ្សារភ្ជាប់មនោសញ្ចេតនាដ៏ជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំខេត្តជាមួយវិនិយោគិន ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង។

 

ឯកឧត្តមសមូហកបណ្ឌិត ឡី សុភាព បានមានប្រសាសន៍បន្ថែមថា នៅក្នុងវិស័យនីមួយៗយើងបានបង្កើតជាសមាគមចំណុះចំនួន ១៥សមាគម ហើយក្រុមប្រឹក្សាភិបាលបានត្រួតពិនិត្យជាប្រចាំរាល់របាយការណ៍សកម្មភាព និងដឹកនាំប្រជុំរៀងរាល់បីខែម្តង  ហើយថ្នាក់ដឹកនាំក្រុមប្រឹក្សាភិបាលសមាគមនៅបន្តដឹកនាំនិងផ្តល់ការគាំទ្រដល់ គណៈកម្មការប្រតិបត្តិតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសក្នុងដំណាក់កាលកូវីដ-១៩អោយមានឆន្ទះមោះមុតក្នុងការបន្តសកម្មភាពរបស់សមាគម។

 

ជាមួយគ្នានេះដែរឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានសម្តែងការសប្បាយចិត្ត និងចង់អោយបណ្តាក្រុមហ៊ុនពាក់ព័ន្ធខាងលើទាំងអស់ចងក្រងជាបណ្តុំដើម្បីងាយស្រួលធ្វើការទំនាក់ទំនងគ្នា ដើម្បីជួយគ្នាទៅវិញទៅមក ព្រោះសម្តេចក្រឡាហោម សខេង ក៏លោកយកចិត្តទុកដាក់ខ្លាំងណាស់អំពីបញ្ហាខាងលើនេះ ហើយក៏សូមផ្តាំផ្ញើអំពីការចាក់វ៉ាក់សាំង ធ្វើយ៉ាងម៉េចអោយបងប្អូនចូលរួមចាក់វ៉ាក់សាំងដូសជម្រុញអោយបានគ្រប់គ្នា ព្រោះកូវីដអត់ទាន់អស់ទេ។

 

ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ជំនួបជាមួយយុវជនសេដ្ឋកិច្ចផែនក្រៅប្រព័ន្ធដែលជាវិនិយោគិនពាណិជ្ជករ អាជីវករ

PLB Banner on article detail